ជប៉ុន បំប្លែងសារធាតុក្នុងទឹកទៅជាសារធាតុបំប៉នដល់ដំណាំ ជួយកាត់បន្ថយការប្រើជីថ្នាំ

28/07/2022 2:00 pm ភ្នំពេញ

ដោយ៖ ឈុំ ចន្ថា

ភ្នំពេញ៖ ក្រុមហ៊ុន Club Eco Water របស់ជប៉ុន បានសហការជាមួយវិស័យឯកជនមួយនៅកម្ពុជា លើការស្រាជ្រាវ បំប្លែងសារធាតុក្នុងទឹក និងរ៉ែ ទៅជាសារធាតុបំប៉នដល់ដំណាំ ដែលអាចជួយកាត់បន្ថយការប្រើប្រាស់ជីថ្នាំកសិកម្ម។



Club Eco Water ជាក្រុមហ៊ុនតែមួយគត់លើពិភពលោក ដែលមានបច្ចេកវិទ្យាវិភាគ និងរំលាយសារធាតុក្នុងទឹក និងសមាសធាតុរ៉ែផ្សេងៗ បំប្លែងទៅជាសារធាតុអ៊ីយ៉ុង និងសារធាតុបំប៉ន ជួយដល់ការលូតលាស់ដល់ដំណាំបន្លែ និងផ្លែឈើ។ បច្ចុប្បន្ន ក្រុមហ៊ុនជប៉ុននេះ បានចាប់ដៃគូជាមួយវិស័យឯកជននៅកម្ពុជា លើការស្រាវជ្រាវធ្វើយ៉ាងណាឱ្យចេញជាផលិតផលមួយមានភាពបន្សាំ និងសុវត្ថិភាព ស្របតាមក្សេត្របរិស្ថានកម្ពុជា។

ការស្រាវជ្រាវនេះ អនុវត្តបានជាង៦ខែហើយ ទៅលើដំណាំខ្ញី និងដំឡូងជ្វាផ្អែម ដោយក្នុង១លីត្រ អាចលាយជាមួយទឹកពី ៨ពាន់ទៅ១ម៉ឺនលីត្រ ដើម្បីយកទៅស្រោចស្រព និងបាញ់ទៅលើស្លឹក និងដើម។ ជាលទ្ធផល រកឃើញថាដំណាំខ្ញីគ្មានពពួកដង្កូវស៊ី មានគុណភាពល្អ និងទិន្នផលខ្ពស់ផងដែរ។ ចំណែក ផលខ្ញីដែលទទួលបាននោះ គឺបានបញ្ជូនទៅប្រទេសជប៉ុនដើម្បីវិភាគ និងពិសោធន៍រង់ចាំលទ្ធផល។

នាយកប្រតិបត្តិក្រុមហ៊ុន Club Eco Water លោក SHIMADA បានអះអាងថា ការស្រាវជ្រាវនេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងអនុវិស័យផលិតកម្មសត្វផងដែរ ដោយសារសារៈសំខាន់ និងប្រសិទ្ធភាពខ្ពស់ក្នុងការ​រក្សាបរិស្ថានទឹក និងសុវត្ថិភាពចំណីអាហារ តាមរយៈការកាត់បន្ថយសំណល់ថ្នាំកសិកម្ម និងជាតិពុលផ្សេងៗនៅក្នុងបន្លែ ផ្លែឈើផងដែរ។

នាយកប្រតិបត្តិរូបនេះ សង្ឃឹមពង្រីកវិសាលភាពនៃបច្ចេកវិទ្យានេះ ឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស ដើម្បីប្រជាជន និងជាពិសេសកុមារដែលជាអនាគតនៃកម្ពុជា អាចបរិភោគបន្លែ ផ្លែឈើដែលមានសុវត្ថិភាព។
ស្របពេលសកលលោកកំពុងជួយប្រទះវិបត្តិនៃការឡើងថ្លៃនៃតម្លៃជី និងថ្នាំកសិកម្ម លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសាទរចំពោះសមិទ្ធផលនៃការស្រាវជ្រាវនេះ។ លោក វេង សាខុន ចង់ឱ្យក្រុមហ៊ុនជប៉ុនមួយនេះ វិនិយោគបង្កើតរោងចក្រផលិតផលិតផលនេះនៅកម្ពុជានាពេលអនាគត។

បន្ថែមពីនេះ មុននឹងចេញផ្សព្វផ្សាយ និងចែកចាយផលិតផលនេះទៅដល់កសិករ រដ្ឋមន្រ្តីកសិកម្ម ណែនាំឱ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម និងអគ្គនាយកសុខភាពសត្វ ដើម្បីយកផលិតផលនេះមកសិក្សាស្រាវជ្រាវ វិភាគ និងពិសោធនៅតាមស្ថានីយកសិកម្មនានាតាមបណ្តារាជធានី-ខេត្ត ទៅលើមុខដំណាំដូចជាស្រូវ ដំឡូវមី ពោត ដំណាំសាកវប្បកម្ម និងសត្វឱ្យបានពី៦ខែ ទៅ ១ឆ្នាំសិន៕ 
 


 

ព័ត៌មានទាក់ទង