រដ្ឋមន្រ្តីកសិកម្ម ជំរុញកសិករដាំពូជស្រូវក្រអូប ដើម្បីឱ្យអឺរ៉ុបទិញអង្ករពីកម្ពុជាកាន់តែច្រើន

16/09/2022 4:00 pm បាត់ដំបង

ដោយ៖ ឈុំ ចន្ថា 

ភ្នំពេញ៖ ប្រភេទអង្ករក្រអូបកម្ពុជា កំពុងពេញនិយម និងលក់បានតម្លៃល្អបំផុតនៅសហគមនអឺរ៉ុប។ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យកសិករផ្លាស់ប្រែការដាំដុះពូជស្រូវធម្មតា ទៅប្រភេទស្រូវក្រអូបវិញ។



លោក វេង សាខុន បានលើកឡើងថា ក្រៅពីហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្រ្ត ក្រសួងកសិកម្ម បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការជ្រើសរើសគ្រាប់ពូជស្រូវសម្រាប់ដាំដុះ ព្រោះពូជដែលមានគុណភាព អាចជួយបង្កើតតម្លៃនៃផលិតផលស្រូវរបស់កសិករ។ មិនតែប៉ុណ្ណោះ ការផលិតពូជស្រូវសុទ្ធ និងមានគុណភាពល្អនេះ ក៏អាចផ្ដល់ទិន្នផលខ្ពស់ ធន់នឹងបម្រែបម្រួលអាកាសធាតុ ជំងឺ និងសត្វល្អិតចង្រៃផងដែរ។

លោក វេង សាខុន និងក្រុមការងារក្រសួងកសិកម្ម នៅក្នុងឃ្លាំង លានហាល និងម៉ាស៊ីនសម្រិតសម្រាំងគ្រាប់ពូជស្រូវនៅសហគមន៍«កសិកម្មចម្រើនផល រាំងកេសី» 

លោក វេង សាខុន ថ្លែងដូច្នេះ៖«ប្រសិនបើ យើងគ្មានគ្រាប់ពូជប្រកបដោយគុណភាព គឺស្រូវរបស់យើងដែលទទួលបានមក គឺជាផលិតផលមួយចាប់ឆាយ។ យើងដឹងហើយថា ស្រូវចាប់ឆាយមានតម្លៃត្រឹម ៧រយរៀលប៉ុណ្ណោះ។ ឯស្រូវមានគុណមានតម្លៃជាង ១ពាន់រៀលក្នុងមួយគីឡូក្រាម»។ 

ការដាំដុះស្រូវដែលមានគុណភាព នឹងក្លាយជាចំណែកមួយទាក់ទាញពលរដ្ឋនៅសហគមអឺរ៉ុប ងាកមកទិញប្រភេទអង្ករក្រអូបពីកម្ពុជាកាន់តែច្រើនថែមទៀត។ រដ្ឋមន្រ្តីរូបនេះ បានអះអាងថា បច្ចុប្បន្ន កម្ពុជាមានដង្ហើមដកល្អប្រសើរ គឺបានពីការបញ្ចេញនូវអង្ករក្រអូបទៅកាន់សហភាពអឺរ៉ុប ដែលទទួលបានតម្លៃជាង១ពាន់ដុល្លារ ក្នុងមួយតោន។ 

លោក វេង សាខុន ជំរុញឱ្យកសិករផ្លាស់ប្ដូរពីការដាំដុះពូជស្រូវធម្មតាទៅប្រភេទស្រូវក្រអូប និងមានគុណភាពវិញ ទើបទទួលបានតម្លៃទីផ្សារខ្ពស់។ លោកថ្លែងយ៉ាងដូច្នេះថា៖«សព្វថ្ងៃនេះ កម្ពុជាមានដង្ហើមដកល្អប្រសើរ គឺមកពីការបញ្ចេញនូវអង្ករក្រអូប ទៅកាន់ប្រទេសមួយចំនួននៅអឺរ៉ុប គឺមានតម្លៃជាង១ពាន់ដុល្លារ ក្នុងមួយតោន ដែលយើងគិតថ្លៃដឹកជញ្ជូនអីហើយ យើងអាចចំណេញបាន។ អ៊ីចឹង នេះជាចំណុចពិសេស ដែលត្រូវតែបន្តធ្វើនូវការផលិតពូជសុទ្ធ សម្រាប់ចែកដល់កសិករ»។ 

ជាមួយគ្នានេះ លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា អង្ករក្រអូបកម្ពុជា គឺជាប្រភេទអង្ករល្អជាងគេនៅលើពិភពលោក។ ប៉ុន្តែ កសិករពុំទាន់បានប្រើប្រាស់គ្រាប់ពូជដែលសុទ្ធ និងគុណភាពល្អនៅឡើយទេ។ 

លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។ រូបពី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

បច្ចុប្បន្ន ក្រសួងកសិកម្ម កំពុងធ្វើការយ៉ាងជិតស្និតជាមួយគម្រោងដែលមានឈ្មោះថា «គម្រោងជម្រុញផលិតកម្ម និងការប្រើប្រាស់គ្រាប់ពូជស្រូវ» ដែលគាំទ្រដោយអង្គការ ចៃកា(Jica) របស់ជប៉ុន ដើម្បីពង្រឹងការផលិតពូជស្រូវដល់កសិករ។ 

លោក ងិន ឆាយ បានអំពាវនាវឱ្យកសិករចូលរួមក្នុងសកម្មភាពផលិត និងប្រើប្រាស់គ្រាប់ពូជស្រូវដែលមានគុណភាពល្អ ដើម្បីបង្កើនទិន្នផល និងធានាតម្លៃទីផ្សារស្រូវនៅលើឆាកអន្តរជាតិ។ 

សូមជម្រាបថា កម្ពុជា រកចំណូលបានប្រមាណ ៣៣២លានដុល្លារពីការនាំចេញអង្ករចំនួន ៣៨៩ពាន់តោន ក្នុងរយៈពេល៨ខែឆ្នាំ២០២២។ ក្នុងនោះ អង្ករក្រអូបគ្រប់ប្រភេទ ត្រូវបាននាំចេញចំនួន ២៥៩ ៨៨៧តោន កើនឡើង ៨៨ភាគរយ៕ 



 

ព័ត៌មានទាក់ទង