៥ខែ កម្ពុជា-ជប៉ុន សម្រេចបានទំហំពាណិជ្ជកម្ម ៧៧៨លានដុល្លារ

12/07/2022 9:00 am ភ្នំពេញ

ដោយ ៖ ធន់ សេងហុង 

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងជប៉ុន សម្រេចបានក្នុងរង្វង់ទឹកប្រាក់ជាង ៧៧៨លានដុល្លារ នៅក្នុងរយៈពេល៥ខែ នេះ។ ទំហំនេះ បានកើនឡើងក្នុងអត្រា ១២,៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានទឹកប្រាក់ប្រមាណ ៦៩៣លានដុល្លារ។



ស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញ ជាមួយបណ្តាប្រទេសសំខាន់ៗរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ការនាំចេញទំនិញពីកម្ពុជាទៅជប៉ុន ៥ខែនេះ មានទំហំទឹកប្រាក់ជាង ៤៦២លានដុល្លារ ដែលមានការកើនឡើងប្រមាណ ១០,៣ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានជាង ៤១៩លានដុល្លារ។

ចំណែកឯការនាំចូលទំនិញពីជប៉ុនមកកម្ពុជាវិញ មានទំហំប្រមាណ ៣១៦លានដុល្លារ មានការកើនឡើងក្នុងអត្រា ១៥,៤ភាគរយ បើធៀបរយៈពេលដូចគ្នា ដែលមានទំហំទឹកប្រាក់ជាង ២៧៣លានដុល្លារ ក្នុងឆ្នាំ២០២១។
ប្រភេទមុខទំនិញដែលកម្ពុជានាំចូលពីជប៉ុន ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២២មានដូចជា រថយន្ត គ្រឿងអេឡិចត្រូនិក គ្រឿងចក្រ ប្លាស្ទិក...។ ចំណែកទំនិញដែលកម្ពុជានាំចេញទៅប្រទេសជប៉ុនវិញ មានផលិតផលស្បែក កាបូប ស្បែកជើង សម្លៀកបំពាក់ ...។

បើតាមស្ថិតិរបស់ CDC ភាគហ៊ុននៃការវិនិយោគផ្ទាល់ពីបរទេសដែលហូរចូលប្រទេសកម្ពុជាពីឆ្នាំ ១៩៩៤- ២០២១ មានចំនួន ៥៤៥ពាន់លានដុល្លារ។ ក្នុងនោះជប៉ុនបានឈរនៅលំដាប់លេខ៥ ស្មើនឹង ៥,២ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេស។

កន្លងទៅថ្មីៗនេះ កម្ពុជាបានដាក់សម្ពោធនូវមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា(Cambodia Private Commercial Center) មួយកន្លែងនៅប្រទេសជប៉ុន ដើម្បីពង្រីកទីផ្សារ នាំចេញនូវផលិតកម្ពុជា ហើយដើម្បីទាក់ទាញវិនិយោគគិនជប៉ុន ៕

 

ព័ត៌មានទាក់ទង