រដ្ឋាភិបាលកំពុងរៀបចំ «គោលនយោបាយទេសចរពិសេស» ដើម្បីទាក់ទាញទេសចរធុរកិច្ចបន្ថែម

08/08/2022 2:00 pm ភ្នំពេញ

ដោយ៖ ជឿន ស្រីណយ

ភ្នំពេញ៖ រដ្ឋាភិបាលកំពុងរៀបចំគោលនយោបាយស្ដីពីទេសចរពិសេស ដែលសំដៅជំរុញកំណើនទេសចរធុរកិច្ច ព្រោះពួកគេចំណាយពេលនៅកម្ពុជា យូរជាងទេសចរធម្មតា។ ការណ៍នេះ ដើម្បីទាញយកចំណូលបន្ថែមពីទេសចរអន្តរជាតិ ចាក់ចូលចរន្តសេដ្ឋកិច្ចជាតិ។



ក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសាលាពិភាក្សាលើសេចក្ដីព្រាង «គោលនយោបាយស្ដីពីទេសចរពិសេស» នៅសណ្ឋាគារសាន់វ៉េ កាលពីថ្ងៃទី៤សីហា ឆ្នាំ២០២២។ ក្នុងសិក្ខាសាលានេះ លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ លើកឡើងថា ទេសចរពិសេស ជាអ្នកទេសចរផង និងអ្នកវិនិយោគ ដែលមានក្រុមហ៊ុន អាជីវកម្ម មុខរបរ ពាណិជ្ជកម្មនៅប្រទេសកម្ពុជាផង។ 

បើតាមលោក ទិត ចន្ថា ទេសចរអន្តរជាតិធុរកិច្ចចំណាយពេលវេលាយូរ ពេលមកកម្ពុជាម្ដងៗ ព្រោះពួកគេមកកម្ពុជាដើម្បីពិនិត្យជំនួញផង និងទេសចរណ៍ផង ដែលចំណាយថវិកាច្រើនជាងទេសចរធម្មតា។ « ភ្ញៀវទេសចរម្នាក់ចំណាយជាមធ្យម ៧០០ទៅ៨០០ដុល្លារក្នុងការធ្វើដំណើរមកទស្សនាកម្ពុជា១លើក ប៉ុន្តែភ្ញៀវទេសចរគុណភាពអាចចំណាយចាប់ពី ២ពាន់ទៅ៣ពាន់ដុល្លារក្នុងម្នាក់ ហើយមកញឹកញាប់ជាងទេសចរធម្មតាទៀត»។ នេះបើតាមលោក ទិត ចន្ថា បញ្ជាក់ក្នុងទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍។ 


លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍។ រូបភាព៖ ក្រសួងទេសចរណ៍

លើសពីនេះ«គោលនយោបាយស្ដីពីទេសចរពិសេស» ក៏ផ្ដោតលើការទាក់ទាញទេសចរធម្មតាឱ្យក្លាយជាទេសចរគុណភាព មានន័យថាប្រែក្លាយពួកគេពីអ្នកទេសចរ ឱ្យក្លាយជាទេសចរធុរកិច្ច។ គោលបំណងមួយទៀតនៃ «គោលនយោបាយស្ដីពីទេសចរពិសេស»  គឺទាក់ទាញទេសចរចូលនិវត្តន៍ និងទេសចរវិស្សមកាល។ ដើម្បីទាក់ទាញទេសចរប្រភេទនេះបាន ក្រសួងនិងរដ្ឋពិចារណា ឱ្យទេសចរទាំងនោះអាចទិញផ្ទះលម្ហែនៅកម្ពុជា ប៉ុន្តែផ្ដោតលើតែគោលដៅទេសចរណ៍សំខាន់ៗប៉ុណ្ណោះ។

យ៉ាងណាមិញ រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ មិនទាន់អាចសម្រេចលើគោលនយោបាយស្ដីពីទេសចរពិសេសនេះបានឡើយ ។ លោកអះអាងដូច្នេះ៖  « ប៉ុន្តែទោះជាយ៉ាងណា រាល់ការគំនិតយោបល់ទាំងឡាយ គឺស្ថិតនៅក្នុងដំណាក់កាលពិភាក្សានៅឡើយទេ មុននឹងសម្រេចជាផ្លូវការក្នុងពេលឆាប់ខាងមុខ»។

សូមជម្រាបថា កាលពីឆ្នាំ២០១៩ កម្ពុជាអាចរកចំណូលពីវិស័យទេសចរណ៍ប្រមាណ ជិត៥ពាន់លានដុល្លារអាម៉េរិក ពីទេសចរសរុបប្រមាណ ២០លាននាក់ ក្នុងនោះទេសចរអន្តរជាតិប្រមាណ ៦.៦លាននាក់ ដែលមានទេសចរធុរកិច្ចប្រមាណ ១០ភាគរយប៉ុណ្ណោះ៕
 

ព័ត៌មានទាក់ទង