ទេសចរ ទៅលេងតំបន់ធម្មជាតិរំលងសហគមន៍ អាចកាត់ផ្ដាច់ចំណូលប្រជាសហគមន៍

04/08/2022 2:00 pm កំពង់ស្ពឺ

ដោយ៖ ជឿន ស្រីណយ

ភ្ញៀវទេសចរនៅតាមតំបន់ទេសចរណ៍ធម្មជាតិ បន្តកើនឡើង ប៉ុន្តែភ្ញៀវទេសចរដែលទាក់ទងទៅតាមសហគមន៍ ឬទទួលសេវាសហគមន៍មួយចំនួនបែរជាថយចុះទៅវិញ។ ជុំវិញបញ្ហានេះ មន្ត្រីជាន់ខ្ពស់នៃក្រសួងទេសចរណ៍អំពាវនាវឱ្យទេសចរទាក់ទង និងផ្ដល់ព័ត៌មានដល់សហគមន៍ដើម្បីការពារខ្លួនពីបញ្ហាណាមួយ និងរួមចំណែកផ្ដល់ចំណូលដល់ពួកគេ។



ប្រជាជនក្នុងសហគមន៍មួយចំនួនបានចូលរួមថែរក្សាធនធានធម្មជាតិ និងបរិស្ថាន នៅតាមតំបន់ការពារធម្មជាតិដោយមិនមានប្រាក់កម្រៃឡើយ។ ប្រជាជនទាំងនោះ រំពឹងចំណូលបន្តិចបន្តួច ពីការបម្រើសេវាកម្មឱ្យទេសចរដូចជា  នាំផ្លូវ ស្ពាយសម្ភារៈ និងសេវាកម្មម្ហូប។ ទេសចរមួយចំនួន បែរជាមិនផ្ដល់ចំណូលឱ្យសហគមន៍ឡើយ ព្រោះពួកគេស្គាល់ផ្លូវសម្រាប់ទៅទីតាំងទេសចរណ៍ទាំងនោះ។

លោក យ៉ែម រក្សា អ្នកទេសចរ ដែលបានទៅផ្សងព្រេងនៅខ្នងផ្សា ២ដងរួចមក សង្កេតឃើញថាបច្ចុប្បន្ន ទេសចរមួយចំនួន បានឡើងភ្នំខ្នងផ្សាខ្លួនឯង ដោយគ្មានប្រជាសហគមន៍ទៅជាមួយទេ។ ការណ៍នេះធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលដល់សហគមន៍ ដែលខិតខំថែរក្សាបរិស្ថាន។

«យើងគួរគិតគូរដែរ ពីជីវភាពរបស់ប្រជាជនក្នុងសហគមន៍ បានន័យថាយើងទៅខ្នងផ្សាគួរជួលពួកគាត់ផ្ដល់ចំណូលឱ្យពួកគាត់ មិនមែនយើងធ្លាប់ទៅហើយ បែរជាធ្វើឱ្យបាត់បង់ចំណូលពួកគាត់។ ភ្ញៀវដែលឡើងទៅគួរចុះឈ្មោះជាមួយអាជ្ញាធរឱ្យបានត្រឹមត្រូវ»។ នេះជាការលើកឡើងរបស់លោក យ៉ែម រក្សា។

លើសពីនេះ ទេសចរអាចនឹងប្រឈមគ្រោះថ្នាក់ បើសិនឡើងភ្នំដោយមិនមានមគ្គទេសក៍តំបន់។ គ្រោះថ្នាក់ទាំងនោះដូចជា វង្វេងផ្លូវ ជួបសត្វព្រៃ និងគ្រោះថ្នាក់ដោយយថាហេតុផ្សេងៗ។ មគ្គទេសតំបន់ជាអ្នកស្គាល់ភូមិសាស្ត្រច្បាស់។ ជាមួយគ្នានោះ តាមរយៈមគ្គទេសតំបន់ទេសចរ នឹងអាចស្គាល់កន្លែងកម្សាន្តផ្សេងផងដែរ។

យ៉ាងណាមិញលោក ហេង ពុទ្ធា ប្រធានមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍អន្លង់ធំ នៅភ្នំគូលែន ស្រុកស្វាយលើ ខេត្តសៀមរាប លើកឡើងថាទេសចរដើរកម្សាន្តនៅភ្នំគូលែនកើនឡើង ប៉ុន្តែអ្នកទាក់ទងទៅសហគមន៍ ឬប្រើប្រាស់សេវាសហគមន៍អន្លង់ធំថយចុះ ។ លោក ហេង ពុទ្ធា បន្តថា ការថយចុះនេះ ធ្វើឱ្យប៉ះពាល់ជីវភាពប្រជាជនក្នុងសហគមន៍ ព្រោះពួកគេចូលរួមថែរក្សាបរិស្ថាននៅទីនោះដោយមិនមានប្រាក់ខែឡើយ។

បើតាមលោក ហេង ពុទ្ធា ការមិនផ្ដល់ព័ត៌មានទៅសហគមន៍ ទេសចរនឹងប្រឈមបញ្ហាមួយចំនួន ដូចជាវង្វេងផ្លូវ ព្រោះភ្នំគូលែនមានផ្លូវតូចៗជាច្រើន ហើយកន្លែងខ្លះមិនមានសេវាសម្រាប់ឱ្យទេសចរមើលផ្លូវតាមផែនទីឡើយ។ លើសពីនេះ ពេលទេសចរបោះតង់សម្រាកនៅពេលយប់ មិនមានអ្នកការពារសុវត្ថិភាព ហើយពេលមានបញ្ហាអ្វីសហគមន៍នឹងមិនមានព័ត៌មាននោះទេ។ 

លោក ហេង ពុទ្ធា បន្ថែមដូច្នេះ៖ « ទេសចរមកដំបូងគាត់ទាក់ទងមកសហគមន៍ ប៉ុន្តែមកលើកទីពីរ គាត់អត់ទាក់ទងមកទេ។ បញ្ហាដំបូងគឺធ្វើឱ្យប៉ះពាល់ដល់ចំណូលរបស់ប្រជាជនមូលដ្ឋាន។ មួយទៀតប៉ះពាល់ដល់បរិស្ថាន ដោយសារគាត់មកខ្លួនឯងដូច្នេះសហគមន៍មិនដឹងទេថាគាត់សម្រាក ឬបរិភោគកន្លែងណា។ គាត់អាងមានចានស្នោគាត់ហូបហើយបោះចោលតាមមាត់ទឹក តាមអី ហើយទេសចរមកតាមក្រោយគេបន្ទោសដល់សហគមន៍ថាអត់សម្អាត»។ 

បើតាមលោក ពុទ្ធា បើទេសចរទាក់ទងទៅសហគមន៍ នោះពួកគេនឹងទទួលបានព័ត៌មានបន្ថែម ពីទីតាំងទេសចរណ៍នីមួយៗដូចជា តំបន់ប្រាសាទបុរាណ និងតំបន់ទេសចរណ៍ថ្មីៗ។
ជុំវិញបញ្ហានេះលោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ ថាក្រសួងទេសចរណ៍ គ្មានគោលការណ៍បង្ខំឱ្យទេសចរទាក់ទងទៅសហគមន៍ទេ។ ប៉ុន្តែទេសចរគួរតែ ទាក់ទងទៅសហគមន៍ ព្រោះសហគមន៍ជាអ្នកការពារភ្ញៀវទេសចរ ជាអ្នកការពារធនធានធម្មជាតិ និងបរិស្ថាន។ ការមិនទាក់ទងទៅសហគមន៍ ពេលទៅកម្សាន្តនៅតំបន់ធម្មជាតិ ជាការកាត់ផ្ដាច់ចំណូលរបស់ពួកគេ។

«យើងណែនាំឱ្យទេសចរទៅទំនាក់ទំនងនៅសហគមន៍ ដើម្បីទទួលសេវាទេសចរណ៍នៅទីនោះ។ កាលណាទេសចរមិនទាក់ទងទៅ ពេលមានបញ្ហាណាមួយយើងមិនបានដឹង។ យើងធ្លាប់ជួបហេតុការណ៍បែបនេះ ជួនកាលគាត់វង្វេងបាត់ក្នុងព្រៃ។ ការជួលសហគមន៍ទីមួយគាត់បានផ្ដល់ចំណូលដល់សហគមន៍ ទីពីរគាត់ទទួលបានការការពារ បើសិនមានហេតុការណាមួយកើតឡើង»។ នេះជាការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងទេសចរណ៍ដោយបន្ត អំពាវនាវឱ្យទេសចរ ទាក់ទងទៅសហគមន៍ និងអ្នកការពារតាមដែនជម្រកសត្វព្រៃ ឬតំបន់ធម្មជាតិ ពេលទៅដើរផ្សងព្រេងនៅតាមតំបន់ទេសចរណ៍ធម្មជាតិ៕

 

 

ព័ត៌មានទាក់ទង