អាជ្ញាធរក្រុងបាត់ដំបង ចុះប្រមូលជនអនាថា, វិកលចរិត ញៀនថ្នាំ យកដាក់តាមមណ្ឌល ដើម្បីរៀបចំសណ្ដាប់ធ្នាប់

04/08/2022 12:30 pm បន្ទាយមានជ័យ

ដោយ: ស៊ុល រ៉វី

អាជ្ញាធរក្រុងបាត់ដំបង ផ្ដើមយុទ្ធនាការចុះប្រមូលជនអនាថា ជនវិកលចរិត ញៀនថ្នាំ នៅតាមទីសាធារណៈនានា ក្នុងក្រុងបាត់ដំបង។ សកម្មភាពនេះ លោក ផេង សិទ្ធី បញ្ជាក់ថា ដើម្បីរៀបចំសណ្ដាប់ធ្នាប់ និងសោភ័ណភាពទីក្រុង បន្ទាប់ពីការរៀបចំអាគារនានា ក្នុងតំបន់អភិរក្ស។



លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង ប្រាប់សារព័ត៌មាន ThmeyThmey25ថា បន្ទាប់ពីចាប់ផ្ដើមយុទ្ធនាការព្រឹកមិញនេះ ខាងកម្លាំងសមត្ថកិច្ច បានប្រមូលបានពលរដ្ឋ ដែលអនាថា វិកលចរិត ញៀនថ្នាំ បានចំនួន ១២៧នាក់ ក្នងនោះមានកុមារចំនួន៣នាក់ផងដែរ។ បន្ទាប់ពីប្រមូលជនទាំងនោះ ខាងកម្លាំងសមត្ថកិច្ច បានធ្វើការពិនិត្យសុខភាពដល់ពួកគាត់ នឹងយកពួកគាត់ទៅដាក់តាមមណ្ឌល។ 
  

ជនអនាថា វិកលចរិត និងញៀនថ្នាំ កំពុងពិនិត្យសុខភាព។ រូបភាពរដ្ឋបាលក្រុងបាត់ដំបង។  

អភិបាលក្រុងបាត់ដំបងរូបនេះ អះអាងដូច្នេះ៖ «ទាំង១២៧នាក់ យើងយកពេទ្យមកពិនិត្យសុខភាពគាត់ មើលមេរោគ ហើយប្រសិនបើមានសារធាតុញៀន នឹងយកទៅមណ្ឌលដើម្បីបន្សាបគ្រឿងញៀន ហើយបើគាត់វិប្បលាស(ស្មារតី) យើងបញ្ជូនទៅ មណ្ឌលខាងសង្គមកិច្ច ដើម្បីយកគាត់ទៅថែទាំ»។ 
 
យ៉ាងណាមិញ បច្ចុប្បន្នជនអនាថា វិកលចរិត ញៀនថ្នាំ​ជាដើមនោះ លោក ផេង សិទ្ធី អះអាងថា អាជ្ញាធរមិនទាន់ប្រមូលអស់នៅឡើយទេ ដោយសារជនមួយចំនួនបានដឹងមុន ខ្លះក៏រត់គេច ឯខ្លះមិនមានកន្លែងស្នាក់ពិតប្រាកដណាមួយឡើយ។ លោកបន្ថែមទៀតថា ប្រសិនក្នុងករណីពលរដ្ឋបានឃើញជនទាំងនោះ អាចផ្ដល់ដំណឹងដល់អាជ្ញាធរ មានសមត្ថកិច្ច ដើម្បីចុះអន្តរាគមន៍។ 
 
ក្រៅពីចំណាត់ការខាងលើ អភិបាលក្រុងបាត់ដំបងរូបនេះ លើកឡើងទៀតថា អាជ្ញាធរនឹងចាត់វិធានការ បន្ទាប់ទៀតទៅលើអាជីវកម្មសេវាផ្លូវភេទ ក្នុងក្រុងបាត់ដំបងនេះ៕

ព័ត៌មានទាក់ទង