វិស័យឧស្សាហកម្ម និងសេវាកម្មមានកំណើនខ្ពស់ ខណៈកសិកម្មមានកំណើនទាប 

28/07/2022 9:00 am ភ្នំពេញ

ដោយ ៖ ធន់ សេងហុង 

វិស័យឧស្សាហកម្មត្រូវបានព្យាករថានឹងមានកំណើន ៩ភាគរយ ខ្ពស់ជាងការរំពឹងទុក ខណៈវិស័យសេវាកម្ម នឹងសម្រេចបានក្នុងអត្រា ៤,៣ភាគរយ។ ដោយឡែកវិស័យកសិកម្ម ត្រូវបានព្យាករថាសម្រេចបានត្រឹម ០,៧ភាគរយតែប៉ុណ្ណោះ។



ក្រសួងសេដ្ឋកិច្ច វាយតម្លៃថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានក្នុងរង្វង់ ៥,៤ភាគរយ ក្នុងឆ្នាំ ២០២២ ដែលទាបជាងការវាយតម្លៃកាលពីដើមឆ្នាំ ក្នុងអត្រា ៥,៦ភាគរយ។ ការបន្ទាបព្យាករនេះ ដោយសារតែផលប៉ះពាល់នៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន តាមរយៈការកើនឡើងថ្លៃទំនិញគ្រប់ប្រភេទ ជាពិសេស ប្រេងឥន្ធនៈ និងវត្ថុធាតុដើមកសិកម្ម រួមមានជី និងថ្នាំសម្លាប់សត្វល្អិត។ 

បើតាមរបាយការណ៍នៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃការអនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២២នោះ វិស័យឧស្សាហកម្មត្រូវបានព្យាករថានឹងមានកំណើន ៩ភាគរយ ខ្ពស់ជាងការរំពឹងទុក។ នោះក៏ព្រោះតែ មានកំណើនល្អប្រសើរនៃអនុវិស័យកាត់ដេរ និងការបន្តកំណើនរឹងមាំនៃអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ និងការនាំចេញសម្លៀកបំពាក់ កង់ គ្រឿងបង្គុំអេឡិចត្រូនិក ។ ជាពិសេសការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការងើបឡើងវិញនៃតម្រូវការក្នុងស្រុក។ 

ទន្ទឹមនេះ អនុវិស័យសំណង់ រំពឹងថាកើនឡើង ប៉ុន្តែក្នុងអត្រាកំណើនទាប ។ ក្នុងនោះរួមមាន គម្រោងសំណង់ដែលបានអនុម័តបម្រើឱ្យវិស័យពាណិជ្ជកម្ម និងទេសចរណ៍មានការធ្លាក់ចុះបន្តិច ខណៈសំណង់ផ្ទះល្វែង និងវីឡាមានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់។ នេះបើតាមបើតាមរបាយការណ៍នៃការអនុវត្តថវិកាឆមាសទី១ របស់ក្រសួងសេដ្ឋកិច្ច។

របាយការណ៍ដដែលបន្តថា វិស័យសេវាកម្ម នឹងសម្រេចបានកំណើនក្នុងអត្រា ៤,៣ភាគរយ ដោយសារការងើបឡើងវិញនៃអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ក្រោយពេលដ្ឋាភិបាលបើកប្រទេសឡើងវិញ ដោយភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានការកើនឡើងនៅតាមបណ្តាខេត្ត រាជធានី។ 

ជាមួយគ្នានេះ អនុវិស័យលក់ដុំ-រាយ មានការងើបឡើងវិញនៃសកម្មភាពចាយវាយ និងប្រើប្រាស់ក្នុងស្រុក ស្របពេលដែលអនុវិស័យអចលនទ្រព្យ ក៏រំពឹងថានឹងបន្តកើនឡើងក្នុងកម្រិតទាប ដោយសារតែការថមថយនៃសកម្មភាពទិញ-លក់ អចលទ្រព្យឡើងថ្លៃ ជាពិសេសខុនដូ និង Apartment។ ការបន្តនិន្នាការកើនឡើងនៃអនុវិស័យដឹកជញ្ជូន និងគមនាគមន៍ក៏សន្ទុះ តាមរយៈការងើបឡើងវិញនៃវិស័យទេសចរណ៍ និងកាត់ដេរផងដែរ។

វិស័យកសិកម្ម ត្រូវបានព្យាករថាសម្រេចបានក្នុងកំណើនតាម ត្រឹម ០,៧ភាគរយតែប៉ុណ្ណោះ ដោយហេតុតែមានភាពរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការកើនឡើងថ្លៃផលិត បន្ទាប់ពីមានការរឹតបន្តឹងច្រកព្រំដែនប្រទេសចិន និងការផ្ទុះឡើងនៃសង្រ្គាបរវាងរុស្ស៊ី និងអ៊ុយក្រែន ។

កម្ពុជាកំពុងតែទទួលរងការគំរាមគំហែងថ្មីមួយ ដែលអាចក្លាយជាវិបត្តិ កើតចេញពីស្ថានភាពមិនអំណោយផលនៃសេដ្ឋកិច្ចពិភពលោក ដោយសារតែការថមថយកំណើនសកល ។ ជាពិសេសការកើនឡើងខ្ពស់នូវអត្រាអតិផរណា។ ជាការឆ្លើយតប រដ្ឋាភិបាលបានអនុវត្តនូវសកម្មភាពអន្តរាគមន៍មួយចំនួន រួមមាន ការឧបត្ថម្ភសាច់ប្រាក់ដល់ពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ កម្មវិធីសាចប្រាក់ពលកម្ម និងការផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ និយោជិត ក្នុងកំឡុងពេលព្យួការងារជាដើម៕

 

ព័ត៌មានទាក់ទង