ធនាគារជាតិ នឹងចាត់វិធានចំពោះក្រុមហ៊ុន និងបុគ្គលណាផ្តល់កម្ចីខុសច្បាប់

27/08/2022 9:00 am ភ្នំពេញ

ដោយ៖ អ៊ូ សុខមាន

ធនាគារជាតិនៃកម្ពុជា (NBC) កំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមច្បាប់ចំពោះក្រុមហ៊ុន និងបុគ្គលណាដែលផ្តល់កម្ចីខុសច្បាប់ដល់ពលរដ្ឋ។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) គាំទ្រនូវវិធានការរបស់NBCក្នុងការទប់ស្កាត់ការផ្តល់កម្ចីក្រៅផ្លូវការនេះ ដើម្បីជួយពលរដ្ឋឱ្យគេចផុតពីការជាប់បំណុល«វ័ណ្ឌក» និងជួយពង្រឹងការប្រើប្រាស់កម្ចីផ្លូវការឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ។



ការព្រមានចាត់វិធានការរបស់ធនគារជាតិនេះ បានធ្វើឡើងបន្ទាប់ពីមានក្រុមហ៊ុន ឬបុគ្គលមួយចំនួន បានផ្សព្វផ្សាយ ផ្តល់កម្ចីខុសច្បាប់យ៉ាងចំហដល់ពលរដ្ឋ តាមរយៈប្រព័ន្ធអនឡាញ បណ្តាញទំនាក់ទំនងសង្គម ការផ្សព្វផ្សាយតាមខិត្តប័ណ្ណ និងការបិទផ្សាយនៅតាមទីកន្លែងសាធារណនានា... ជាដើម។ 

សេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជានាថ្ងៃទី២៥សីហា បានបញ្ជាក់ថា ការផ្តល់ឥណទានដោយក្រុមហ៊ុន ឬបុគ្គលដែលគ្មានអាជ្ញាបណ្ណទាំងនេះ  គឺជាសកម្មភាពល្មើសច្បាប់ជាធរមាន ជាពិសេសច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ធនាគារជាតិនៃកម្ពុជា ​នឹងចាត់វិធានការតាមច្បាប់លើក្រុមហ៊ុនទាំងអស់នេះ ដើម្បីការពារផលប្រយោជន៍ពលរដ្ឋ និងរក្សាស្ថិរភាពប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។  

ជុំវិញនៃការចាត់វិធានរបស់ធនាគារជាតិនៃកម្ពុជាលើក្រុមហ៊ុន ឬបុគ្គលដែលផ្តល់កម្ចីខុសច្បាប់នេះ លោក កាំង តុងងី បានលើកឡើងថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) នឹងចូលរួមលើកិច្ចការងារនេះ​ បើសិនធានាគារជាតិនៃកម្ពុជាត្រូវការការគាំទ្របន្ថែម។ អ្នកនាំពាក្យរបស់CMAរូបនេះបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះ៖ «ដោយសារយើងឃើញថាផ្តល់កម្ចីខុសច្បាប់ទាំងអស់នេះ  កំពុងតែបង្កផលប៉ះពាល់ខ្លាំងទៅដល់ប្រជាពលរដ្ឋយើង ហើយពេលខ្លះវារាលដាលទៅដល់អតិថិជនយើងដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ​»។ 

បើតាមលោក តុងងី នៅពេលដែលក្រុមផ្តល់កម្ចីក្រៅផ្លូវការចូលទីផ្សារកម្ពុជាបែបនេះ វាបានបង្កភាពស្មុគស្មាញច្រើនដល់វិស័យធនាគារ​និងហិរញ្ញវត្ថុ ។​ លោកបានបញ្ជាក់ថា កន្លងមកមានពលរដ្ឋច្រើនណាស់ ដែលរងប៉ះពាល់ពីការយកកម្ចីក្រៅផ្លូវការ ឬ ខុសច្បាប់ទាំងនេះ។​ 

«កម្ចីក្រៅផ្លូវការ មានផលប៉ះពាល់ធំជាងគេ គឺទៅលើប្រជាពលរដ្ឋកម្ពុជាយើងហ្នឹង ព្រោះយើងឃើញថា កម្ចីក្រៅផ្លូវការ គឺគេយកអត្រាប្រាក់ខ្ពស់ និងមិនមានយន្តការច្បាស់លាស់ក្នុងការពារអតិថិជនទេ​»។​  នេះជាការលើកឡើងរបស់លោក តុងងី ។
លោក បន្តពន្យល់ថា៖« នៅពេលក្រុមហ៊ុនឬបុគ្គលផ្តល់កម្ចីក្រៅផ្លូវការទាំងនោះយកការប្រាក់ថ្លៃពេក ហើយអតិថិជនគ្មានលទ្ធភាពបង់ការប្រាក់ឱ្យពួកគេវិញ នោះវានឹងកើតជាការប្តឹងផ្តល់គ្នា ការគំរាមកំហែង ការរឹបអូស ការប្រើប្រាស់អំពើហិង្សាជាដើម។ យើងឃើញមានច្រើន! រហូតមានករណីខ្លះអតិថិជនមិនមានលទ្ធភាពសង់ប្រាក់ ក៏ត្រូវបានគេបង្ហោះហ្វេសប៊ុក​ និងបិទរូបអតិថិជន នៅតាមទីសាធារណដែលបង្កភាពរញ៉េរញ៉ៃជាច្រើនដល់សង្គមជាតិ» ។

ដើម្បីចៀសវាងពីការបោកប្រាស់ក្រោមរូបភាពណាមួយ ឬផលវិបាកផ្សេងៗពីការទទួលបានកម្ចីក្រៅផ្លូវការ ទាំងធនាគារជាតិនៃកម្ពុជា​ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមទាំងភាគីពាក់ព័ន្ធផ្សេងៗទៀត បានលើកទឹកចិត្តពលរដ្ឋឱ្យប្រើប្រាស់តែសេវារបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការតែប៉ុណ្ណោះ។​ ធនាគារជាតិនៃកម្ពុជា នឹងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុអំណោយផល ដើម្បីឱ្យពលរដ្ឋទូទៅមានលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការទាន់ពេលវេលា មានតម្លៃសមរម្យ និងមានកិច្ចការពារតាមផ្លូវច្បាប់ ស្របតាមយុទ្ធសាស្ត្រជាតិស្តីពី«បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥»។

យោងតាមរបាយប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា  ប្រព័ន្ធធនាគារកម្ពុជា គឺមានធនាគារពាណិជ្ជកម្មនិងឯកទេស​ ចំនួន៦៦, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៨៥, គ្រឹះស្ថានឥណទានជនបទចំនួន២៣១, ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុចំនួន១៧។ 

គិតត្រឹមឆមាសទី១ឆ្នាំ២០២២ វិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុ​ បានផ្តល់ឥណទានចំនួន៥១,៥ពាន់លានដុល្លារ ដល់អតិថិជន សរុប ៣,៣លានគណនី។   ក្នុងនោះ ធនាគារបានផ្តល់កម្ចីបាន៤២,២ពាន់លានដុល្លារ ដោយមាន១,៤លានគណនី ខណៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្តល់កម្ចីបាន ៨,៨ពាន់លានដុល្លារ ដោយអតិថិជន ១,៩លានគណនី៕ 

 

ព័ត៌មានទាក់ទង