ថវិកា១លានដុល្លារ របស់SDC នឹងគាំទ្រការប្រើប្រព័ន្ធសូឡា ក្នុងវិស័យទេសចរណ៍

15/09/2022 12:00 pm ភ្នំពេញ

ដោយ: ជឿន ស្រីណយ

ភ្នំពេញ៖ ទីភ្នាក់ងាស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ(SDC) ផ្ដល់ថវិកាប្រមាណ ១លានដុល្លារដល់អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ(WWF) សម្រាប់គម្រោង ​«ជំរុញ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាប្រកបដោយភាតរបរិស្ថាន និងបរិយាបន្ន»។ គម្រោងនេះធ្វើឡើងដើម្បីជំរុញឱ្យប្រតិបត្តិករ និងសហគមន៍ទេសចរណ៍ប្រើប្រាស់ថាមពលកកើតឡើងវិញ ជំនួសឱ្យអគ្គិសនីក្នុងការបម្រើឱ្យវិស័យទេសចរណ៍ ។



លោកស្រី Nedia Ottiger តំណាងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ(SDC) លើកឡើងថា ការអនុវត្តគម្រោង  «ជំរុញ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាប្រកបដោយភាតរបរិស្ថាន និងបរិយាបន្ន» គឺជាការគិតគូពីបរិស្ថាន និងការបម្រែបម្រួលអាកាសធាតុ ដែលផ្ដើមចេញពីវិស័យទេសចរណ៍។


លោកស្រី Nedia Ottiger តំណាងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ(SDC) ។ រូបភាព៖ ក្រសួងទេសចរណ៍។
 
លោកស្រី Nedia Ottiger លើកឡើងដូច្នេះ៖ «ការការពារបរិស្ថាន និងកម្មវិធីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុសុទ្ធសឹងជាអាទិភាពសំខាន់ៗ​ សម្រាប់ទីភ្នាក់ងារស្វីស។ ទីភ្នាក់ងារស្វីស បេជ្ញារចិត្តចំពោះការអភិវឌ្ឍន៍ភាតបរិស្ថានសម្រាប់រយៈពេលវែង និងកាត់បន្ថយភាពក្រីក្រ»។ 
 
ចំណែកលោក សេង ទៀក នាយកអង្គការWWF លើកឡើងថាគម្រោង «ជំរុញ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ប្រកបដោយភាតរបរិស្ថាន និងបរិយាបន្ន»  នឹងអនុវត្តលើសណ្ឋាគារចំនួន២នៅភ្នំពេញ និងសណ្ឋាគារ២ នៅសៀមរាប ព្រមទាំងតំបន់អេកូទេសចរណ៍ក្នុងខេត្តក្រចេះចំនួន៣ និងស្ទឹងត្រែង ៣សហគមន៍ដូចគ្នា។ 
  

លោក សេង ទៀក នាយកអង្គការWWF កំពុងផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន​ ។

បើតាមលោក សេង ទៀក ថវិកាប្រមាណ ១លានដុល្លារនេះ នឹងត្រូវប្រើប្រាស់ដើម្បីជួយដល់គោលដៅអាជីវកម្មទេសចរណ៍ទាំង ១០ ឱ្យប្រើប្រាស់ប្រព័ន្ធសូឡា ក្នុងអាជីវកម្មរបស់ពួកគេ។ សម្រាប់តំបន់អេកូទេសចរណ៍ដែលទទួលបានការឧបត្ថម្ភទាំងស្រុង ។ ចំណែកសណ្ឋាគារនឹងទទួលបានការឧបត្ថម្ភផ្នែកបច្ចេកទេស។
 
 «យើងបែងចែកជា២ សម្រាប់សហគមន៍យើងបំពាក់សម្ភារៈគ្រប់យ៉ាងឱ្យគាត់ ដូចជាសូឡា ម៉ាស៊ីនកម្ដៅ ម៉ាស៊ីនត្រជាក់ ភ្លើងបំភ្លឺនិងបណ្ដុះបណ្ដាលបច្ចេកទេសការប្រើប្រាស់ថាមពលកកើតឡើងវិញ។ ដោយឡែកសម្រាប់សណ្ឋាគារនៅសៀមរាប​ និងភ្នំពេញគឺយើងផ្ដល់ជាបច្ចេកទេស ដោយសារសណ្ឋាគារទាំងនោះ តាំងចិត្តស្រាប់ប្ដូរ ទៅជាថាមពលកកើតឡើងវិញ ហើយគាត់មានលទ្ធភាពក្នុងការបំពាក់ឧបករណ៍ទាំងអស់នោះ»។ នេះជាការបន្ថែមរបស់លោក សេង ទៀក។
 
យ៉ាងណាមិញ ក្រសួងទេសចរណ៍បានបង្ហាញការគាំទ្រដល់ការអនុវត្តគម្រោង «ជំរុញ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាប្រកបដោយភាតរបរិស្ថាន និងបរិយាបន្ន» ព្រោះគម្រោងនេះនឹងធ្វើឱ្យការអភិវឌ្ឍវិស័យទេសចរណ៍មាននិរន្តភាព។
 
លោក គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានលើកឡើងថា គម្រោងដែលអនុវត្តរយៈពេល ៣ឆ្នាំ​នេះ​ ផ្ដល់ឱកាសឱ្យប្រតិបត្តិករទេសចរណ៍បានចូលរួមការការពារបរិស្ថាន និងប្រើប្រាស់ថាមពលកកើតឡើងវិញ ក្នុងវិស័យទេសចរណ៍។
  

លោក គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ កំពុងផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មានជុំវិញការអនុវត្តកម្រោង អភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយភាតរបរិស្ថាន នាថ្ងៃទី១៤កញ្ញា។


លោក គុជ បញ្ញាសា បន្ថែមដូច្នេះ៖ «ប្រតិបត្តិករទេសចរណ៍យើងគាត់បានយល់ច្រើនពីការកាត់បន្ថយកម្ដៅផែនដីតាមរយៈការប្រើប្រាស់សូឡា។​ ដូច្នេះមុននឹងមានការចូលរួមការអនុវត្តគម្រោងនេះត្រូវឱ្យពួកគាត់យល់ដឹង។ យើងក៏លើកទឹកចិត្តឱ្យប្រតិបត្តិករ ចូលរួមក្នុងចលនាបៃតង និងឧស្ម័នដែលមិនប៉ះពាល់ដល់បរិស្ថាន»។
 
ទោះគម្រោង «ជំរុញ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាប្រកបដោយភាតរបរិស្ថាន និងបរិយាបន្ន» ជាគម្រោងថ្មីមួយក្នុងប្រទេសកម្ពុជា ប៉ុន្តែអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ ជឿជាក់ថា អ្នករកស៊ីក្នុងវិស័យទេសចរណ៍ នឹងអនុវត្តបានល្អ៕

ព័ត៌មានទាក់ទង