៨ខែ កម្ពុជា រកបានចំណូលជិត៨០០លានដុល្លារ ពីការនាំចេញស្រូវ និងអង្ករ

16/09/2022 12:00 pm ភ្នំពេញ

ដោយ៖ ឈុំ ចន្ថា 

ភ្នំពេញ៖ កម្ពុជា បានចំណូលប្រមាណ ៧៨១លានដុល្លារ ពីការនាំចេញស្រូវ និងអង្ករ។ ក្នុងនោះ ការនាំចេញអង្ករ បានកើនឡើងបន្តិច តែស្រូវនាំទៅវៀតណាមត្រូវបានថយចុះ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២២។

 

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេល៨ខែចុងក្រោយនេះ កម្ពុជា បាននាំអង្ករចេញមានចំនួន ៣៨៩ពាន់តោន កើនឡើង ៤៤ ៥៥៣តោន ស្មើ១៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ មានជាង ៣៤៣ពាន់តោន។ ក្នុងនោះ អង្ករក្រអូបគ្រប់ប្រភេទ ត្រូវបាននាំចេញចំនួន ២៥៩ ៨៨៧តោន ស្មើនឹង៨៨ភាគរយ។ អង្ករសគ្រប់ប្រភេទ ត្រូវបាននាំចេញចំនួន ១១៩ ៥៩៣តោន ស្មើ៣០ភាគរយ និងអង្ករចំហុយគ្រប់ប្រភេទចំនួន ៩ ៥២០តោន។ 

បរិមាណអង្ករដែលបាននាំទៅកាន់ប្រទេសចិនមានចំនួន ១៧៨១៤២តោន កើនឡើង ៧ភាគរយ សហភាពអឺរ៉ុបឈរនៅលំដាប់ទី២ មានចំនួន ១៣១ ៦៨០តោន កើន៤៩ភាគរយ។ ចំណែក អាស៊ានមានចំនួន ៣៤ ៦៣៣តោន ថយចុះ២ភាគរយ និងគោលដៅ ២៥ប្រទេសផ្សេងទៀតចំនួន ៤៤ ៥៤៥តោន ថយចុះ១៧ភាគរយ។ បន្ថែមពីនោះ អង្ករ ដែលបាននាំចេញដោយ ៥៤ក្រុមហ៊ុនទៀតមានចំនួន ៣៨៩ពាន់តោន។ 

ចំពោះ ខែសីហា កម្ពុជា បាននាំអង្ករចេញចំនួន ៣៨ ០៩៨តោន កើនឡើង ១៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ដោយឡែក ការនាំស្រូវទៅវៀតណាម ក្នុងរយៈពេល៨ខែដូចគ្នាមានចំនួន ២ ២៦៩ ២១០តោន ថយចុះ៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ 
តាមការប៉ាន់ប្រមាណរបស់ក្រសួងកសិកម្ម កម្ពុជាបានចំណូលប្រមាណ ៧៨១លានដុល្លារ ពីការនាំចេញស្រូវ និងអង្ករ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២២នេះ។ ក្នុងនោះ ស្រូវមានចំនួន ៤៤៩ ៣០៣ ៥៨០ដុល្លារ និងអង្ករ ចំនួន ៣៣២ ៥៩៥ ០០០ដុល្លារ៕ 







 

ព័ត៌មានទាក់ទង