រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ឯកភាពបង្កើតគោលប្រកួតប្រជែង សម្រាប់SMEsចូលទីផ្សារអាស៊ាន

17/09/2022 1:00 pm ភ្នំពេញ

ដោយ៖ អ៊ូ សុខមាន

សៀមរាប៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចទាំង១០ប្រទេសនៃតំបន់អាស៊ាន បានឯកភាពលើការបង្កើតគោលនយោបាយប្រកួតប្រជែងរួមមួយ ដើម្បីបើកឱកាសឱ្យសហគ្រាសធុនតូចនិងមធ្យម(SMEs)គ្រប់ប្រទេសចូលទីផ្សារអាស៊ាន។ គោលនយោបាយនេះ ចាំបាច់ត្រូវអនុវត្តក្រោយវិបត្តិកូវីដ-១៩នៃការស្តារសេដ្ឋកិច្ចឡើងវិញ។  នេះជាការលើកឡើងរបស់លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ។



លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា គោលនយោបាយប្រកួតប្រជែង គឺជាឯកសារសំខាន់មួយសម្រាប់បណ្តាប្រទេសអាស៊ាន ដើម្បីជំរុញវិធីសាស្រ្តអនុវត្តច្បាប់ស្តីពីកិច្ចការប្រកួតប្រជែង ដើម្បីបើកឱកាសឱ្យទៅដល់សហគ្រាសធុនតូច និងមធ្យម អាចជ្រាបចូលទីផ្សារអាស៊ាន និងពិភពលោកប្រកបដោយភាពងាយស្រួល។ 

ក្នុងសន្និសីទស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន នាល្ងាចថ្ងៃទី១៥កញ្ញាយ៉ាងដូច្នេះ លោក សុវិជាតិ បានថ្លែងដូច្នេះ៖ «គោលនយោបាយនេះ នឹងជំរុញដល់SMEនៃបណ្តាប្រទេសនីមួយៗក្នុងតំបន់ អាចអនុវត្តធុរកិច្ចរបស់ខ្លួននៅក្នុងបរិយាកាសប្រកួតប្រជែងមួយដែលមានលក្ខណៈសមធម៌ និងតម្លាភាព»។

បើតាមលោក ប៉ែន សុវិជាតិ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំងអស់ក៏បានអនុម័តគោលការណ៍មូលដ្ឋានរួមមួយ លើក្របខណ្ឌស្តីអំពីកិច្ចការប្រកួតប្រជែង ផងដែរ។  លើសពីនេះ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន បានជំរុញការអនុវត្តគោលការណ៍នេះ សម្រាប់ការចរចានៅក្នុងក្របខណ្ឌអាស៊ានទាំងមូល។ 

ជាមួយគ្នានេះ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ក៏បានសម្រេចពង្រឹងអនុវត្តលើផែនការសកម្មភាពរួម សម្រាប់កិច្ចការប្រកួតប្រជែង ដែលត្រូវអនុវត្តដល់ឆ្នាំ២០២៥។ លោក សុវិជាតិ បន្ថែមថា៖ «កិច្ចការនេះបានលើកកម្ពស់ដល់បរិយាកាសនៃការប្រកួតប្រជែងរបស់ទីផ្សារ នវានុវត្តន៍ និងជំរុញសេដ្ឋកិច្ចអាស៊ានឱ្យរីកចម្រើនប្រកបដោយថាមវន្ត»។ 

រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន មើលឃើញថា បើការអនុវត្តច្បាប់ស្តីពីកិច្ចការប្រកួតប្រជែងនេះ ប្រកបប្រសិទ្ធភាពនោះ វានឹងជួយជំរុញដល់ការអនុវត្តគោលនយោបាយសេដ្ឋកិច្ចឌីជីថលផងដែរ។ «ក្នុងនោះ ទាំងទំហំនៃការអនុវត្ត ក៏ដូចជាវិសាលភាពនៃការអនុវត្តសុទ្ធតែបានរួមចំណែកដល់ទីផ្សារឌីជីថល(Digital Market)»។ បើតាមលោក ប៉ែន សុវិជាតិ៕ 











 

ព័ត៌មានទាក់ទង