អ្នកអភិរក្ស បារម្ភថ្នាំពុលកសិកម្ម ប៉ះពាល់សត្វស្លាបនៅទួលព័ន្ធតាឡី និងបឹងព្រែកល្ពៅ

16/09/2022 3:00 pm តាកែវ

ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងបឹងស្នេហ៍ទួលព័ន្ធតាឡី ក្នុងអំឡុងខែកញ្ញា ជារដូវពងកូនរបស់សត្វចង្កៀលខ្យង។ មានកំណើតសត្វពិតមែន តែអ្នកជំនាញ បារម្ភពីកត្តាខ្វះជម្រកសម្រាប់សត្វស្លាប និងថ្នាំពុលកសិកម្ម។



តំបន់ទួលព័ន្ធតាឡី បឹងស្នេហ៍ក្នុងខេត្តព្រៃវែង និងតំបន់ការពារបឹងព្រែកល្ពៅក្នុងខេត្តតាកែវ មានចំនួនសត្វស្លាបកើនឡើងរហូត។ ប៉ុន្តែបញ្ហាមួយចំនួនកំពុងក្លាយជាក្តីបារម្ភ សម្រាប់សុវត្ថិភាពចំណីអាហារ និងការជម្រកសម្រាប់សត្វស្លាបទាំងនោះ។ 

សត្វទង់ កំពុងនៅលើដើមឈើ ដែលជាជម្រករបស់វា។ រូបផ្ដល់ដោយ NatureLife Cambodia Organization

លោក នួន សារ៉េត អនុប្រធានសហគមន៍អភិរក្សសត្វស្លាបទួលព័ន្ធតាឡីបឹងស្នេហ៍ បានប្រាប់សារព័ត៌មានThmeyThemy២៥ ថា នៅក្នុងខែកញ្ញានេះ តំបន់បឹងស្នេហ៍មានប្រភេទសត្វខ្លះបានញាស់ និងបានហើរចេញបណ្ដើរៗហើយ។ ជាមួយគ្នានេះ សម្រាប់សត្វចង្កៀលខ្យង កំពុងកាត់សម្បុកសារជាថ្មី។ 

«ចង្កៀលខ្យងកំពុងកាច់សម្បុក ចំណែកឯសត្វខ្វែកគំនូរ និងកុកមានកូនញាស់ និងចាប់ផ្ដើមហើរចេញខ្លះៗហើយ។ សត្វជំទង់នៅទីនេះ មានច្រើនគួរសម្យ។ ខ្លះកំពុងរៀនហើរ និងរកចំណីនៅជិតៗជុំវិញតំបន់វារស់នៅ»។ នេះជាការលើកឡើងរបស់ លោកសារ៉េត។ 

ទន្ទឹមនឹងការលើកឡើងទាក់ទងចំនួនសត្វស្លាបនៅក្នុងតំបន់នេះខាងលើ លោក សារ៉េត បានបង្ហាញថា បច្ចុប្បន្ននៅតំបន់ជុំវិញកន្លែងមានសត្វរស់នៅ ប្រជាពលរដ្ឋបានធ្វើស្រែចម្ការ ដោយប្រើថ្នាំគីមីកសិកម្ម ដែលអាចជាហានិភ័យសម្រាប់ការរកចំណី របស់សត្វ។ ម្យ៉ាងទៀត ថ្នាំដែលកសិករប្រើអាចជាផ្នែកមួយ ដែលអាចធ្វើសត្វជំទង់ដែលមិនមានលទ្ធភាពចេញដំណើរទៅឆ្ងាយ ត្រូវមានគ្រោះថ្នាក់ដោយសារការពុលចំណីដែលរកបាននៅក្នុងស្រែកសិករ។
នៅឆ្នាំនេះ២០២២ ចំនួនសត្វកុកមានចំនួនកើនឡើងច្រើន ជាងសត្វផ្សេងៗទៀតនៅក្នុងតំបន់ នេះបើធៀបនឹងឆ្នាំ២០២១។  

ជាមួយគ្នានេះ លោក លឹម វ៉ាត់ នាយកដែនការពារបឹងព្រែកល្ពៅក្នុងខេត្តតាកែវ បានលើកឡើងថា បច្ចុប្បន្ននៅតំបន់ការពារបឹងព្រែកល្ពៅមានទឹកឡើងបណ្ដើរ។ បើតាមការសង្កេត ទឹកអាចនឹងធំជាងឆ្នាំមុន។ ទឹកច្រើននេះ ជារឿងល្អសម្រាប់កិច្ចការការពារ និងអភិរក្សសត្វស្លាបនៅក្នុងតំបន់នេះ។

«ទឹកធំជារឿងល្អ សម្រាប់ការអភិរក្សសត្វក្នុងតំបន់របស់ខ្ញុំ។ ប៉ុន្ដែទន្ទឹមនោះ វាអាចមានការគំរាមកំហែងខ្លះសម្រាប់សត្វ ដែលបានកាច់សម្បុកនៅតាមដើមឈើទាប់ៗ ដែលអាចនឹងលិចនៅពេលមានទឹកធំ។ ក្រៅពីនេះ ដូចជាមិនមានបញ្ហាអ្វីឡើយ»។ នេះជាការលើកឡើង របស់លោកវ៉ាត់។ 

នាយកដែនរូបនេះបានបន្ថែមថា នៅឆ្នាំ២០២២នេះ ក្នុងតំបន់ការពារបឹងព្រែកល្ពៅ មានដើមរាំងជាច្រើនបានងាប់ជាបន្តបន្ទាប់ ដោយសារការកាច់សម្បុករបស់សត្វស្លាប។ បញ្ហានេះ កំពុងបង្កើនការព្រួយបារម្ភថា កំណើនសត្វស្លាបអាចច្រើនជាងជម្រក។

លោក វ៉ាត់ បានពន្យល់ថា៖ «ដើមឈើដែលសត្វចូលចិត្តទំ និងកាច់សម្បុក គឺដើមរាំង។ ឆ្នាំនេះយើងសង្កេតឃើញថាដើមរាំងជាង ១០០ដើមបានងាប់។ ខ្ញុំព្រួយបារម្ភណាស់ការងាប់ដើមរាំងនៅនឹងក្លាយជាបញ្ហាខ្វះជម្រកសម្រាប់សត្វនៅពេលក្រោយ។ ពួកយើង បានដាំកូនឈើខ្លះដើម្បីជំនួយហើយ។ ប៉ុន្ដែវាពិតជាមិនអាចធំលឿនដូចតម្រូវការរបស់យើងទេ»។

នៅតំបន់ការពារសត្វស្លាបទួលព័ន្ធតាឡីបឹងស្នេហ៍ ក៏កំពុងជួបបញ្ហាខ្វះជម្រកសត្វនេះដែរ ដោយសារ ចំនួនសត្វបានកើនឡើងជាបន្ដបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ចំណែក ដើមឈើ កាន់តែរេចរឹលៗទៅ៕ 

 

ព័ត៌មានទាក់ទង