កម្ពុជា កំពុងខ្វះធនធានមនុស្សក្នុងវិស័យវារីវប្បកម្ម

16/09/2022 9:00 am ភ្នំពេញ

ដោយ ៖ ធន់ សេងហុង 

កម្ពុជាកំពុងខ្វះធនធានមនុស្សក្នុងវិស័យវារីវប្បកម្ម ទាំងផ្នែកបច្ចកទេស កែច្នៃ វេចខ្ចប់ បង្កាត់ពូជ ផលិតចំណី និងអ្នកជំនាញថែទាំត្រីជាដើម។ នេះបើតាមអ្នកជំនាញក្នុងវិស័យវារីវប្បកម្ម។ 

លោក ជេត ភារម្យ ជាមន្ត្រីដឹកនាំអភិវឌ្ឍន៍សមាគមរបស់គម្រោង អភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាពពាណិជ្ជកម្ម (CAST) បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាកំពុងខ្វះខាតអ្នកជំនាញខាងត្រី ដោយសារមាននិស្សិតតិចណាស់ ដែលរៀននៅសាកលវិទ្យាល័យ។ ម្យ៉ាងទៀតនិស្សិតដែលបានបញ្ចប់ការសិក្សាពាក់ព័ន្ធជំនាញនេះ ពិបាករកការងារធ្វើ បណ្តាលឱ្យពួកគេទៅធ្វើការខុសជំនាញ។ 

បើតាមអ្នកជំនាញរូបនេះ កង្វះខាតធនធានមនុស្សក្នុងវិស័យវារីវប្បកម្ម បានក្លាយជាក្តីបារម្ភមួយ នាពេលអនាគត ដែលនាំឱ្យមានការនាំចូលត្រីច្រើនពីប្រទេសជិតខាង។ ថ្លែងក្នុងសិក្ខាសាលាស្តីពី ពិធីប្រគល់កញ្ចប់មូលនិធិសហវិនិយោគជាជំនួយឥតសំណងដល់សហគ្រាសគ្រាសខ្នាតតូច និងមធ្យម ក្នុងវិស័យវារីវប្បកម្មនៅកម្ពុជា នៅភោជនីយដ្ឋានទន្លេបាសាក់២ កាលពីថ្ងៃទី ១៣កញ្ញា លោក ភារម្យ បានបន្តថា ៖ «កាលណាយើងសម្បូរធនធាននៅក្នុងវិស័យនេះ នឹងធ្វើឱ្យផលិតភាពនៃការកែច្នៃត្រីមានការកើនឡើង ដែលជំរុញឱ្យមានទីផ្សារជាងមុន ជាជាងចិញ្ចឹមត្រីតែមួយប្រភេទហើយខ្វះបច្ចេកទេសសម្រាប់គាំទ្រអាជីវកម្មរបស់កសិករ»។

បច្ចុប្បន្នសមាគមវារីវប្បករនៅកម្ពុជា (Cambodian Aquaculturist Association) បានសម្របសម្រួលគោលនយោបាយ គម្រោងនានា ក៏ដូចជាសម្របសម្រួលទីផ្សារ ប្រមូលព័ត៌មានពាក់ព័ន្ធ ព្រមទាំងបច្ចេកទេសជួយទៅដល់កសិករផងដែរ។ នេះបើតាមលោក ភារម្យ ។ 

ពាក់ព័ន្ធកិច្ចការបច្ចេកទេសវិញ មន្ត្រីដឹកនាំអភិវឌ្ឍន៍សមាគមរូបនេះ បានសង្កេតឃើញពីភាពខុសគ្នា រវាងកសិករខ្មែរ និងកសិករនៅប្រទេសជិតខាង ក្នុងការទទួលយក និងស្តាប់អ្នកជំនាញ ចំពោះការបណ្តុះបណ្តាលបច្ចេកទេសផ្សេងៗទៅដល់ពួកគេ ។ លោក ភារម្យ បន្តរៀបរាប់ថា ៖« កសិករវៀតណាមស្តាប់អ្នកជំនាញណាស់ ខណៈកសិករយើងចង់ចេះ ពេលអ្នកជំនាញទៅប្រាប់ តែអត់ធ្វើតាម»។  

ជុំវិញបញ្ហានេះ លោក ថាយ សុមុនី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មនៃរដ្ឋបាលជលផល បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាម នាថ្ងៃទី ១៥កញ្ញា ថា ក្រសួងកសិកម្ម កំពុងសហការជាមួយវិស័យឯកជន ក្នុងការជំរុញបច្ចេកទេសចិញ្ចឹមនានា និងជំនាញផ្នែកពាណិជ្ជកម្មដល់និស្សិត ជាពិសេសផ្សាភ្ជាប់វិស័យធនាគារ ដើម្បីធានាឱ្យមានដើមទុនក្នុងការធ្វើអាជីវកម្ម ។ បើតាមលោក សុមុនី ក្រសួងក៏បានបញ្ចូនមន្ត្រីវ័យក្មេងជាច្រើន ទៅបណ្តុះបណ្តាលនៅក្រៅប្រទេសលើជំនាញផលិតកូនត្រីពូជ ជំងឺត្រី ផលិតចំណីត្រី និងជំនាញបច្ចេកទេសចាំបាច់ផ្សេងៗទៀត។

«ជំនាញវារីវប្បកម្មដែលកំពុងបណ្តុះបណ្តាលនៅមហាវិទ្យាល័យជលផល អត្រាចុះឈ្មោះចូលរៀនជំនាញនេះមានកម្រិតនៅឡើយ ទើបក្រសួងខិតខំធ្វើការជាមួយដៃគូគម្រោងនានា ក្នុងការបណ្តុះបណ្តាលអ្នកជំនាញបន្ថែម ដើម្បីឆ្លើយតបនិងតម្រូវការទីផ្សារ»។ នេះជាការលើកឡើងរបស់លោក សុមុនី។

បើតាមលោក សុមុនី រយៈពេល ៥ឆ្នាំ ទៅ១០ឆ្នាំទៀត កម្ពុជានឹងមានធនធានមនុស្សគ្រប់គ្រាន់ នៅក្នុងវិស័យវារីវប្បកម្មនេះ ទាំងបច្ចេកទេសចិញ្ចឹម និងកែច្នៃ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក ហើយឈានទៅដល់ការនាំចេញផងដែរ។

កន្លងមកកម្ពុជាបានទទួលជំនួយជាបច្ចេកទេស និងអ្នកជំនាញពីសហភាពអឺរ៉ុប បារាំង អាម៉េរិក ដែលផ្តោតសំខាន់លើផ្នែកស្រាវជ្រាវ អប់រំបណ្តុះបណ្តាល និងអភិបាលកិច្ចក្នុងវិស័យវារីប្បកម្ម ។ លោក ថាយ សុមុនី បន្ថែម៕

 

ព័ត៌មានទាក់ទង