ADB ផ្តល់ប្រាក់កម្ចី ១៥លានដុល្លារ ទៅក្រុមហ៊ុនមួយ ដើម្បីជំរុញវិស័យចំណីសត្វកម្ពុជា

28/07/2022 3:00 pm ភ្នំពេញ

ដោយ ៖ ធន់ សេងហុង 

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ប្រាក់កម្ចីចំនួន ១៥លានដុល្លារ ទៅក្រុមហ៊ុន​ De Heus TMH Company Limited (DH-TMH) ដើម្បីជំរុញវិស័យចំណីសត្វកម្ពុជា តាមរយៈការពង្រីកសមត្ថភាពផ្ទុក និងកែច្នៃចំណីសត្វ នៅខេត្តកំពង់ស្ពឺ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ចុះថ្ងៃទី ២៦ កក្កដា។



គម្រោងនេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុន អាចទិញវត្ថុធាតុដើមបានកាន់តែច្រើន ពីម្ចាស់កសិដ្ឋានខ្នាតតូចក្នុងស្រុក នៃដំណាំ ពោត ស្រូវ ដំឡូងមី សម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួន តាមរយៈការបង្កលក្ខណៈផ្គត់ផ្គង់ផលិតផលចំណីប្រកបដោយគុណភាព ។ ជាពិសេសពង្រីកទំហំឃ្លាំង និងលទ្ធកម្មនៃម៉ាស៊ីនកែច្នៃបន្ថែម នឹងជំរុញការផលិតចំណីប្រកបដោយប្រសិទ្ធផល។
 
លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាបានលើកឡើងថា ៖« តាមរយៈការគាំទ្រដល់ DH-TMH យើងកំពុងជួយពង្រឹងខ្សែច្រវាក់តម្លៃចំណី ធ្វើឱ្យប្រសើរឡើងនៅជីវភាពរស់នៅរបស់កសិករ ដែលដាំដំណាំសម្រាប់ផលិតចំណី បសុសត្វ និងត្រី ហើយគាំទ្រសកម្មភាពកសិកម្ម ដែលមាននិរន្តរភាព និងភាពធន់។ ការអភិវឌ្ឍការផ្គត់ផ្គង់ចំណីសត្វដែលមានប្រភពក្នុងស្រុក គុណភាពខ្ពស់ និងតម្លៃសមរម្យ គឺជាកត្តាសំខាន់ក្នុងការការពារសន្តិសុខស្បៀងរបស់កម្ពុជា និងកាត់បន្ថយលើការពឹងផ្អែក ការនាំចូលចំណីសត្វ»។ 


 លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា។ រូបភាពពីហ្វេសប៊ុក​លោក វេង សាខុន

លោក Gabor Fluit នាយកប្រតិបត្តិ​ De Heus ប្រចាំអាស៊ី បានលើកឡើងថា  កិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្រ្តជាមួយ ADB នឹងផ្តោតការយកចិត្តទុកដាក់លើការបណ្តុះបណ្តាល និងចែករំលែកចំណេះដឹង ជាមួយការពន្លឿនការអភិវឌ្ឍប្រកបដោយចីរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ប្រតេអ៊ីនសម្រាប់សត្វនៅកម្ពុជា ។ « De Heus TMH ប្តេជ្ញាផ្តល់អំណាចដល់កសិករកម្ពុជា»។ នេះបើតាមលោក Gabor Fluit ។
 
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ និងនេសាទបានសង្កត់ធ្ងន់ថា ការផ្តល់ហិរញ្ញប្បទាននាពេលនេះ ប្រាកដនឹងជួយធ្វើឲ្យខ្សែច្រវាក់ផលិតកម្មចំណីសត្វ កាន់តែល្អប្រសើរឡើង ដើម្បីធានាបានទាំងបរិមាណផលិត គុណភាពចំណី សុវត្ថិភាព និងការប្រកួតប្រជែងទីផ្សារក្នុងស្រុកនិងការនាំចេញ។


 លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រូបភាពពីហ្វេសប៊ុក​លោក វេង សាខុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរូបនេះ បន្តទៀតថា ៖« ពិតណាស់កំណើនផលិតកម្មចំណីសត្វ វានឹងជះឥទ្ធិពលជាវិជ្ជមានដល់កម្លាំងប្រមូលទិញវត្ថុធាតុដើមក្នុងស្រុកដូចជា ពោត ចុងអង្ករ កន្ទក់ ដំឡូងមី កាកស្ក ម្សៅត្រី ម្សៅឆ្អឹងហ្មត់ កាកស្រាបៀ កាកដូង ថ្មហ្មត់ និងសណ្តែកសៀង...។ បើវត្ថុធាតុដើមមានទីផ្សារ ផលិតកម្មចំណីមាននិរន្តរភាព ការហូរចេញទៅក្រៅស្រុកនឹងត្រូវបានកាត់បន្ថយ ព្រមជាមួយនឹងការបង្កើនតម្លៃបន្ថែមផងដែរ» ។
 
ក្រុមហ៊ុន De Heus THM គឺជាក្រុមហ៊ុនចម្រុះអន្តរជាតិពីប្រទេសហូឡង់ ក្នុងផ្នែកឧស្សាហកម្មចំណីសត្វ ហើយក្រុមហ៊ុនបានដាក់ទុនវិនិយោគចំនួន ១៥ លានដុល្លារ ដើម្បីពង្រីកការសាងសង់រោងចក្រលើផ្ទៃដីចំនួន ៧ហិកតា នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ 


 បភាពពីហ្វេសប៊ុក​លោក វេង សាខុន

ក្រុមហ៊ុននេះ មានសមត្ថភាពផលិតចំណីសត្វគ្រប់ប្រភេទបានចំនួន ១៥ ពាន់តោនក្នុងមួយខែ ដែលប្រើកម្លាំងពលកម្ម ៥២នាក់ ។ ក្រុមហ៊ុនមានផែនការផលិតចំណីសត្វ ១៨០ពាន់តោនក្នុងមួយឆ្នាំ។ បច្ចេកទេសផលិតភាគច្រើនត្រូវបាននាំយកពីសហភាពអឺរ៉ុប ហើយ ២០ភាគរយនៃថាមពលដែលប្រើប្រាស់ក្នុងរោងចក្រ គឺបានពីថាមពលពន្លឺព្រះអាទិត្យ។ ក្រុមហ៊ុនគ្រោងបង្កើតរោងចក្រនៅខេត្តបាត់ដំបង ដែលជាខេត្តមានសក្តានុពលវត្ថុធាតុដើមសំខាន់មួយ នៅកម្ពុជា។ 
 
សូមជម្រាបថា បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតចំណីចំនួន ២៣ ដែលអាចផលិតចំណីសត្វបានប្រមាណ ១,២៤លានតោនក្នុងមួយឆ្នាំ និងអាចផ្គត់ផ្គង់បាន ៥៥ភាគរយ នៃតម្រូវការក្នុងស្រុកសរុប ២,២៧លានតោនក្នុងមួយឆ្នាំ។ នេះបើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

ព័ត៌មានទាក់ទង