សហគមន៍ទេសចរណ៍អន្លង់ធំនៅភ្នំគូលែន ប្រើស្លឹកចេក ឬស្លឹកឈូក ខ្ចប់អាហារជំនួសប្លាស្ទិក

04/08/2022 9:00 am សៀមរាប

ដោយ៖ ជឿន ស្រីណយ

សៀមរាប៖ មជ្ឈមណ្ឌលព័ត៌មានទេសចរណ៍អន្លង់ធំ នៅឃុំខ្នងភ្នំ ស្រុកស្វាយលើ មានសេវាកម្មទេសចរណ៍ ដូចជាមគ្គទេសក៍ទេសចរតំបន់ ជួលម៉ូតូ និងម្ហូបអាហារ។ សម្រាប់សេវាកម្មម្ហូប ប្រជាជននៅទីនោះមិនប្រើប្លាស្ទិកសម្រាប់វេចខ្ចប់ម្ហូបនោះទេ។ ពួកគេជំនួសដោយស្លឹកឈូក ឬស្លឹកចេក និងសម្ភារៈប្រើប្រាស់ឡើងវិញបាន។

មជ្ឈមណ្ឌលព័ត៌មានទេសចរណ៍អន្លង់ធំ ជាផ្នែកមួយនៃសហគមន៍អន្លង់ធំ ក្នុងខេត្តសៀមរាប ដោយមជ្ឈមណ្ឌលនេះបង្កើតឡើងក្នុងគោលបំណងបម្រើសេវាកម្មទេសចរណ៍លើភ្នំគូលែន។ សមាជិកក្នុងមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍មួយនេះបានរួមគ្នាបម្រើសេវាកម្មជូនអ្នកទេសចរយ៉ាងល្អ។ សមាជិកនីមួយៗ មានភាពរួសរាយរាក់ទាក់ និងយកចិត្តទុកដាក់លើភ្ញៀវ។ ជាមួយគ្នានេះ មជ្ឈមណ្ឌលព័ត៌មានទេសចរណ៍អន្លង់ធំ ក៏មានសេវាកម្មរៀបចំកញ្ចប់ទេសចរណ៍ ដល់ទេសចរជាតិ និងអន្តរជាតិ។

តាមរយៈដំណើរកម្សាន្តជាមួយ ក្រុម Cambodia Amazing Trip Planner លោក ហេង ពុទ្ធា ប្រធានមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍អន្លង់ធំ បានប្រាប់សារព័ត៌មានThmeyThmey25ថា នៅលើភ្នំគូលែនមានប្រាសាទ និងបុរាណដ្ឋានជាច្រើន ដែលសហគមន៍បានរៀបចំជាកញ្ចប់ទេសចរណ៍សម្រាប់ភ្ញៀវ។ លើសពីនេះ ភ្ញៀវទេសចរក៏អាចជ្រើសរើសកញ្ចប់ទេសចរណ៍បែបផ្សងព្រេង តាមប្រភពទឹកភ្នំគូលែនផងដែរ។

ក្រៅពីផ្ដល់សេវាមគ្គទេសក៍ទេសចរណ៍ មជ្ឈមណ្ឌលព័ត៌មានទេសចរណ៍អន្លង់ធំ ក៏មានសេវាកម្មធ្វើម្ហូបសម្រាប់ទេសចរ។ ទេសចរអាចជ្រើសរើសបរិភោគអាហារប្រចាំតំបន់ ឬម្ហូបបែបជនបទ ដោយចុងភៅក្នុងសហគមន៍នឹងរៀបចំជូន។ ក្រៅពីម្ហូបមានរសជាតិឆ្ងាញ់ ប្រជាជននៅទីនោះបានប្រើប្រាស់របស់ធម្មជាតិសម្រាប់វេចខ្ចប់ម្ហូប ដែលមិនប៉ះពាល់ដល់បរិស្ថាន។

 «យើងចាប់ផ្ដើមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចាប់តាំងពីពេលបង្កើតមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍អន្លង់ធំ(ខែឧសភា២០២០)។ យើងបង្រៀនសមាជិកដទៃពីការកាត់បន្ថយប្លាស្ទិក ព្រោះយើងត្រូវធ្វើជាគំរូដល់គេ។ រាល់ការវេចខ្ចប់ យើងប្រើស្លឹកចេក ឬស្លឹកឈូកហើយសម្រាប់ម្ហូបមានទឹកយើងដាក់ប្រអប់ដែលអាចប្រើប្រាស់ឡើងវិញបាន»។ នេះជាការរៀបរាប់របស់លោក ហេង ពុទ្ធា។

ទោះបច្ចុប្បន្ន មជ្ឈមណ្ឌលព័ត៌មានទេសចរណ៍អន្លង់ធំ បានប្រឹងប្រែងបម្រើសេវាកម្មដល់ទេសចរ យ៉ាងយកចិត្តទុកដាក់ ប៉ុន្តែទេសចរមួយចំនួនបែរជាមិនទាក់ទងទៅសហគមន៍ ពេលទៅផ្សងព្រេងនៅភ្នំគូលែន ។ ការណ៍នេះធ្វើឱ្យប្រជាជនមួយចំនួននៅទីនោះបាត់បង់ចំណូល។

ជុំវិញបញ្ហានេះ ប្រធានមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍អន្លង់ធំ បានស្នើឱ្យទេសចរទាក់ទងទៅសហគមន៍ និងប្រើសេវាសហគមន៍ពេលទៅភ្នំគូលែន។ មគ្គទេសក៍ទេសចរតំបន់ ស្គាល់ទីតាំងទេសចរណ៍លើភ្នំគូលែនច្បាស់ ដែលអាចនាំភ្ញៀវទៅច្រើនកន្លែង៕
 

ព័ត៌មានទាក់ទង