ក្រុមហ៊ុន ៥ បោះទុនជាង ៨២លានដុល្លារ បង្កើតរោងចក្រដំឡើងសូឡា និងធ្វើអាជីវកម្មរ៉ែមាសនៅកម្ពុជា

01/09/2022 5:06 pm ភ្នំពេញ

ដោយ: ធន់ សេងហុង

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាដំណាច់ខែសីហា បានអនុម័តឱ្យក្រុមហ៊ុនចំនួន ៥ ដែលមានទុនវិនិយោគសរុបជាង ៨២លានដុល្លារ បង្កើតរោងចក្រដំឡើងបន្ទះសូឡា និងអាជីវកម្មរ៉ែមាស នៅកម្ពុជា។ បើតាម CDC គម្រោងទាំងនោះបង្កើតការងារដល់ពលរដ្ឋបានជិត ២០០០កន្លែង។



បើតាម CDC ក្រុមហ៊ុនទាំងនោះរួមមាន​ ក្រុមហ៊ុន KITATSU SOLAR (CAMBODIA) CO., LTD គ្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡា ដែលបោះទុនវិនិយោគចំនួន ២៣,៤លានដុល្លារ។ ក្រុមហ៊ុននេះមានទីតាំងវិនិយោគនៅស្រុកពញាឮ ខេត្តកណ្តាល ហើយអាចបង្កើតឱកាសការងារដល់ពលរដ្ឋបាន ៦៣៧កន្លែង។
 
ទន្ទឹមនេះ CDC ក៏អនុម័តឱ្យក្រុមហ៊ុន KHEMUNIK HOSPITAL CO., LTD ដែលបោះទុនប្រមាណ ២៣លានដុល្លារ គ្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យចំនួន ១៥០គ្រែ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ គម្រោងនេះ នឹងអាចបង្កើតឱកាសការងារដល់ពលរដ្ឋបាន ៤៥៨កន្លែង។ ស្របពេលជាមួយគ្នានេះ CDC ក៏បានអនុម័តឱ្យក្រមហ៊ុន SAMANEA CO., LTD គ្រោងអភិវឌ្ឍន៍តំបន់កោះស្វាយ កោះម្ទេស និងកោះកុក នៅខេត្តកែប ហើយអាចបង្កើតឱកាសការងារដល់ពលរដ្ឋ ៦០កន្លែង។ ក្រុមហ៊ុននេះ មានទុនវិនិយោគប្រមាណ ១៨,២លានដុល្លារ។ 
 
ដោយឡែក ក្រុមហ៊ុន LATE CHENG MINING DEVELOPMENT CO., LTD ដែលគ្រោងវិនិយោគលើអាជីវកម្មរ៉ែមាស នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ ក៏ត្រូវបាន CDC អនុម័តផងដែរ។ ក្រុមហ៊ុននេះអាចបង្កើតឱកាសការងារដល់ពលរដ្ឋបាន ៣០០កន្លែង ព្រមទាំងបោះទុនវិនិយោគ ១៣លានដុល្លារ។  
 
ក្រៅពីក្រុមហ៊ុនទាំងបួនខាងលើ CDC ក៏បានអនុម័តឱ្យក្រុមហ៊ុន HEN JIU GARMENT ACCESSORY CO., LTD គ្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ និងខារអំបោះ ដែលមានទីតាំងវិនិយោគស្ថិតនៅ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្រុមហ៊ុននេះបោះទុនវិនិយោគប្រមាណ ៥,១លានដុល្លារ និងអាចបង្កើតការងារដល់ពលរដ្ឋបាន ៤៦៣កន្លែង។
គិតចាប់ពីខែមករា​ ដល់ខែឧសភា មានក្រុមហ៊ុនចំនួន ១០ ដែលកំពុងធ្វើអាជីវកម្ម ផលិត និងដំឡើងបន្ទះសូឡានៅកម្ពុជា។ នេះបើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម។
 
ដោយឡែក ទាក់ទងនិងអាជីវកម្មរ៉ែមាស ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាបណ្ណឱ្យក្រុមហ៊ុន​ចំនួន៨ ឱ្យរុករកនិងបើកការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់«រ៉ែមាស» នៅកម្ពុជា ក្រុមហ៊ុនទាំងនោះមកពីប្រទេសឥណ្ឌា និងប្រទេសចិន...ជាដើម។​ នេះបើតាម លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ របស់ក្រសួងរ៉ែ និងថាមពល បានលើកឡើងនៅក្នុងសន្និសីទកាសែត ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ របស់ក្រសួងរ៉ែ និងថាមពល» កាលពីថ្ងៃទី៩សីហាកន្លងទៅ៕

ព័ត៌មានទាក់ទង