ខែសីហានេះ CDC អនុម័តឱ្យក្រុមហ៊ុនចំនួន១២ វិនិយោគទុនជាង ៣៧លានដុល្លារ 

28/08/2022 9:00 am ភ្នំពេញ

ដោយ៖ ហេង ស្រីលីន

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងខែសីហានេះ បានអនុម័តក្រុមហ៊ុនចំនួន១២ ដែលវិនិយោគទុនជាង ៣៧លានដុល្លារ ដើម្បីបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ផលិតអំបោះ និងផលិតផលញគ្រឿងសង្ហារឹមនៅកម្ពុជា គិតត្រឹមថ្ងៃទី២៦ ខែសីហានេះ។ ការអនុម័តរបស់ CDC ដល់ក្រុមហ៊ុននេះគឺ អាចផ្តល់ការងារដល់ពលរដ្ឋជាង ៨កន្លែង។



បើតាម CDC ក្រុមហ៊ុនទាំង ១២នោះរួមមាន ក្រុមហ៊ុន FUKKI APPAREL AND LAUNDRY TECHNOLOGY CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរ និងបោកគក់សម្លៀកបំពាក់ ដែលមានទុនវិនិយោគប្រមាណ ៥,៤ លានដុល្លារ។ ក្រុមហ៊ុននេះ មានទីតាំងស្ថិតនៅ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដោយអាចបង្កើតការងារដល់ពលរដ្ឋចំនួន ២ ៤០៤កន្លែង។

ចំណែក ក្រុមហ៊ុន THE INHERITANCE (CAMBODIA) CO., LTD  គឺជារោងចក្រផលិតគ្រឿងបន្សំស្បែកជើង។ ក្រុមហ៊ុននេះ មានទីតាំងស្ថិតនៅ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយទុនវិនិយោគប្រមាណ ៥,៣លានដុល្លារ និងអាចបង្កើតការងារចំនួន ១ ០១៨កន្លែង។

ទន្ទឹមនឹងនោះ ក្រុមហ៊ុន Solar Long PV-Tech (Cambodia) Co., Ltd ផលិតបន្ទះសូឡា និងគ្រឿងបង្គុំ បានវិនិយោគចំនួន ១២លានដុល្លារ និងបង្កើតការងារបានចំនួនប្រមាណ ៥០០កន្លែង។ ក្រុមហ៊ុននេះ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប រាជធានីភ្នំពេញ។

រីឯ ក្រុមហ៊ុន Cambodian Xihanouke Cabinet Co., Ltd ជារោងចក្រផលិតទូគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ ខេត្តព្រះសីហនុ។ រោងចក្រនេះ បានបោះទុនចំនួន ៣លានដុល្លារនិងបង្កើតការងារបានប្រមាណ ២៥០នាក់។

ចំពោះ ក្រុមហ៊ុន Taica (Cambodia) Corporation ជារោងចក្រផលិតគ្រាប់ជ័រ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។ ក្រុមហ៊ុននេះ មានទុនវិនិយោគចំនួន ៦២ម៉ឺនដុល្លារ និងបង្កើតការងារដល់ពលរដ្ឋប្រមាណ ២០កន្លែង។


បន្ទាប់ពីនោះគឺ ក្រុមហ៊ុន JADE FASHION (CAMBODIA) GARMENTS COMPANY LIMITED គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ បានបោះទុនវិនិយោគប្រមាណ ៥,៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១ ០២៤កន្លែង។ រោងចក្រនេះស្ថិតនៅ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

ដោយឡែក ក្រុមហ៊ុន HONG YU FANG GARMENT CO., LTD  ដែលជារោងចក្រកាត់ដេរសម្លៀកបំពាក់ បានបោះទុនប្រមាណ ៥,២ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១ ០២៩កន្លែង។ ជាមួយគ្នានេះ ក្រុមហ៊ុន SHUN WEI FANG ZHI KE JI CO., LTD គម្រោងបង្កើតរោងចក្រផលិតអំបោះគ្រប់ប្រភេទ ក៏បានវិនិយោគប្រមាណ ៥,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១ ០២៩កន្លែង។ ក្រុមហ៊ុនទាំងពីរនេះ គឺមានទីតាំងស្ថិតនៅ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្រុមហ៊ុនបន្ទាប់ដែល CDC អនុម័តនោះ គឺក្រុមហ៊ុន R.G. FOOTWEAR (CAMBODIA) CO., LTD រោងចក្រផលិតស្បែកជើង មានទីតាំងនៅ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្រុមហ៊ុននេះ វិនិយោគទុនប្រមាណ ៥,៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៣២៨កន្លែង។ 

ចំពោះ ក្រុមហ៊ុន Xing Gang Wood Industry (Cambodia) Co., Ltd. រោងចក្រផលិតគ្រឿងសង្ហារឹមបង្គុំ និងសម្ភារៈតុបតែងលំអធ្វើពីឈើ គឺមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ ខេត្តព្រះសីហនុ។  រោងចក្រនេះ មានទុនវិនិយោគចំនួន ៣,៩លានដុល្លារ និងអាចបង្កើតការងារបានចំនួនប្រមាណ ២៥០នាក់។

បន្ទាប់មកទៀតគឺ ក្រុមហ៊ុន Zhejiang Jeni Furniture Co., Ltd បង្កើតរោងចក្រផលិតសាឡុង និងស្រោមសាឡុង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺខេត្តព្រះសីហនុ។ ការវិនិយោគនេះមានចំនួន ១លានដុល្លារ និងអាចបង្កើតការងារប្រមាណ ៤០០នាក់។

ក្រៅពីនោះ ក្រុមហ៊ុន FF.LL (Cambodia) Co., Ltd គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ។ ក្រុមហ៊ុននេះ បានបោះទុនចំនួន ៦,៥លានដុល្លារ និងអាចបង្កើតការងារប្រមាណ ៨៣០កន្លែងផងដែរ៕

 

ព័ត៌មានទាក់ទង