លោកស្រី សៀង ចាន់ហេង នាំទិដ្ឋភាពលង្វែកត្រឡប់មកវិញ

07/12/2022 12:00 pm កណ្តាល

កណ្ដាល៖ រមណីយដ្ឋានរាជិនីលង្វែក ជារមណីយដ្ឋានបែបវប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម លាតសន្ធឹងនៅលើផ្ទៃដីប្រមាណ២០០ហិកតា។ តំបន់ទេសចរណ៍ថ្មីមួយនេះ មានចម្ងាយត្រឹមតែ ៣០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិជំនីក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។



មានទីតាំងជិតអតីតទឹកដីលង្វែករបស់ព្រះបាទច័ន្ទរាជា រមណីយដ្ឋានរាជិនីលង្វែក នឹងរម្លឹកពីភាពរុងរឿងបន្ទាយលង្វែក ដល់ទេសចរគ្រប់រូប ដែលមកកម្សាន្តនៅទីនេះ។ ដើម្បីរម្លឹកពីបន្ទាយលង្វែក លោកស្រី សៀង ចាន់ហេង ស្ថាបនិករមណីយដ្ឋានរាជិនីលង្វែក បានដាំដើមឫស្សីប្រមាណ ៥ម៉ឺនដើមឡើងវិញនៅក្នុងរមណីយដ្ឋាន។ ឫស្សី១២ប្រភេទផ្សេងគ្នា ត្រូវបានដាំជាបណ្ដើរៗ ព័ទ្ធជុំវិញរមណីយដ្ឋាន ដោយធ្វើយ៉ាងណាប្រែក្លាយដីស្រែនៅក្នុងរាជិនីលង្វែក ឱ្យដូចបន្ទាយលង្វែក ដែលពោពេញដោយឫស្សីក្រាស់ឃ្មឹក។ 

បន្ទាប់ពីដើមឫស្សី  និយាយពីបន្ទាយលង្វែក គេតែងតែនឹកឃើញដល់ប្រាក់ដួង។ នៅក្នុងរមណីយដ្ឋានរាជិនីលង្វែក មានចម្លាក់ប្រាក់ដួងធ្វើពីថ្ម, ព្រៃឫស្សី បឹង និងមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដើម្បីធ្វើយ៉ាងណាឱ្យពលរដ្ឋខ្មែរដែលមកកម្សាន្តក្នុងរមណីយដ្ឋានបានយល់ និងស្គាល់ទិដ្ឋភាពរាជធានីលង្វែក។ នៅក្នុងរមណីយដ្ឋាននេះ មានចម្លាក់ប្រាក់ដួងតូចធំ រាប់រយគ្រាប់។ ចម្លាក់ប្រាក់ដួងទាំងនេះ ជាផ្នែកមួយនៃអនុស្សាវរីយ៍បន្ទាយលង្វែក។ 

មូលហេតុ ដែលលោកស្រី សៀង ចាន់ហេង មកកសាងរមណីយដ្ឋាននៅទីនេះ ព្រោះឃុំកំពង់ហ្លួង ជាស្រុកកំណើតរបស់លោកស្រី និងនៅជិតបន្ទាយលង្វែករបស់ព្រះអង្គចន្ទរាជា។ 
 

ការសាងសង់រមណីយដ្ឋាននេះ មានឧបសគ្គជាច្រើន។ នៅរដូវវស្សា ភ្លៀងធ្លាក់កាន់តែច្រើន ធ្វើឱ្យផ្លូវរអិលខ្លាំង និងបាក់ដីជាច្រើនកន្លែង។ ផ្លូវកាន់តែរអិល ធ្វើឱ្យឡានដឹកថ្មធំៗ ទម្ងន់រាប់តោន កាន់តែពិបាកជឹកថ្មចូលរមណីយដ្ឋាន។ ផ្ទាំងថ្មធំៗរាប់រយផ្ទាំងនេះ ត្រូវបានដឹកមកពីខេត្តឆ្ងាយៗដូចជា ព្រះវិហារ ស្ទឹងត្រែង តាកែវ កំពង់ឆ្នាំង និងកំពង់ស្ពឺ។ ថ្មទាំងនេះ មើលទៅមានទំហំតូច ប៉ុន្តែថ្មមួយផ្ទាំងៗ មានទម្ងន់ចាប់ពី៤តោន រហូតដល់១៥តោន€នោះ។  ផ្ទាំងថ្មទាំងនេះ ត្រូវបានសាងសង់ ជារូងភ្នំព្រហ្មវិហារធម៌ ឆ្លាក់ជាប្រាក់ដួង ចារជាផ្ទាំងសិលាចារិក ប្រាសាទក្រោមទឹក រូបសំណាកព្រះនាងវរភ័ក្រ និងសំណង់បូរាណជាច្រើនទៀត។ 

កត្តាភ្លៀង និងស្រុតដី ធ្វើឱ្យលោកស្រី សៀង ចាន់ហេង សម្រេចឱ្យក្រុមសាងសង់ រុះរើផ្ទាំងថ្មធំៗ ឡើងវិញ។ ការរុះរើនេះ មិនងាយស្រួលនោះឡើយ ដ្បិតថា ថ្មនីមួយៗ មានទម្ងន់រាប់តោន។ ទោះបីជាលំបាកយ៉ាងណា លោកស្រី សៀង ចាន់ហេង មិនបោះបង់ក្ដីស្រមៃរបស់ខ្លួនឡើយ។

ផ្ទុយទៅវិញ លោកស្រី សៀង ចាន់ហេង តែងតែចុះការដ្ឋានសាងសង់រាជិនីលង្វែក មិនថា មានភ្លៀងខ្លាំង ឬអាកាសធាតុក្ដៅខ្លាំងនោះឡើយ។ ធ្វើដោយចិត្តស្រឡាញ់ លោកស្រីតែងតែពិនិត្យការងារដោយផ្ទាល់ជានិច្ច ទោះបីត្រូវឈរក្រោមកម្ដៅថ្ងៃក្ដៅរាប់ម៉ោងក៏ដោយ។ អ្វីដែលគួរឱ្យស្ងើចសរសើរនោះ លោកស្រីតែងតែពិនិត្យដំណើរការសាងសង់ផ្ទាល់រៀងរាល់ថ្អៃ គ្មានឡើយចុងសប្ដាហ៍ ដែលគេគ្រប់គ្នាសម្រាក។

ជាស្ថាបនិករមណីយដ្ឋានប្រវត្តិសាស្រ្ត តែលោកស្រី បានដើរតួជាចលករយ៉ាងសំខាន់ក្នុងជំរុញការសាងសង់ទៅមុខជានិច្ច។ លោកស្រី ជាមនុស្សគំរូសម្រាប់ក្រុមការងារគ្រប់គ្នានៅក្នងរមណីយដ្ឋាន។ ជាម្ចាស់រមណីយដ្ឋាន អ្នកស្រីធ្វើជាមេកាសំណង់ផង ជាស្ថាបត្យករផង ជាវិស្វករផង និងជាកម្មករខ្លួនឯងទៅទៀត។ 

ជាអ្នកស្រុកកំពង់ហ្លួង និងជាអ្នកស្រឡាញ់វប្បធម៌ បេតិកភណ្ឌ គ្មានឡើយពាក្យថា បោះបង់ សម្រាប់លោកស្រី សៀង ចាន់ហេង ក្នុងទឹកដីកំណើតរបស់ខ្លួន៕ 






 

ព័ត៌មានទាក់ទង