ខេត្តកោះកុង និងព្រះសីហនុ អាចប្រឈមជំនន់ទឹកភ្លៀងដោយសាររងឥទ្ធិពលព្យុះមូឡេន

ដោយ៖ ប៉ូ សុភា
ភ្នំពេញ៖ កម្ពុជានឹងទទួលរងឥទ្ធិពលសម្ពាធទាប ITCZ និងឥទ្ធិពលព្យុះទី៧ ឈ្មោះមូឡេន MULAN ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៣ខែសីហា ។ ព្យុះនេះនឹងឆ្ពោះទៅប្រទេសវៀតណាមនៅថ្ងៃទី១១ខែសីហា។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យខេត្តមួយចំនួនមានភ្លៀង លាយឡំ ផ្គរ រន្ទះពិសេសខេត្តកោះកុង និងព្រះសីហនុ អាចរងជំនន់ទឹកភ្លៀង។

ក្រសួងធនធានទឹក និងឧតុនិយមឱ្យដឹងថា ឥទ្ធិពលសម្ពាធទាប ITCZ អូសបន្ទាយកាត់ភាគខាងជើងប្រទេសថៃ ឡាវ វៀតណាម រួមជាមួយនឹងឥទ្ធិពលព្យុះទី៧ មូឡេន MULAN នឹងបន្តបក់ទៅប្រទេសវៀតណាមនៅថ្ងៃទី១១ ខែសីហា។
ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់ទំនាបកណ្ដាលអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យម ក្នុងនោះអាចមានភ្លៀងក្នុងកម្រិតបង្គួរ ដោយមានលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំពោះតំបន់ទំនាបកណ្ដាលនឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតតិចទៅបង្គួរលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
ចំណែកឯ តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ។
មួយវិញទៀតនៅចន្លោះថ្ងៃទី១០ដល់១២ ខែសីហា នឹងអាចមានភ្លៀងធ្លាក់ច្រើន ជាហេតុធ្វើឱ្យផ្នែកមួយចំនួននៅក្នុងភូមិសាស្រ្តខេត្តកោះកុង និងខេត្តព្រះសីហនុ អាចប្រឈមនឹងជំនន់ទឹកភ្លៀង។ នៅលើផ្ទៃសមុទ្រ អាចមានភ្លៀងខ្យល់បក់បោកខ្លាំង និងមានរលកសមុទ្រខ្ពស់ៗ។ បន្ទាប់ពីនោះ ភ្លៀងនឹងថមថយក្នុងកម្រិតតិចទៅមធ្យម៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

