ផ្លូវជាតិលេខ៤ត្រង់ចំណុចស្ពានស្ទឹងសំរោង ត្រូវបិទបណ្ដោះអាសន្ន ដោយសារជំនន់ទឹកភ្លៀង

12/07/2022 5:30 pm ព្រះសីហនុ

 

ដោយ៖ ឈុំ ចន្ថា 

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសបិទចរាចរណ៍បណ្ដោះអាសន្នលើផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលកំពុងរងការជនលិចដោយសារទឹកភ្លៀង។

 

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុនៅល្ងាចថ្ងៃទី១២ ខែកក្កដានេះ កម្រិតជំនន់ទឹកភ្លៀងបានកើនឡើងជាបន្តបន្ទាប់ ដែលឈានដល់ការជន់លិចទាំងស្រុងកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ 

ស្ថានភាពបែបនេះ រដ្ឋបាលខេត្តព្រះសីហនុ ពុំអាចអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ទីតាំងនេះទៀតនោះទេ ចាប់ពីម៉ោង៥ល្ងាចនេះ រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីការពារសុវត្ថិភាពពលរដ្ឋ និងរក្សាគុណភាពផ្លូវ ស្ពាន កុំឱ្យបាក់ស្រុត។ ចំពោះ ពលរដ្ឋ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្ត និងសាធារណជន ដែលមានបំណងធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទៅខេត្តព្រះសីហនុ ត្រូវវាងតាមផ្លូវជាតិលេខ៣វិញ។ 

តាមការព្យាករណ៍ របស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងសប្ដាហ៍នេះ កម្ពុជានឹងរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ភ្ជាប់ទៅនឹងសម្ពាធទាបសកម្ម នៅលើសមុទ្រចិនខាងត្បូង និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅខ្លាំង នៅថ្ងៃទី១៣-១៤ ខែកក្កដា។   

តាមការព្យាករដដែល ចាប់ពីថ្ងៃទី១៥ ដល់ទី១៩ កម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងក្នុងកម្រិតខ្សោយទៅមធ្យម។ តាមរយៈស្ថានភាពទាំងពីរខាងលើនេះ បណ្ដាលឱ្យតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាប នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕ 

 

ព័ត៌មានទាក់ទង