កម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយថៃ តាមរយៈការពង្រីកបណ្តាញទីផ្សារពិព័រណ៍

08/08/2022 3:00 pm ភ្នំពេញ

ដោយ ៖ ធន់ សេងហុង
 
កម្ពុជា និងថៃ ប្តេជ្ញារួម​គ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ​តាមរយៈការពង្រីកបណ្តាញទីផ្សារពិព័រណ៍ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។



រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាលោក ប៉ាន សូរស័ក្តិ បានជួបពិភាក្សាការងារជាមួយលោក Sanan Angubolkul ប្រធានសភាពាណិជ្ជកម្មថៃ កាលពីថ្ងៃទី៥ សីហា។ បើតាមក្រសួងពាណិជ្ជកម្មជំនួបនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងនិងពង្រីក ទំនាក់ទំនងធុរកិច្ច ជំរុញពាណិជ្ជកម្ម និងបង្កើនទំហំវិនិយោគរវាងប្រទេសទាំងពីរ។
 
លោក ប៉ាន សូរស័ក្តិ លើកទឹកចិត្តឱ្យវិនិយោគិនថៃនៅកម្ពុជាស្រាប់ បន្តសកម្មភាពជំរុញពាណិជ្ជកម្ម និងការវិនិយោគ ដោយប្រើប្រាស់សក្តានុពលធុរកិច្ចនៅកម្ពុជាឱ្យបានពេញលេញ ព្រមទាំងស្វាគមន៍វិនិយោគិនថៃមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ឆ្ពោះទៅរកផលប្រយោជន៍ និងវិបុលភាពទៅវិញទៅមក។
 
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរបានកើនឡើងពី ៣,៤៩ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ដល់ ៣,៨៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ កើនឡើងក្នុងអត្រា ១០.៤ភាគរយ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ប៉ាន សូរស័ក្តិ។
 
រដ្ឋមន្រ្តីពាណិជ្ជកម្មរូបនេះ បានស្នើដល់សភាពាណិជ្ជកម្មថៃ រៀបចំបេសកកម្មពាណិជ្ជកម្មកម្ពុជា-ថៃ និងចូលរួមក្នុងការតាំងពិព័រណ៍កម្ពុជា ដែលរៀបចំឡើងជារៀងរាល់ឆ្នាំនៅរាជធានីភ្នំពេញដោយក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ តាមរយៈដំណើរទស្សនកិច្ចរបស់សភាពាណិជ្ជកម្មថៃនាពេលនេះ គឺដើម្បីបង្កើនឱកាសពាណិជ្ជកម្ម ពង្រីកបណ្តាញទីផ្សារតាមរយៈពិព័រណ៍ពាណិជ្ជកម្មមានគុណភាពខ្ពស់ ជាពិសេសនៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV)។
 
លោក Sanan Angubolkul បានលើកឡើងថា ទស្សនកិច្ច និងពិព័រណ៍ពាណិជ្ជកម្មនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ជាមួយដៃគូអាជីវកម្មនានាក្នុងប្រទេសកម្ពុជា ដូចជា សភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាសមាគមពាណិជ្ជកម្មនានា ដើម្បីអញ្ជើញធុរជនកម្ពុជា-ថៃ ពិភាក្សាគ្នាក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ក៏ដូចជាការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត។
 
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងដែរថាសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មថៃ បាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញការផ្គូផ្គងធុរកិច្ច ធានាលំហូរនៃអាជីវកម្ម និងការវិនិយោគជាដើម ដែលនឹងនាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ភាគីទាំងពីរ។
 
សូមជម្រាបថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងថៃ សម្រេចបានក្នុងរង្វង់ទឹកប្រាក់ជាង ២,២៩ពាន់លានដុល្លារ នៅក្នុងឆមាសទី១នេះ។ ទំហំនេះ បានកើនឡើងក្នុងអត្រា ២២,៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានទឹកប្រាក់ប្រមាណ ១,៨៧ពាន់លានដុល្លារ ។ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

ព័ត៌មានទាក់ទង