បឹងទន្លេសាប ជាអាយុជីវិតរបស់អ្នកនេសាទ និងកសិករ

01/12/2022 12:00 pm បាត់ដំបង

ដោយ៖ ហេង ស្រីលីន

ភ្នំពេញ៖ បឹងទន្លេសាប ជាប់ខេត្តកំពង់ឆ្នាំង កំពង់ធំ បាត់ដំបង ពោធិ៍សាត់ និងខេត្តសៀមរាប ដែលជាបឹងទឹកសាបធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍។ បឹងនេះ ត្រូវបានចាត់ទុកជារតនសម្បត្តិរបស់កម្ពុជា ដែលសម្បូរទៅដោយជីវៈចម្រុះជាច្រើនប្រភេទ។ ក្រៅពីផ្តល់ជម្រកដល់ សត្វ និងរុក្ខជាតិ បឹងទន្លេសាប ក៏ជាប្រភពទឹកដ៏សំខាន់សម្រាប់អ្នកនេសាទ និងកសិករ អាស្រ័យផលផងដែរ។



បឹងទន្លេសាប មានបណ្ដោយប្រមាណ ១១៦ គីឡូម៉ែត្រ ទទឹង ប្រមាណពី ៣ គីឡូម៉ែត្រ ទៅ ៣៣ គីឡូម៉ែត្រ និងមានឆ្នេរប្រវែងប្រមាណ ៤៨២ គីឡូម៉ែត្រ នៅរដូវប្រាំង ។ វិសាលភាពនៃបឹងនេះ ប្រែប្រួលទៅតាមរដូវកាល ។ តួយ៉ាង នៅរដូវប្រាំង បឹងទន្លេសាប មានវិសាលភាពជាង ២ ៥០០ គីឡូម៉ែត្រការ៉េ។ ចំណែក រដូវវស្សា មានភ្លៀងធ្លាក់ខ្លាំង ផ្ទៃបឹងទន្លេសាបបានពង្រីកវិសាលភាពរបស់វាចំនួនបួនដង និងមានជម្រៅអតិបរមាចាប់ពី ៤ ម៉ែត្រទៅ ១០ ម៉ែត្រ។ នេះបើតាម អាជ្ញាធរទន្លេសាប។ 

ការកើនឡើងនៃវិសាលភាពទឹកបឹងទន្លេសាប ជាកត្តាដែលនាំឱ្យចំនួនត្រីដ៏ច្រើនសន្ធឹកសន្ធាប់ ធ្វើចរាចរណ៍ផ្លាស់ទីពីបឹងទន្លេសាបទៅទន្លេមេគង្គ។ ការណ៍នេះ បានធ្វើឱ្យប្រជាជនក្នុងភូមិបណ្តែតទឹក នាំគ្នារៀបចំឧបករណ៍នេសាទជាច្រើនប្រភេទដូចជា លប សំណាញ់ ដើម្បីចាប់ត្រីដែលធ្វើការបំលាស់ទី។ 

ត្រីប្រមាណ ២៨០ប្រភេទ កំពុងរស់នៅក្នុងបឹងទឹកសាបនេះ ខណៈ ជីវសាស្ដ្រចម្រុះក្នុងតំបន់បឹងទន្លេសាប រួមមាន ល្មូន ៤២ ប្រភេទ បក្សី ២២៥ ប្រភេទ ថនិកសត្វ ៤៦ ប្រភេទ និងរុក្ខជាតិជាង ២០០ ប្រភេទ ។

បើតាមសៀវភៅខ្ញុំចង់ដឹងចំណងជើងថា «ជីវិតជុំវិញបឹងទន្លេសាប» របស់អង្គការស៊ីប៉ា ការនេសាទនៅកម្ពុជាមានតួនាទីធំ ហើយត្រីជាអាហារសំខាន់បន្ទាប់ពីស្រូវ។ ពលរដ្ឋជុំវិញបឹងទន្លេសាបរាប់ពាន់នាក់ រស់នៅពឹងផ្អែកលើការនេសាទ ខណៈការបរិភោគត្រីរបស់មនុស្សម្នាក់ៗ ជាមធ្យម៦៧គីឡូក្រាម ក្នុងមួយឆ្នាំ។ 

ក្រៅពីផ្តល់ប្រយោជន៍ដល់អ្នករស់នៅជុំវិញបឹងទន្លេសាប ការនេសាទ ក៏បានផ្តល់ចំណូលដល់សេដ្ឋកិច្ចជាតិផងដែរ ដូចជា ពន្ធទាក់ទងនឹងការនេសាទ រួមទាំងលំនាំផលចេញផងដែរ។ ចំពោះបរិមាណត្រីនេសាទបានជាមធ្យមក្នុងមួយឆ្នាំៗ មានលើសពី ១សែនតោន។ ការនេសាទប្រព្រឹត្តទៅពេញមួយឆ្នាំ លើកលែងតែរដូវត្រីពង។ 

ទៅហើយ មកវិញព្រោះតែទឹក

ទៅហើយ មកវិញព្រោះតែទឹក ជាប្រយោគមួយឃ្លា ដែលគេសំដៅលើការផ្លាស់ទីរបស់កសិករទៅតាមវដ្តទឹក។ នៅពេលទឹកស្រកចុះ មាត់បឹងនិងព្រៃលិចទឹកក៏រីងស្ងួត ឯកសិករ ដែលរស់នៅតំបន់ក្រោយមាត់បឹងក៏ប្តូររបៀបរស់នៅ។ 

ឆ្លៀតពេលទំនេរ ក្រោយការច្រូតកាត់ កសិករនាំគ្នាចាកចោលភូមិ ដោយបររទេះចុះទៅតាំងទីលំដ្ឋាននៅមាត់បឹងទន្លេសាប។ ប្រជាជនទាំងនោះ សង់ខ្ទមបណ្តោះអាសន្ន ជាមួយគ្រួសារ និងសត្វ។ គោ ក្របីមានស្មៅខ្ចីមាត់បឹងសម្រាប់ស៊ី។ ចំណែកមនុស្ស អាចនេសាទក្នុងសាធារណៈ ហើយធ្វើត្រីងៀត ត្រីឆ្អើរ ប្រហុក និងផ្អកជាដើម។ 

ក្រៅពីនេះការនេសាទ ក៏មានខ្លះទៀតដាំដំណាំ ដូចជា ល្ពៅ ត្រឡាច ឪឡឹក ពោត សណ្តែក និងធ្វើស្រូវប្រាំង។ អ្នកនេសាទ និងកសិករទាំងនេះ រស់នៅទីនោះប្រហែល ១ខែ ឬយូរជាងនេះ។ រហូតដល់ពេលទឹកជំនន់ឡើងស្រឺតៗ ដេញកសិករ និងអ្នកនេសាទ ឱ្យវិលត្រឡប់មកភូមិវិញ ដើម្បីចាប់ផ្តើមធ្វើស្រែវស្សា។

ភូមិនោះ អ្វីៗក៏បណ្តែតទឹក

បឹងទន្លេសាប ជាអាយុជីវិតរបស់អ្នកនេសាទ។ អ្នកដែលរស់នៅ ដោយពឹងផ្អែកតែលើការនេសាទមួយមុខ បានសង់ផ្ទះផ្តុំគ្នាជាភូមិ ដែលប្តូរកន្លែងទៅតាមទឹក។ ភូមិនោះ ជាភូមិបណ្តែតទឹក ដែលអ្វីៗទាំងអស់សុទ្ធតែសង់លើក្បូន ឬទូក ដូចជា ផ្ទះ ហាងកាហ្វេ ផ្ទះលក់គ្រឿងទេស សាលារៀន និងទ្រុងជ្រូកជាដើម។ ចំពោះការធ្វើដំណើរ ពលរដ្ឋក្នុងភូមិបណ្តែតទឹកប្រើមធ្យោបាយទូក។ 

ភូមិនេះឡើងតាមទឹកចូលទៅជ្រកក្នុងដៃមួយរបស់បឹងទន្លេសាប ហើយចុះតាមទឹកវិញ ពេលទឹកស្រក។ នៅក្នុងភូមិបណ្តែតទឹក ពលរដ្ឋរស់នៅដោយការនេសាទត្រីធ្វើជាត្រីងៀត ត្រីឆ្អើរ ប្រហុក ផ្អក ទឹកត្រី ការចិញ្ចឹមត្រីក្នុងបែ និងក្រពើក្នុងទ្រុងធំៗ។ ថ្មីៗនេះ ភូមិបណ្តែតទឹកខ្លះបានអភិវឌ្ឍអេកូទេសចរណ៍ផងដែរ។

គួរបន្ថែមដែរថា ជុំវិញបឹងទន្លេសាប គឺមានព្រៃលិចទឹកលាតសន្លឹងធំធេងល្វឹងល្វើយជុំវិញបឹងទន្លេសាប ដោយជួនកាលមានមានទទឹងប្រហែល ៣០គីឡូម៉ែត្រ។ ព្រៃលិចទឹក ក៏មានច្រើនដែរនៅតាមបណ្តោយបឹងទន្លេសាប ក្នុងកំហូងក្រោយឆ្នេរទន្លេ ដូចជានៅម្តុំឧដុង្គជាដើម។  ព្រៃទាំងនេះនឹងលិចនៅរដូវទឹកឡើង  ដោយអាចឃើញដើមឈើតូចៗ ឬកម្ពស់មធ្យម ព្រៃគុម្ពោត វល្លិ និងរុក្ខជាតិជាច្រើនផ្សេងទៀត។ ព្រៃនេះក៏ជាជម្រកសត្វ នៃពពួកប្រភេទសត្វចតុប្បាទ និងសត្វស្លាបផងដែរ៕

 

ព័ត៌មានទាក់ទង