លោក ជា វិទូ ផលិតគ្រាប់ធ្មេញសិប្បនិម្មិត ជំនួសធ្មេញនាំចូលពីបរទេស

28/08/2022 5:00 pm ភ្នំពេញ

ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ សហស្ថាបនិកមន្ទីរផលិតគ្រាប់ធ្មេញសិប្បនិម្មិត ADS លោក ជា វិទូ បានឆ្លងកាត់បទពិសោធន៍ជាទន្តពេទ្យជិត១០ឆ្នាំក្នុងអាជីពនេះ។ ថ្លែងប្រាប់សារព័ត័មានថ្មីៗ តាមរយៈកម្មវិធី «គំនិតថ្មី» លោក វិទូ បង្កើតគ្រាប់ធ្មេញសិប្បនិម្មិតនេះ ជំនួសធ្មេញនាំចូលពីបរទេស ដើម្បីបំពេញតម្រូវការរវាងគ្រូពេទ្យ អ្នកបច្ចេកទេស និងពលរដ្ឋក្នុងស្រុក ។



មន្ទីរផលិតគ្រាប់ធ្មេញសិប្បនិម្មិត ADS បើកដំណើរការជិត៣ឆ្នាំហើយមកទល់ពេលនេះ។ អាជីវកម្មនេះបានលេចចេញជារូបរាងឡើង ដោយ លោក ជា វិទូ និងដៃគូសហការ ដែលសុទ្ធសឹងជាអ្នកជំនាញក្នុងផ្នែកទន្តសាស្រ្តនៅក្នុងរាជធានីភ្នំពេញ។ 
​ 
មូលហេតុទន្តពេទ្យវ័យ២៩ឆ្នាំរូបនេះ បើកដំណើរការមន្ទីរផលិតគ្រាប់ធ្មេញសិប្បនិម្មិតឡើង ព្រោះមើលឃើញនូវភាពខ្វះចន្លោះ និងផលវិបាករវាងគ្រូពេទ្យ និងអ្នកបច្ចេកទេស ពីតម្រូវការធ្មេញសិប្បនិម្មិត ដែលត្រូវតាមស្តង់ដារ និងផ្តល់ភាពងាយស្រួលដល់ពួកគេ។ ម្យ៉ាងទៀតលោកមានជំនាញផ្នែកនេះស្រាប់ និងចង់បំពេញតម្រូវការទីផ្សារក្នុងស្រុក ជាជាងការនាំចូលធ្មេញតែពីបរទេស។

«ក្នុងការបើកអាជីវកម្មផលិតគ្រាប់ធ្មេញសិប្បនិម្មិតនេះ បើគិតពីផលចំណេញអាចថាដកឃ្លាតិចដែរ គ្រាន់តែថាយើងព្យាយាមគិតពីដំណោះស្រាយជូនទន្តពេទ្យនៅក្នុងស្រុកយើងហ្នឹង ក្នុងការផ្តល់ជូនគ្រាប់ធ្មេញសិប្បនិម្មិតមានគុណភាព និងសោភ័ណភាពទៅដល់អ្នកជំងឺ។ មានន័យថាជួយដល់វិស័យឡាបូទន្តសាស្រ្តប្រទេសយើងបាន»។ នេះជាការលើកឡើងរបស់លោក ជា វិទូ ជាមួយសារព័ត៌មានថ្មីៗ។ 

ការផលិតគ្រាប់ធ្មេញសិប្បនិម្មិតសម្រេចបានលទ្ធផលល្អ និងមានការគាំទ្រពីគ្រូពេទ្យធ្មេញក្នុងស្រុកដូចសព្វថ្ងៃនេះ វាទាមទារឱ្យលោក ជា វិទូ ត្រូវយកចិត្តទុកដាក់ទៅលើកត្តាពង្រឹងសម្ថភាពដល់អ្នកបច្ចេកទេសផលិត តាំងពីកម្រិតមូលដ្ឋាន រហូតក្លាយជាអ្នកជំនាញក្នុងផ្នែកនេះ ។ 

បុរសមកពីខេត្តកណ្តាលរូបនេះបន្ថែមថា អ្នកបច្ចេកទេសត្រូវតែស្គាស់ឱ្យច្បាស់ពីបរិក្ខារផលិតធ្មេញ ប្រភេទ និងទម្រង់ធ្មេញ ពិសេសរបៀបដុសខាត់ជំនាញធ្វើធ្មេញឱ្យត្រូវតាមស្តង់ដារ ដែលអាចយកទៅប្រើប្រាស់បាន។

ទម្រាំតែផលិតបានជាគ្រាប់ធ្មេញសិប្បនិម្មិតដែលឈានដល់ការសម្រេចចុងក្រោយ មិនមែនជារឿងងាយស្រួលឡើយ។ លោក ជា វិទូ ឆ្លៀតបន្ថែមថា៖ « គ្រប់ដំណាក់កាលនីមួយៗ ត្រូវយកចិត្តទុកដាក់ខ្ពស់មែនទែន តាមបែបផែននៃការគ្រប់គ្រងរបស់ QC ហើយត្រូវខំធ្វើ និងកែច្រើនដងដែរ។ ការងារនេះ អ្នកបច្ចេកទេសត្រូវមានសមត្ថភាពខ្ពស់ ស្គាល់បរិក្ខារ មុខងារទាំងអស់របស់ធ្មេញ ត្រូវមានសិល្បៈខ្ពស់ ហើយត្រូវរៀនធ្វើធ្មេញពីក្រមួន ពីសេរ៉ាមិច ឬ ថ្ម ឱ្យអាចយកទៅប្រើការបានតែម្តង។ ទាំងខ្ញុំ ទាំងគាត់ហ្នឹង មានភាពអំណត់ តស៊ូ អត់ធន់មែនទែន សម្រាប់បង្កើតគ្រាប់ធ្មេញសិប្បនិម្មិតនេះ តាំងពីដំណាក់កាលចាប់ផ្តើម រហូតដល់ទីបញ្ចប់»។

បច្ចុប្បន្នមន្ទីផលិតគ្រាប់ធ្មេញសិប្បនិម្មិតADS របស់លោក ជា វិទូ មានដៃគូសហការក្នុងស្រុកជាង១០ហើយ ដែលទទួលយកគ្រាប់ធ្មេញទាំងនោះ ទៅបំពេញតម្រូវការប្រចាំថ្ងៃរបស់ពួកគេ ជំនួសឱ្យគ្រាប់ធ្មេញ ដែលធ្លាប់តែនាំចូលពីក្រៅប្រទេស។ ជាមួយនឹងសមិទ្ធផលដែលលេចចេញជារូបរាងបណ្តើរៗនេះ លោក ជា វិទូ ហាក់បង្ហាញពីភាពជឿជាក់ក្នុងវិស័យទន្តសាស្រ្តនេះថា ផលិតផលរបស់លោក នឹងអាចបំពេញតម្រូវការក្នុងស្រុកបានប្រកបដោយគុណភាព ស្តង់ដារ និងសោភ័ណភាពជូនអតិថិជន។

« បច្ចុប្បន្នឡាបូក្នុងស្រុកផ្នែកទន្តសាស្រ្តនេះមានការដើរទៅមុខបានច្រើន។ តួយ៉ាង ការងារមួយចំនួន យើងធ្លាប់តែបញ្ជូនទៅក្រៅស្រុក ដើម្បីធ្វើ ធ្វើហើយបញ្ជូនមកស្រុកវិញ តែបច្ចុប្បន្នការងារនេះសឹងតែ១០០%ហើយ គឺឡាបូទន្តសាស្រ្តក្នុងស្រុកយើងអាចធ្វើបានដោយខ្លួនឯង។ ធ្លាប់តែពីមុនយើងធ្វើធ្មេញបានតែក្នុងទំហំ ០. ៥ ទៅ ០.៨  មីលីម៉ែត្រ ព្រោះខ្លាចថាស្តើង តែបច្ចុប្បន្ន យើងអាចធ្វើបានក្នុងទំហំ ០.២ ទៅ ០. ៣ មីលីម៉ែត្របានហើយ ដែលអាចធានាបាននូវគុណភាព ស្តង់ដារ សោភ័ណភាពជូនបងប្អូនយើងបានផងដែរ»។ សហស្ថាបនិកមន្ទីផលិតគ្រាប់ធ្មេញសិប្បនិម្មិត ADS បានបញ្ជាក់បែបនេះ៕






 

ព័ត៌មានទាក់ទង