រដ្ឋបាលខេត្តកំពត បង្កើតឆ្នេរខ្សាច់ពីរកន្លែងនៅដងព្រែកកំពត ដើម្បីទេសចរណ៍

06/09/2022 11:00 am កំពត

ដោយ៖ ជឿន ស្រីណយ

រដ្ឋបាលខេត្តកំពត នឹងចាក់បំពេញឆ្នេរខ្សាច់នៅតាមបណ្ដោយដងព្រែកកំពត ២កន្លែងសម្រាប់បម្រើដល់ការកម្សាន្តរបស់ភ្ញៀវទេសចរ។ ទីតាំងទីមួយ គឺចាប់ពីស្ពានកំពង់ទ្រៀករហូតដល់ទីបញ្ជាការដ្ឋានមូលដ្ឋានកងទ័ពជើងទឹកទទួលទិសកំពត-កែប ប្រវែង២គីឡូម៉ែត្រ។ ចំណែកទីតាំងមួយទៀតគឺនៅចំណុចស្ពានឥន្ទធនូ រហូតដល់ស្ពានថ្មី ប្រវែងប្រមាណ ៥០០ម៉ែត្រ។



កំពត ជាខេត្តមួយជាប់សមុទ្រ ដែលមានសក្តានុពលទេសចរណ៍យ៉ាងខ្លាំង និងអំណោយផលដល់ការធ្វើកសិកម្ម។ ប៉ុន្តែខេត្តកំពត មិនមានឆ្នេរខ្សាច់សម្រាប់បម្រើការកម្សាន្តដល់ភ្ញៀវទេសចរឡើយ។ ការណ៍នេះរដ្ឋបាលខេត្តកំពត បានសម្រេចចាក់ខ្សាច់ធ្វើឆ្នេរទឹកសាប នៅតាមបណ្ដោយដងព្រែកក្នុងខេត្តកំពត។

ខេត្តកំពតបានបាត់ភ្ញៀវទេសចរមួយចំនួន ដោយសារមិនមានឆ្នេរខ្សាច់។ លោក អ៊ឹង ឆាយ អភិបាលរងខេត្តកំពត ប្រាប់សារព័ត៌មានThmeyThmey25ថា ក្នុងឆ្នាំ២០២២នេះ រដ្ឋបាលខេត្តកំពតបានសម្រេចកែច្នៃបណ្ដោយដងព្រែកកំពត ដោយចាក់ដីបំពេញឆ្នេរ២កន្លែងដែលជាឆ្នេរទឹកសាប និងជួសជុលស្ពានចាស់មួយ។ ឆ្នេរទីមួយគឺមានប្រវែង ៥០០ម៉ែត្រ គឺនៅចំណុចស្ពានឥន្ទធនូ ដល់ស្ពានថ្មី។ ចំណែកទីតាំងទី២ ប្រវែង២គីឡូម៉ែត្រ ពីស្ពានកំពង់ទ្រៀករហូតដល់ទីបញ្ជាការដ្ឋានមូលដ្ឋានកងទ័ពជើងទឹកទទួលទិសកំពត-កែប។


លោក អ៊ឹង ឆាយ អភិបាលរងខេត្តកំពត (អង្គុយកណ្ដាល)។

លោក អ៊ឹង ឆាយ បញ្ជាក់ដូច្នេះ៖ «យើងជាខេត្តទេសចរណ៍ប៉ុន្តែយើងអត់មានឆ្នេរសម្រាប់កម្សាន្ត។ អ៊ីចឹង យើងបង្កើតឆ្នេរឡើង។​ ទីតាំងទីមួយដែលនៅចន្លោះស្ពានថ្ម និងស្ពានដែក យើងនឹងធ្វើឆ្នេរខ្សាច់ ហើយធ្វើសួនច្បារឱ្យស្អាត ទំនើបសម្រាប់ភ្ញៀវទេសចរទៅកម្សាន្ត ហើយជួសជុលស្ពានចាស់ និងតុបតែងឱ្យស្អាត»។

យ៉ាងណាមិញ គម្រោងធ្វើឆ្នេរខ្សាច់ចំនួន២កន្លែង និងជួសជុលស្ពានចាស់ នឹងអនុវត្តនៅឆ្នាំ២០២២នេះ ហើយគ្រោងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២៣។ អភិបាលរងខេត្តកំពតរូបនេះបន្តថា រដ្ឋបាលខេត្តកំពតនឹងបង្កើតព្រឹត្តិការណ៍ទេសចរណ៍មួយចំនួនទៀត អមដោយផលិតផលទេសចរណ៍ថ្មីៗបន្ថែម។ តាមរយៈគម្រោងទាំងនេះ រដ្ឋបាលខេត្តកំពត រំពឹងថាខេត្តកំពតនឹងមានកំណើនភ្ញៀវទេសចរខ្លាំងក្នុងឆ្នាំ២០២២នេះ និងឆ្នាំ២០២៣ខាងមុខ ព្រោះកំពតនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍ស៊ីហ្គេម លើវិញ្ញាសារប្រណាំងទូក៕

ព័ត៌មានទាក់ទង