អាម៉េរិក នឹងប្រគល់សម្បត្តិវប្បធម៌ចំនួន៣០ផ្ទាំង រួមទាំងរូបចម្លាក់ព្រះស្គន្ទ មកកម្ពុជាវិញ

07/08/2022 4:30 pm ភ្នំពេញ

ដោយ: ធៀន ភា​រិន្ទ​

ឧបការីរដ្ឋមន្រ្តីការបរទេសទទួលបន្ទុកកិច្ចការវប្បធម៌ និងអប់រំ លោកស្រី Lee Satterfield នឹងធ្វើដំណើរទៅក្រុងញូវយ៉ក នៅថ្ងៃទី៨ ខែសីហា ដើម្បីចូលរួមពិធីប្រគល់សម្បត្តិវប្បធម៌ចំនួន៣០ ផ្ទាំង ក្នុងនោះរួមមានរូបចម្លាក់ព្រះស្គន្ទ មកកម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសអាម៉េរិក ចេញនៅថ្ងៃទី៦ ខែសីហា។



អាម៉េរិក នៅថ្ងៃទី៨ ខែសីហា នឹងប្រារព្ធពិធីប្រគល់សម្បត្តិវប្បធម៌ចំនួន ៣០ផ្ទាំង មកកម្ពុជាវិញដោយក្នុងនោះរួមមាន រូបចម្លាក់ព្រះស្គន្ទ ដែលត្រូវបានកសាងនៅសតវត្សរ៍ទី១០។ លោកស្រី Lee Satterfield ឧបការីរដ្ឋមន្រ្តីការបរទេសទទួលបន្ទុកកិច្ចការវប្បធម៌ និងអប់រំ ដោយតំណាងឱ្យការិយាល័យរដ្ឋអាជ្ញាអាម៉េរិកនឹងចូលរួម ក្នុងកម្មវិធីនេះ ដោយមានវត្តមានរបស់លោក លោក កែវ ឈា​ អគ្គរាជទូត​កម្ពុជាប្រចាំនៅអាម៉េរិក។ 
 
ដោយចាត់ទុកសម្បត្តិវប្បធម៌ទាំងនោះសំខាន់សម្រាប់ប្រជាជនកម្ពុជា លោកស្រី Satterfield នឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាម៉េរិក ក្នុងការជួយថែរក្សាសម្បត្តិវប្បធម៌នៅកម្ពុជា រួមទាំងទំនាក់ទំនងទ្វេភាគីរវាងប្រជាជននៃប្រទេសទាំងពីរ។ 
 
ពិធីប្រគល់សម្បត្តិវប្បធម៌ចំនួន ៣០ផ្ទាំង ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយដំណើរទស្សនកិច្ចរបស់លោក អាន់តូនី ប្លីនខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិកនៅកម្ពុជា ស្របពេលប្រទេសមួយនេះ បានរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ 
 
សេចក្តីថ្លែងការណ៍ដដែលនោះ ក៏បានរំឮកពីកិច្ចខិតខំរបស់អាម៉េរិក ក្នុងរយៈពេល ២០ឆ្នាំកន្លងមក ដើម្បីជួយការពារទ្រព្យសម្បត្តិវប្បធម៌កម្ពុជា ជាមួយដៃគូកម្ពុជា, វិទ្យាស្ថានបណ្ឌិត្យសភាអាម៉េរិក និងអង្គការមិនមានប្រាក់ចំណូលផ្សេងទៀត៕ 

ព័ត៌មានទាក់ទង