ជាង២០ឆ្នាំហើយ ដែលមិត្តសម្លាញ់ចំណាស់ពីរនាក់ រួមគ្នាថែទាំប្រាសាទ

22/10/2022 2:00 pm ភ្នំពេញ

ដោយ៖ ជឿន ស្រីណយ

សៀមរាប៖ លោក ខៀវ ស្រូយ និង លោក ខាន់ ខៀវ ជាសម្លាញ់នឹងគ្នា ដែលកំពុងបម្រើការក្នុងអាជ្ញាធរជាតិអប្សរា ផ្នែកដំថ្មដើម្បីធ្វើបាយអ សម្រាប់យកជួសជុលប្រាសាទ។ បុរសចំណាស់ទាំងពីរនេះ សហការគ្នាធ្វើការជាប្រចាំ ដោយម្នាក់វាយបំបែកថ្ម និងម្នាក់ទៀតរែងកម្ទេចថ្ម។ សម្លាញ់ទាំងពីរ មានវ័យជាង៧០ឆ្នាំ ហើយសុខភាពក៏ទ្រុឌទ្រោមដែរ ប៉ុន្តែកម្លាំងចិត្ត និងក្ដីស្រឡាញ់ចំពោះប្រាសាទ ធ្វើឱ្យសម្លាញ់ទាំងពីរ អាចបន្តធ្វើការជារៀងរាល់ថ្ងៃ។


ប្រាសាទលលៃ ត្រូវបានកសាងឡើងនៅកណ្ដាលបារាយណ៍ឥន្ទ្រតដាក លើកោះមួយដែលមានទួលថ្មបាយក្រៀមរាង៤ជ្រុង មានកម្ពស់២ថ្នាក់។ ប្រាសាទនេះសង់ឡើងនៅចុងសតវត្សទី៩ ដោយព្រះបាទយសោវរ្ម័នទី១ ឧទ្ទិសថ្វាយដល់ដូនតាដែលមានរូបតំណាងដោយព្រះឥសូរ។ កាលកាន់តែវិវត្តទៅ ប្រាសាទមួយនេះក៏ចាប់ផ្ដើមបាក់បែកទ្រុឌទ្រោម ធ្វើឱ្យឥដ្ឋមួយចំនួនធ្លាក់ចុះមកដី និងបាក់បែក។ 

ការជួសជុលប្រាសាទ ជារឿងលំបាក និងស្មុគស្មាញ ដែលត្រូវការអ្នកមានជំនាញច្បាស់លាស់ និងកម្មករមានបទពិសោធដើម្បីជួសជុលតាមផ្នែកនីមួយៗ។ នៅការដ្ឋានជួសជុលប្រាសាទលលៃ ក្រុមជាង និងអ្នកជំនាញកំពុងមមាញឹក បំពេញតួនាទីរៀងៗខ្លួន។ ទោះមានការងារ និងជំនាញផ្សេងគ្នា តែពួកគេមានគោលដៅរួមមួយគឺ ធ្វើឱ្យប្រាសាទបុរាណខ្មែរ មានរូបរាងពេញលេញឡើងវិញ។

ក្រុមជាងដែលមានកម្លាំងពេញលេញ បាននាំគ្នាឡើងតាមរន្ទារ ដើម្បីជួសជុលកន្លែងខ្ពស់។ ចំណែកក្រុមជាង និងកម្មករ ដែលមិនសូវមានកម្លាំង ឬមានវ័យជរាត្រូវជួសជុលនៅតាមផ្នែកខាងក្រោម។ ងាកទៅកាន់ក្រោមដើមឈើមួយនៅជ្រុងម្ខាង នៃប្រាសាទលលៃ មានបុរសចំណាស់ ២នាក់កំពុងវាយបំបែកដុំឥដ្ឋ និងរែងកម្ទេចដុំឥដ្ឋ។ បុរសទាំង២នេះ មានវ័យជរា ហើយដែលមិនអាចឡើងទៅជួសជុលផ្នែកខាងលើនៃតួប្រាសាទលលៃឡើយ។




លោក ខៀវ ស្រួយ មានវ័យ៧៦ឆ្នាំ កំពុងអង្គុយរែងកម្ទេចដីឥដ្ឋ ក្បែរសម្លាញ់របស់ខ្លួនគឺលោក ខាន់ ខៀវ ដែលមានវ័យ៧២ឆ្នាំ។ បុរសទាំង២ នេះត្រូវសហការគ្នាធ្វើបាយអក សម្រាប់ឱ្យជាងយកទៅបិទដើម្បីជួសជុលប្រាសាទលលៃ។ លោក ខាន់ ខៀវ មានតួនាទីជាអ្នកវាយបំបែកកម្ទេចថ្ម និងលោក ខៀវ ស្រួយ មានតួនាទី ជាអ្នករែងកម្ទេចថ្មឱ្យម៉ត់។ 

លោក ខៀវ ស្រួយ ដែលមានវ័យជរាជាងលោក ខាន់ ខៀវ មានបញ្ហាត្រចៀកដោយសារកត្តាជរាវ័យ ពោលគឺលោកស្ដាប់មិនសូវឮនោះទេ។ តែលោក អាចប្រើកម្លាំងបន្តិចបន្តួចដែលមាន ដើរតួនាទីជាផ្នែកមួយយ៉ាងសំខាន់ក្នុងការដ្ឋានជួសជុលប្រាសាទលលៃ។ លោក ខាន់ ខៀវ ប្រាប់សារព័ត៌មានThmeyThmey25 ថាលោកចាស់ហើយមិនសូវមានកម្លាំងទេ ប៉ុន្តែលោកមានកម្លាំងចិត្ត និងក្ដីស្រឡាញ់ ទើបលោកអាចមកធ្វើការនៅការដ្ឋាននេះជាប្រចាំ។
 
«មានអារម្មណ៍ថាស្រឡាញ់ ទើបឈប់វាមិនកើត ចេះតែចង់ធ្វើតទៅទៀត។ ទាល់តែកម្លាំងលែងទៅរួច ទើបឈប់ព្រោះតែស្រឡាញ់។ ការជួសជុលនេះ ព្រោះចង់ឱ្យវារឹងមាំឡើងវិញ ដើម្បីសម្រាប់កូនចៅ យើងជំនាន់ក្រោយ។ បើយើងមិនធ្វើមិនជួសជុលទេ វាអាចបាក់ ហើយខូច អ៊ីចឹងយើងនាំគ្នាតុបតែង ឬធ្វើយ៉ាងណាដើម្បីឱ្យបានយូរទៀត»។ នេះជាសម្ដីមួយៗរបស់លោក ខៀវ ស្រួយ ដែលកំពុងអង្គុយរែងដីឥដ្ឋ។

លោក ខៀវ ស្រូយ ជាអ្នកធ្វើបាយអសម្រាប់ភ្ជាប់ឥដ្ឋនៅតាមការដ្ឋានជួសជុលប្រាសាទ។ ដោយក្ដីស្រឡាញ់ បុរសវ័យ៧៦ឆ្នាំរូបនេះ បន្តធ្វើការជាអ្នករែងកម្ទេចថ្មសម្រាប់ឱ្យក្រុមជាងយកទៅធ្វើបាយអ ដើម្បីជួសជុលប្រាសាទ។ រូបភាព៖ ឈន សុផាត

លោក ខៀវ ស្រូយ បានចូលរួមជួសជុលប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរប្រមាណ ២០ឆ្នាំហើយ។ លើសពីការចូលរួមថែបេតិកភណ្ឌ ការងារនៅរមណីយដ្ឋានអង្គរ ក៏បានផ្ដល់ចំណូលដល់បុរសជរារូបនេះ សម្រាប់ការចាយវាយប្រចាំថ្ងៃ ខណៈរូបលោកមិនមានគ្រួសារ ជាទីពឹងពាក់ឡើយ។

ចំណែកលោក ខាន់ ខៀវ ដែលកំពុងវាយកម្ទេចថ្ម ក្បែរលោក ខៀវ ស្រួយ ក៏មានចិត្តស្រឡាញ់បេតិកភណ្ឌខ្មែរ មិនចាញ់ សម្លាញ់របស់លោកឡើយ។ ជារៀងរាល់ថ្ងៃលោក ខាន់ ខៀវ ត្រូវធ្វើដំណើរ ដោយម៉ូតូប្រមាណ ១ម៉ោងទើបទៅដល់ការដ្ឋានជួសជុលប្រាសាទលលៃ។ ថ្ងៃខ្លះលោកមិនអាចមកធ្វើការបានទេ ព្រោះបញ្ហាសុខភាព។ 

លោក ខាន់ ខៀវ ប្រាប់សារព័ត៌មានThmeyThmey25  ថាដំបូងឡើយលោកជាអ្នកយាមប្រាសាទ ប៉ុន្តែនៅពេលលោកមានវ័យជរាទៅក្រុមការងារក៏សម្រេចឱ្យលោកមកបម្រើការជាអ្នកវាយកម្ទេចថ្មតូចៗនៅប្រាសាទលលៃវិញ ព្រោះទីនេះក្បែរផ្ទះរបស់លោកស្រាប់។
មានវ័យ៧២ឆ្នាំ លោក ខាន់ ខៀវ បន្តចូលរួមថែបេតិកភណ្ឌខ្មែរ តាមរយៈការងារជាអ្នកដំកម្ទេចថ្មសម្រាប់ធ្វើបាយអ ដើម្បីជួសជុលប្រាសាទ។ រូបភាព៖ ឈន សុផាត

បុរសវ័យ ៧២ឆ្នាំរូបនេះ មិនចង់បោះបង់ការងារជាអ្នកថែទាំ និងជួសជុលប្រាសាទម្ដងណាឡើយ។ «ស្រឡាញ់ ទើបខំធ្វើ រហូតគេឱ្យឈប់ពេលណាទើបឈប់។ ខ្ញុំសប្បាយចិត្ត ដែលបានធ្វើការ។ ថ្ងៃខ្លះមានបញ្ហាសុខភាព ឈឺជើង មកមិនរួច តេសុំច្បាប់មេមួយថ្ងៃ តែបើមកបានមកធ្វើការ»។ នេះជាការលើកឡើងរបស់លោក ខាន់ ខៀវ ដោយសំឡេងស្អកៗ អមដោយសំឡេងវាយឥដ្ឋ ដោយញញួរតូចមួយ។

លោក ខៀវ ស្រូយ និង លោក ខាន់ ខៀវ តាំងចិត្តថែរក្សាប្រាសាទខ្មែរ មិនថាធ្វើការផ្នែកណាឡើយ រហូតដល់សម្លាញ់ទាំងពីរនេះអស់កម្លាំងធ្វើការ ឬនៅថ្ងៃណាមួយដែលក្រុមការងារលែងត្រូវការអ្នកទាំងពីរ៕

ព័ត៌មានទាក់ទង