ដើមត្នោតជាង២០ម៉ឺនគ្រាប់ ត្រូវបានដាំតាមព្រំដែនកម្ពុជា-ឡាវ រយៈពេល៦ឆ្នាំ

11/07/2022 12:00 pm ស្ទឹងត្រែង


ដោយ៖ ឈុំ ចន្ថា 
 
ភ្នំពេញ៖ ចាប់ពីឆ្នាំ ២០១៦មក រដ្ឋបាលខេត្តស្ទឹងត្រែង បានដាំគ្រាប់ត្នោតជាង២០ម៉ឺនគ្រាប់ តាមបណ្ដាយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ។ ការដាំនេះ ដើម្បីទុកជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយ និងបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ។

 


ត្នោត គឺជាអត្តសញ្ញាណសម្គាល់ភូមិសាស្រ្តកម្ពុជា ជាពិសេស រុក្ខជាតិប្រភេទនេះ បានផ្ដល់ប្រយោជន៍យ៉ាងច្រើនដល់ពលរដ្ឋខ្មែរដូចជា ដើមអាចយកទៅធ្វើក្តារផ្ទះ រនូតផ្ទះ និងទូក។ ទឹកត្នោតអាចធ្វើស្ករ ផ្លែត្នោតអាចធ្វើជានំ ឬបង្អែម ហើយស្លឹកអាចធ្វើជា មួក ដំបូល និងជញ្ជាំងផ្ទះជាដើម។ ថ្មីៗនេះ អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង និងលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្រ្តីក្រោមឱវាទ យកគ្រាប់ត្នោតដាំប្រមាណ ៣ម៉ឺនគ្រាប់ថែមទៀត នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ដើម្បីទុកជាប្រយោជន៍សម្រាប់អ្នកជំនាន់ក្រោយឱ្យបានស្គាល់ និងបង្ហាញពីអត្តសញ្ញាណជាតិ។


 
លោក អភិបាលខេត្តឱ្យដឹងថា ដើមត្នោតជារុក្ខជាតិដែលផ្តល់នូវគុណសម្បត្តិច្រើនដល់ប្រជាជនខ្មែរតាំងពីសម័យបុរាណ និងជានិមិត្តសញ្ញាតំណាងអត្តសញ្ញាណជាតិដួងព្រលឹងជាតិ ដែលប្រជាជនខ្មែរសម្គាល់ភាពជាទឹកដីរបស់ខ្លួនពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន។ គ្រាប់ត្នោតទាំងនេះ ត្រូវដាក់ដាំតាមបណ្ដោយសងខាងផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ ចាប់ពីចំណុចបង្គោលព្រំដែនលេខ0៤២ ទៅបង្គោលព្រំដែនលេខ០៤៩។ 
 
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០១៦មក នេះជាលើកទី៦ហើយ ដែលអាជ្ញាធរខេត្តស្ទឹងត្រែង ដាំគ្រាប់ត្នោតតាមព្រំដែនកម្ពុជា-ឡាវ សរុបជាង២០ម៉ឺនគ្រាប់៕ 
 

ព័ត៌មានទាក់ទង