សត្វ និងរុក្ខជាតិទាំង៧ប្រភេទ ជានិមិត្តរូបរបស់ប្រទេសកម្ពុជា

28/11/2022 11:00 am ភ្នំពេញ

ដោយ៖ ប៉ូ សុភា 

ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា បានកំណត់យក សត្វ និងរុក្ខជាតិ សរុបចំនួន៧ប្រភេទ រួមមាន គោព្រៃ សត្វត្រយ៉ង សត្វអណ្ដើកហ្លួង ត្រីគល់រាំង ដើមត្នោត ផ្ការំដួល ចេកពងមាន់ ដែលជានិមិត្តរូបនៃប្រទេសកម្ពុជា។ ការកំណត់យកមិត្តរូបទាំងនេះ អាចជាផ្នែកមួយជួយលើកតម្កើងនូវតម្លៃមរតធម្មជាតិ មោទនភាពជាតិ ក្នុងនាមជារបស់ខ្មែរ ដើម្បីបង្ហាញទៅកាន់ពលរដ្ឋប្រទេសដទៃឱ្យបានស្វែងយល់។

 

គោព្រៃ៖ គោព្រៃជាប្រភេទគោសាទិសមានរូបរាងស្រដៀងទន្សោង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គេអាចសម្គាល់វាបានច្បាស់តាមលក្ខណៈ មានបួរវែងធា្លក់ចុះដល់ជង្គង់ និងស្ទើរតែដល់ដីនៅពេលវាចាស់។ ស្នែងគោព្រៃឈ្មោល និងញីមានលក្ខណៈខុសគ្នា ដោយសារស្នែងឈ្មោលធំជាងស្នែងញី។ វាដុះចេញមកក្រៅកោងទៅមុខរួចងើបឡើងលើ និងមានបែកចុងស្នែង នៅពេលវាមានអាយុប្រមាណ ៣ឆ្នាំ។ ស្នែងញីដុះមកមុខរាងងើបបន្តិច រួចរមួលឡើងលើ។ ជើងក្រោមជង្គង់ទាំងបួនមានពណ៌ស ឬប្រផេះ និងនៅផ្ទៃខាងក្រោយនៃគូទពុំមានដាងពណ៌សដូចទន្សោងទេ។ សម្បុរគោព្រៃអាចប្រែប្រួល នៅពេលក្មេងមានសម្បុរត្នោត ដល់ជំទង់មានសម្បុរប្រផេះ និងប្រផេះចាស់នៅពេលវាចាស់។ គោព្រៃឈ្មោលពេញវ័យមានកម្ពស់រហូតដល់ ១,៨១ម៉ែត្រ។



សត្វត្រយង៖ ឈ្មោះជាភាសាជាតិហៅ « ត្រយង ឬ ក្ងយក្ស ឬ ឪលើក» ឈ្មោះវិទ្យាសាស្រ្ត « Pseudibis giganea»  និងជាភាសាអង់គ្លេស « Giant Ibis » ។ បក្សីប្រភេទនេះ មានពណ៌សម្បុរប្រផេះ ក្រម៉ៅ ជើងពណ៌ក្រហមព្រលែត ជំពុះរាងកោងខុបចុះ និងមានប្រវែងដងខ្លួន១០៤ សង់ទីម៉ែត្រ។ សត្វប្រភេទនេះ បច្ចុប្បន្នសម្បូរនៅតែក្នុងភូមិភាគខាងជើង និងឦសាននៃប្រទេសកម្ពុជា។ ត្រយង ស៊ីសត្វឥតឆ្អឹងកងរស់នៅក្នុងភក់ រួមមានជន្លេន ខ្យង ខ្ចៅ និងក្ដាម។ ពួកវាចូលចិត្តរស់នៅក្នុងព្រៃរបោះស្ងួត ដែលមានដីសើមច្រើន រួមមានត្រពាំង បឹង និងទន្លេ។ ពិភពលោក ក៏បានចាត់ទុកត្រយ៉ងជាប្រភេទ ជិតផុតពូជបំផុត ដោយបានចុះបញ្ជីសៀវភៅក្រហម IUCN។



សត្វអណ្ដើកហ្លួង៖  ឈ្មោះជាភាសាជាតិហៅ « អណ្ដើកសរសៃ ឬអណ្ដើកហ្លួង» ឈ្មោះវិទ្យាសាស្រ្ត « Batagr baska »  និងភាសាអង់គ្លេស « Royal Turtle »។ លក្ខណៈសម្គាល់របស់វាមានភ្នែកពណ៌ស និងច្រមុះបះឡើង ស្នូករបស់វាមានប្រវែងរហូតដល់៦០សង់ទីម៉ែត្រ។ វាមានពណ៌ប្រផេះ ឬ ខ្មៅទាំងអស់។ លក្ខណៈពិសេសអណ្ដើកនេះមានម្រាមជើងមុខធំ មានស្បែកពាសជាប់គ្នាដូចបាតជើងទា មានក្រញាំតែបួន គឺខុសប្លែកជាងអណ្ដែកផ្សេងទៀតដែលមានក្រញាំប្រាំ។ 
វាចូលចិត្តរស់នៅតាមតំបន់ពាមសមុទ្រ ដែលមានព្រែកតូចៗ ព្រៃកោងកាង ឬមានរុក្ខជាតិផ្សេងទៀតដុះតាមមាត់ទឹក។ 



រូបភាពពី សៀវភៅមគ្គុទ្ទេសក៍ ស្តីពី ប្រភេទត្រីទឹកសាបរស់នៅក្នុងដែនទឹកសាប នៃប្រទេសកម្ពុជា។ 

ត្រីគល់រាំង៖ ឈ្មោះភាសាជាតិគេហៅ « ត្រីហោ ត្រីក្បាលឡាន ឬត្រីគល់រាំង» ចំណែកឯឈ្មោះវិទ្យាសាស្ត្រ « Cattlocarpio siamensis » និងឈ្មោះជាភាសាអង់គ្លេស « Giant Mekong Barb»។ ត្រីគល់រាំងជាប្រភេទត្រីដែលមានទំហំធំជាងគេ នៅក្នុងប្រទេសកម្ពុជា ដោយមានទម្ងន់របស់វាចន្លោះពី១៥០ដល់ ៣០០គីឡូក្រាម។ វាអាចប្រវែងចន្លោះពី ២ទៅ៣ម៉ែត្រ។ លក្ខណៈសម្គាល់ត្រីប្រភេទនេះ គឺពណ៌សម្បុរនៅលើដង់ខ្លួនរបស់វា  មានពីរពណ៌ដាច់ដោយឡែកពីគ្នា។ ចំណែកឯ ស្រការបស់វា នៅខាងលើមានខ្សែឆ្នូត ឯខ្លួនមានពណ៌ក្រម៉ៅថ្លា។  ដោយឡែក ស្រកាឋិតនៅក្រោមខ្សែឆ្នូតចំហៀងខ្លួនមានពណ៌ប្រាក់។ ត្រីប្រភេទនេះ រស់នៅតាមដងទន្លេមេគង្គ ជាពិសេសសម្បូរជាងគេនៅក្នុងទន្លេសាប។   



ផ្ការំដួល៖ ឈ្មោះជាភាសាជាតិហៅថា « រំដួល» ឈ្មោះវិទ្យសាស្រ្ត « Mitrella mesnyi»។ ផ្ការំដួលមានពណ៌លឿង-ស មានក្លិនក្រអូប សាយបានឆ្ងាយ វាចោលក្លិននៅពេលរសៀល និងពេលព្រលប់។ ផ្លែរបស់វាជាចង្កោម ពេលទុំមានពណ៌ក្រហមក្រម៉ៅ និងអាចបរិភោគបាន។ រសជាតិរបស់វាប្រហាក់ប្រហែលផ្លែព្រីង។ ផ្ការបស់វា ត្រូវបានគេច្នៃធ្វើជាគ្រឿងលម្អកាយរបស់ស្រ្តី និងអាចធ្វើជាក្រមួនលាបមាត់បានផងដែរ។ 



ចេកពងមាន់៖ ឈ្មោះជាភាសាជាតិហៅ«ចេកពងមាន់» រីឯឈ្មោះវិទ្យាសាស្រ្ត « Musa aromatica » ជាភាសាអង់គ្លេស « Chicken Egg Banana »។ ចេកប្រភេទនេះ ត្រូវបានប្រជាពលរដ្ឋនិយមបរិភោគទូទៅ និងត្រូវបានគេដាំនៅតាមដីសណ្ដទន្លេមេគង្គ ជាពិសេសនៅតាមតំបន់កោះដុះថ្មី។ គេអាចយកគល់របស់វាជាប្រភពជាតិម្សៅសម្បូរដោយជាតិអាមីដុង ដែលអាចជំនួសជាចំណីសត្វពាហនៈ ។



ដើមត្នោត៖ ជាប្រភេទរុក្ខជាតិដែលសម្បូរ អាចប្រើជាប្រយោជន៍បានច្រើនយ៉ាងទាំងដើម ស្លឹក ផ្កា ផ្លែ ខ្ចី ចាស់ និងទុំ។ នៅក្នុងប្រទេសកម្ពុជា ដើមត្នោតមានដុះស្ទើរពាស់ពេញផ្ទៃប្រទេស។ ពលរដ្ឋភាគច្រើនស្គាល់  និងដឹងពីអត្ថប្រយោជន៍របស់រុក្ខជាតិមួយប្រភេទនេះ។ លក្ខណៈពិសេសរបស់រុក្ខជាតិប្រភេទនេះ គឺធននឹងអាកាសធាតុ និងអាចរស់នៅបានទាំងក្នុងទឹក និងលើគោក។ 

សូមបញ្ជាក់ថា  ការកំណត់ប្រភេទសត្វនិងរុក្ខជាតិ សម្រាប់ជានិមិត្តរូបនៃប្រទេសកម្ពុជា ចេញដោយព្រះរាជក្រឹត្យលេខ នស/រកត ២៣០៥/ ១៤៩ ចុះថ្ងៃទី២១ ខែមិនា ឆ្នាំ២០០៥៕ 

 

ព័ត៌មានទាក់ទង