តម្រង់ទិសការងារ និងសន្សំបទពិសោធន៍ ជាដើមទុននាំឱ្យកញ្ញា សុខាល័យ ក្លាយជាអគ្គលេខាធិការមួយរូប

28/08/2022 3:00 pm ភ្នំពេញ

ដោយ៖ សុង សុធាវី 

ភ្នំពេញ៖ ការតម្រង់ទិសការងារ និងសន្សំបទពិសោធន៍ក្នុងវិស័យអប់រំ ជាដើមទុនសម្រាប់អាជីពអប់រំ របស់ កញ្ញា ផាត សុខាល័យ ដែលទើបទទួលបានតួនាទីអគ្គលេខាធិការសហព័ន្ធសេវាអប់រំនៅកម្ពុជា ជាងមួយឆ្នាំមកនេះ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមរយៈកម្មវិធី «គំនិតថ្មី» កញ្ញា សុខាល័យ បានបន្ថែមថា ការតាមដានការងារប្រចាំថ្ងៃរបស់សមាជិក និងការទំនាក់ទំនងទាំងក្នុង និងក្រៅស្ថាប័ន ជាគ្រឹះសំខាន់ក្នុងការពង្រឹងការងារឱ្យរីកចម្រើន។



កញ្ញា ផាត សុខាល័យទើបចូលកាន់តំណែងជាអគ្គលេខាធិការនៃស្ថាប័ននេះជាងមួយឆ្នាំហើយ ដោយមានការជ្រោមជ្រែង និងផ្តល់សេចក្តីទុកចិត្តពីថ្នាក់ដឹកនាំ និងសមាជិកសហព័ន្ធសេវាអប់រំនៅកម្ពុជាក្នុងសំឡេងភាគច្រើន។ ថ្វីត្បិតតែមានវ័យក្មេងជាងគេក្នុងចំណោមសមាជិក តែស្រ្តីវ័យ ៣២ឆ្នាំរូបនេះ បានសាងការចាប់អារម្មណ៍ជាច្រើន តាមរយៈការងារជាអ្នកទំនាក់ទំនងទៅកាន់សមាជិកនៅក្នុងសហព័ន្ធ និងខាងក្រៅសហព័ន្ធផងដែរ ទាំងស្ថាប័នរដ្ឋ  និងឯកជន។ 

ជាមួយគ្នានេះ កញ្ញា គឺជាបុគ្គលិកពេញក្របខណ្ឌមួយរូប ដែលជាចំណែកដ៏សំខាន់ក្នុងការរៀបចំកម្មវិធី តូច ធំ របស់សហព័ន្ធសេវាអប់រំជាហូហែរ ដើម្បីផ្តល់នូវវេទិការចែករំលែកចំណេះដឹង បទពិសោធន៍បន្ថែមទៅកាន់សមាជិក យុវជន  និងសាធារណជនផងដែរ។ 

តាមរយៈបទសម្ភាសជាមួយកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ អគ្គលេខាធិការថ្មោងថ្មីរូបនេះពន្យល់ថា៖ « នាងខ្ញុំជាអ្នកតាមដានការអនុវត្តន៍ការងារប្រចាំថ្ងៃរបស់សមាជិកក្នុងស្ថាប័ន ក៏ដូចជាដៃគូរបស់សហព័ន្ធ ដើម្បីឱ្យសម្រេចបាននូវ បេសកកម្ម ចក្ខុវិស័យឱ្យបានប្រសើរ»។ 

ក្នុងនាមជាអ្នកសម្របសម្រួលកិច្ចប្រជុំនានា វាមិនមែនជារឿងងាយស្រួលឡើយសម្រាប់កញ្ញា សុខាល័យ ។ « ពេលខ្លះយើងរវល់រហូតមិនមានពេលញាំបាយបានត្រឹមត្រូវ ឬ ត្រូវប្រជុំដល់យប់ជ្រៅ តែពួកគាត់សហការគ្នាបានយ៉ាងល្អ។ ទាំងនេះជាកម្លាំងជំរុញចិត្ត ឱ្យខ្ញុំប្រឹងប្រែងបន្តទៀតក្នុងនាមជាអគ្គលេខាធិការនេះ។  បើថាកម្លាំងកាយអស់ហើយពេលខ្លះ តែកម្លាំងចិត្តនៅតែមាន ឯខ្ញុំផ្ទាល់មិនដែលមានអារម្មណ៍ថាចង់បោះបង់ចោល ឬ ទម្លាក់បន្ទុកការងារចោលទេ តែធ្វើយ៉ាងណាឱ្យលេខាធិការដ្ឋានភាពភាពរឹងមាំ ហើយអាចពង្រីកក្រុមការងារបានថែមទៀតឱ្យយើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់ជូនសេវាយ៉ាងពេញចិត្តដល់សមាជិកសហព័ន្ធ ក៏ដូចជាសាធារណជនទូទៅផងដែរ»។ ទាំងនេះ ជាការបញ្ជាក់ពីជំហររបស់ កញ្ញា ផាត សុខាល័យ។

សុខាល័យ បានប្រឡូកការងារក្នុងវិស័យអប់រំជិត១០ឆ្នាំដែរ ចាប់តាំងពីតួនាទីជាជំនួយការគ្រូបង្រៀន រហូតក្លាយជាមន្រ្តីនៅអង្គការជាតិ និងអន្តរជាតិ។ល។ ការចេះតម្រង់ទិសការងារ សន្សំបទពិសោធន៍ក្នុងវិស័យអប់រំ ជាដើមទុនសំខាន់សម្រាប់ សុខាល័យ ក្នុងអាជីពមួយនេះ។ 

«ការវិវត្តន៍ពីស្ថាប័ន១ទៅស្ថាប័ន១ ដែលទម្រង់ស្ថាប័នមានភាពប្លែកគ្នា ពីសាលារៀន ទៅអង្គការជាតិ ឬ អន្តរជាតិ ហើយបច្ចប្បន្នមកជាកិច្ចការងារសមាគមទៀត អ៊ីចឹងស្ថាប័នដែលនាងខ្ញុំបំរើការងារមានទម្រង់ខុសគ្នា បែបផែនធ្វើការ និងអភិបាលកិច្ចការងារក៏ខុសគ្នា ដែលឱ្យនាងខ្ញុំរៀនពីការសម្របខ្លួន ឆ្លើយតបទៅកាន់ក្របខណ្ឌផ្សេងៗគ្នាបាន»។ កញ្ញា ផាត សុខាល័យ ឆ្លៀតបញ្ជាក់បន្ថែមបែបនេះ៕
 
 

ព័ត៌មានទាក់ទង