ក្រុមហ៊ុនចិនមួយបោះទុនជាង ៣០០លានដុល្លារ បង្កើតរោងចក្រផលិតកង់កៅស៊ូរថយន្តនៅព្រះសីហនុ

29/07/2022 12:00 pm ភ្នំពេញ


ដោយ​ ៖ ធន់ សេងហុង 
 
ក្រុមហ៊ុនចិនមួយ នឹងបង្កើតរោងចក្រផលិតកង់កៅស៊ូរថយន្តដ៏ធំមួយ នៅក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលមានទុនវិនិយោគជាង ៣០០លានដុល្លារ នៅដើមឆ្នាំ២០២៣ ។

គម្រោងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក ឈិន ចៀនកាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (Sihanoukville Special Economic Zone) ពាក់ព័ន្ធនឹងដំណើរការវិនិយោគ និងវឌ្ឍនភាពរបស់ក្រុមហ៊ុន នាថ្ងៃទី២៨ កក្កដានេះ។
 
លោក អ៊ិត សំហេង រំពឹងថា ការបង្កើតរោងចក្រផលិតកង់កៅស៊ូរថយន្តដ៏ធំមួយនេះ ពិតជាបានផ្តល់នូវផលប្រយោជន៍ច្រើន សម្រាប់កសិករខ្មែរដាំដំណាំកៅស៊ូ ព្រោះក្រុមហ៊ុនត្រូវការកម្លាំងពលកម្មរាប់ពាន់នាក់ សម្រាប់ផ្គត់ផ្គង់ច្រវាក់ផលិតកម្មបន្ថែមទៀត។
 
រដ្ឋាភិបាលកម្ពុជា កំពុងសិក្សានូវគម្រោងអភិវឌ្ឍនៅខេត្តព្រះសីហនុចំនួនពីរធំៗ គឺវិស័យឧស្សាហកម្ម និងសេវាកម្ម ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន ដែលធ្វើឱ្យកាន់តែងាយស្រួលក្នុងការនាំចេញ-នាំចូលផលិតផលជាច្រើន រវាងប្រទេសទាំងពីរ ។ ជាពិសេសការពង្រីកខ្លួនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន និងផ្ដល់ឱកាសដល់កម្លាំងពលកម្មជំនាញ។ នេះបើតាមលោក អ៊ិត សំហេង។ 
 
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរូបនេះ បានស្នើដល់ក្រុមហ៊ុនឲ្យបន្តកិច្ចសហការជាមួយក្រសួងការងារ ដើម្បីរៀបចំឲ្យមានការបណ្តុះបណ្តាលមួយ ដែលមានគុណភាព និងជ្រើសរើសកម្លាំងពលកម្មសម្រាប់បំពេញតម្រូវការក្រុមហ៊ុន។ 
 
បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានទាក់ទាញសហគ្រាសមកពីអឺរ៉ុប អាម៉េរិក ចិន និងអាស៊ីអាគ្នេយ៍សរុប១៧០សហគ្រាស ហើយបានបង្កើតឱកាសការងារដល់ពលរដ្ឋជិត ៣០ម៉ឺនកន្លែង។
 
សូមជម្រាបថា ទំហំពាណិជ្ជកម្មរបស់សហគ្រាសនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបាន ១ ៣៧៤លានដុល្លារ ក្នុងរយៈពេល ៦ខែដំបូង ឆ្នាំ២០២២។ ទំហំនេះមានការកើនឡើងខ្ពស់ក្នុងអត្រា ៣៨,២៣ភាគរយ បើធៀបនឹងឆ្នាំមុន។ នេះបើតាមទិន្ន័យក្រសួងកាងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕
 

ព័ត៌មានទាក់ទង