ឡាន Renault​ អាយុ៧០​ឆ្នាំ ​​បានផ្តល់ការទាក់ទាញបន្ថែមឱ្យភូមិគ្រឹះមួយ​ នៅ​ ខណ្ឌ​ជ្រោយចង្វារ

30/08/2022 10:30 am ភ្នំពេញ


ដោយ: នាយយ៉ាន
ភ្នំពេញ៖ ភូមិគ្រឹះសសរ១០០ នៅ​សង្កាត់​ព្រែក​លាប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំ​ពេញ សុទ្ធ​តែជាផ្ទះ​ឈើរចនា​បថខ្មែរ​បុរាណ។ ទន្ទឹម​នឹង​ស្ថាបនានេះ​ ក៏​មាន​រថយន្ដ​បុរាណ៥គ្រឿង​ ដែរ ត្រូវបានដាក់តាំង និង​១គ្រឿង​ទៀត​អាច​ជិះ​បាន។ រថយន្ដ​បុរាណ ៦គ្រឿង​នោះ គឺ​ជា​ឡាន​ពី​ជំនាន់ផ្សេងៗ ដែលត្រូវ​បាន​ផលិតប្រហែលចន្លោះ ​ឆ្នាំ១៩២៣ ដល់​ឆ្នាំ១៩៦៨។ ក្នុងចំណោម​​នោះ មាន៣គ្រឿង​ ជា​ម៉ាក​បារាំងសេស RENAULT (រ៉ឺណូ) និង CITROËN (ស៊ីត្រូអ៊ែន) ហើយ​២​គ្រឿង​ ជាម៉ាក​អាល្លឺម៉ង់ VOLKSWAGEN និង MERCEDES-BENZ ។ ក្នុង​ចំណោមរថយន្ដម៉ាក RENAULT ២គ្រឿងនោះ​ ១គ្រឿង​ជា​ប្រភេទ Juvaquatre ដែល​មាន​អាយុកាល​ ៧០​ឆ្នាំ​ហើយ ដែលវាកំពុងតែបន្ថែមនូវភាពទាក់ទាញដល់ភូមិគ្រឹះមួយនេះ។


 

រថយន្តនេះ ជា​រថយន្ដ​បែប​ដឹក​ទំនិញ មាន​ទ្វារ៣។ វាមានពណ៌២ គឺស និងផ្ទៃ​មេឃ ដែល​ត្រូវបានបាញ់ថ្នាំ កាល​ពី​មុន​នាំ​មក​ប្រទេស​ខ្មែរ។ ផ្លាកលេខរបស់វា នៅរក្សាតាមស្តង់ដារ​អឺរ៉ុប។ ផ្លាកលេខនេះ បញ្ជាក់​លេខ​ស្រុក៩៤ ជាប់​ក្រុងប៉ារីស ដែលជារដ្ឋធានីបារាំង ហើយដែលគេអាចសន្និដ្ឋានបានថា វាត្រូវបាននាំចូលពីប្រទេសបារាំង ប្រហែលជាបួន-ដប់ឆ្នាំមុន។ ការណ៍ដែលវាមិនមែនជាផ្លាកចាស់ទេ បង្ហាញថាកាលពីវានៅក្នុងដៃម្ចាស់មុន វាអាចជិះបាន។ ប្រហែលជាគេធ្លាប់ប្រើយានយន្ដនេះ ដើម្បីដឹកទំនិញ ព្រមទាំងទាក់ទាញ​អារម្មណ៍អតិថិជនផង ​
ព្រោះឡានចាស់ដូចនេះ ដែលនៅសេសសល់តិច ទាក់ទាញភ្នែកមនុស្សម្នា។


អក្សរ Juva មក​ពីពាក្យ​ដើមភាសា​ឥណ្ឌូអឺរ៉ុប​មួយម៉ាត់ ដែល​ភាសា​ខ្មែរ​ក៏មាន​ដែរ : យុវៈ។ គឺ​ដើម្បីតំណាំង​ភាព​ទំនើប​នៃ​ប្រភេទ​ឡាន​នេះ។ រីឯ​ពាក្យ​បារាំង quatre មាន​នៃ​ថា បួន ដែលតំណាំង​ឱ្យ​ម៉ាស៊ីន ៤ស៊ីឡាំង។ ប្រភេទ​​រថយន្ដ​នេះ ​​ត្រូវបាន​បង្ហាញ​ទៅ​សាធារណជន​លើកដំបូង ក្នុងឆ្នាំ​១៩៣៧ នៅ​ពិព័រណ៍​រថយន្ដ​អន្តរជាតិ នៅ​ប្រទេស​បារាំង។

គេ​ផលិត RENAULT Juvaquatre អស់​ ២៥១ ០១០គ្រឿង ពី​ឆ្នាំ១៩៣៨ រហូតដល់​ឆ្នាំ១៩៦០ ក្នុង​រោងចក្រ​ផ្សេងៗ នៅ​ប្រទេស​បារាំង ហើយ​ក៏ធ្លាប់​ផលិតនៅ​ប្រទេស​ប៊ែលហ្ស៊ិក ប្រទេស​អង់គ្លេស និង​ប្រទេស​អ៊ីស្រាអ៊ែលដែរ។ គឺ​ជា​ប្រភេទ​រថយន្ដ​ស្រាល ដែល​មាន​ទម្ងន់ប្រមាណ​ ៧៥០គីឡូក្រាម។ វា​ប្រើ​សាំង ពី៧ ទៅ៨លីត្រ ​ក្នុង​១០០គីឡូម៉ែត្រ។


ប្រអប់​លេខមាន​តែ​ ៣លេខ​​ប៉ុណ្ណោះ។ RENAULT Juvaquatre អាច​ជិះបាន​ដល់​ល្បឿន ៩៥​គីឡូម៉ែត្រ​ ក្នុង​មួយ​ម៉ោង។ សម័យ​មុន ម៉ាក​រថយន្ដ​មិន​ដាក់លក់​ប្រភេទ​ឡានផ្សេង​ពីគ្នា​​ច្រើន ​ដូច​សម័យ​ឥឡូវនេះ​ទេ។ នេះ​ជា​មូលហេតុដែលបាន​ធ្វើ​ឱ្យ RENAULT Juvaquatre មានរូបរាង​គ្រប់បែប​យ៉ាង : ទ្វារ៤កៅអី៤ ទ្វារ​២​កៅអី៤ ទ្វារ២កៅអី២ គូទវែង តាក់ស៊ី ដឹក​ទំនិញ និង​ដំបូល​ក្រណាត់កៅស៊ូ។
 
បងប្អូន​បង្កើត​ RENAULT Fernand និង Marcel បាន​បង្កើតក្រុមហ៊ុន RENAULT ​ឆ្នាំ​១៨៩៨ នៅ​ទីក្រុង Boulogne-Billancourt ប្រទេស​បារាំង។ បើតាមចំនួនរថយន្ដ​ផលិត​ ឆ្នាំ​២០២១ ក្រុម​សម្ព័ន្ធ RENAULT-NISSAN-MITSUBISHI ជា​ក្រុម​សម្ព័ន្ធចំណាក់ថ្នាក់លេខ​៣ ​ទូទាំង​ពិភព​លោក៕

ព័ត៌មានទាក់ទង