អង្គការហ្រ្គេត ផ្ដល់បច្ចេកទេសកែច្នៃសំរាមទៅជីកំប៉ុស្ដអាចម៍ជន្លេន ដល់កសិករស្រុកសូទ្រនិគម

09/08/2022 11:00 am សៀមរាប


ដោយ៖ ឈុំ ចន្ថា 
ភ្នំពេញ៖ អង្គការហ្រ្គេត(Great) បានសហការជាមួយសហគមន៍ អ៊ីកូ ហ្វាម(Eco farm) ផ្ដល់បច្ចេកទេសកែច្នៃសំរាម និងកាកសំណល់តាមផ្សារទៅជាជីកំប៉ុស្ដអាចម៍ជន្លេន ដល់កសិករស្រុកសូទ្រនិគម ខេត្តសៀមរាប។ មិនតែប៉ុណ្ណោះ ហ្រ្គេត ក៏មានគម្រោងបង្កើតទីផ្សារលក់ជីកំប៉ុស្ដនេះឱ្យកសិករផងដែរ ក្នុងករណីផលិតលើសតម្រូវការ។


 

លោកស្រី Justine Scholle ទីប្រឹក្សាបច្ចេកទេសនៃអង្គការហ្រ្គេតប្រចាំកម្ពុជា បានបញ្ជាក់ថា គម្រោងកែច្នៃសំរាម និងកាកសំណល់តាមផ្សារទៅជាជីកំប៉ុស្ដអាចម៍ជន្លេននេះ នឹងចាប់ផ្ដើមដំណើរការក្នុងឆ្នាំ ២០២២ខាងមុខ។ តាមរយៈការយកសំរាម និងកាកសំណល់ជីវៈទៅឱ្យជន្លេនស៊ី ទើបផលិតចេញជាជីកំប៉ុស្ដអាចម៍ជន្លេនវិញ។ 

ការប្រែក្លាយសំរាមទៅជីកំប៉ុស្ដអាចម៍ជន្លេននេះ នឹងជួយបម្រើដល់ការងារកសិកម្មរបស់ពលរដ្ឋស្រុកសូទ្រនិគម ជាពិសេសកាត់បន្ថយថ្លៃចំណាយទៅការទិញជីថ្នាំគីមីដែលកំពុងឡើងថ្លៃទ្វេដង។ លោកស្រី Justine រៀបរាប់ដូច្នេះថា៖« ខេត្តសៀមរាប មានសំរាមច្រើន ហើយសំរាមទាំងនោះ មិនត្រូវបានបែងចែកនៅឡើយ។ អ៊ីចឹង អ្វីដែលយើងធ្វើ គឺផ្ដោតលើការកែច្នៃសំរាម ទី១ វាជួយដល់សេដ្ឋកិច្ច និងទី២ ជួយដល់ការដាំដុះដំណាំរបស់កសិករយើង»។



ទីប្រឹក្សាបច្ចេកទេសនៃអង្គការហ្រ្គេតប្រចាំកម្ពុជារូបនេះ បានឱ្យដឹងថា បច្ចុប្បន្ន គម្រោងនេះ មានសមាជិកជាង ២ពាន់គ្រួសារ ដែលអាចផលិតជីកំប៉ុស្ដធម្មតាគ្រប់គ្រាន់។ ដោយឡែក ចំពោះការអនុវត្តការកែច្នៃជីកំប៉ុស្ដអាចម៍ជន្លេនពុំទាន់ត្រូវបានកំណត់នៅឡើយ។ 

តាមរយៈគម្រោងផលិតជីកំប៉ុស្ដនេះ អង្គការ ហ្រ្គេតនឹងសាងសង់ទីតាំង និងបង្រៀនបច្ចេកទេសដល់កសិករ ធ្វើយ៉ាងណាអាចផលិតជីកំប៉ុស្ដអាចម៍ជន្លេនបានដោយខ្លួនឯង។ ជាងនេះទៀត ក្នុងករណី ប្រើប្រាស់មិនអស់ ហ្រ្គេតនឹងជួយផ្សព្វផ្សាយ ធ្វើយ៉ាងណាឱ្យកសិករផលិតបានហើយ អាចលក់ និងរកចំណូលបន្ថែមពីការងារផលិតជីកំប៉ុស្ដវិញ។ 

លោកស្រី Justine ប្រាប់ដូច្នេះ៖«កសិករដែលទទួលបន្ទក់ធ្វើជីកំប៉ុស្ដ យើងនឹងសាងសង់ទីតាំងឱ្យគាត់ ហើយបង្រៀនបច្ចេកទេស ធ្វើមិចឱ្យគាត់អាចផលិតកំប៉ុស្ដចេញជាលទ្ធផលមក។ អ៊ីចឹង កសិករជាអ្នកធ្វើ ហើយយើងបានតែជំរុញ និងពង្រីងពួកគាត់ទេ»៕  

 

ព័ត៌មានទាក់ទង