កម្ពុជា ​បានអនុម័ត​លើ​គម្រោង​វិនិយោគវិស័យ​ឯកជនជិត៥០គម្រោង ក្នុងត្រីមាសទី១

29/06/2022 9:00 am ភ្នំពេញ

ភ្នំពេញ៖ ៣ខែដើមឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តលើគម្រោងវិនិយោគ​ចំនួន៤៧ ដោយក្នុងនោះ មាន៤៣គម្រោង គឺស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស។ បើតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់អគ្គនាយកដ្ឋានគោលនយោបាយ​នៃក្រសួងសេដ្ឋកិច្ច គម្រោងវិនិយោគទាំងនោះ គឺមានទំហំទឹកប្រាក់ប្រមាណ ២ ៥០០លានដុល្លារ។



ពីខែមករាដល់មីនា ឆ្នាំ២០២២ CDC បានអនុម័តលើគម្រោងវិនិយោគចំនួន៤៧​​ ដែលទឹកប្រាក់សរុប ២ ៥២០,៦លានដុល្លារអាម៉េរិក។ ទំហំទឹកប្រាក់នេះ គឺកើន១៤,២ភាគរយ ធៀបនឹងគ្រាដូចគ្នា កាលឆ្នាំ២០២១។​ ព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រចាំត្រីមាសទីមួយ ឆ្នាំ២០២២ បានបង្ហាញថា ក្នុងចំណោមគម្រោងវិនិយោគសរុបនេះ មាន៤៣គ្រោង គឺស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគជិត ២ ២២០លានដុល្លារ។
 
បើតាម CDC ការវិនិយោគទាំងនោះមានលើមណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង, វារីអគ្គិសនី, រោងចក្រផលិតសំបកកង់យានយន្ត, សណ្ឋាគារ, រោងចក្រស៊ីម៉ង់ត៍, កសិដ្ឋានដាំដំណាំចេក និងដំណាំហូបផ្លែផ្សេងៗ, រោងចក្រដំឡើងរថយន្ត និងមន្ទីរពេទ្យពហុព្យាបាល។ 
 
ដោយឡែក ៤គម្រោងទៀតដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះ គឺបានវិនិយោគលើវិស័យឧស្សាហកម្មក្នុងទំហំទុនជាង៣០០លានដុល្លារ។ កម្ពុជាតាមរយៈគម្រោងវិនិយោគនៅក្នុងនិងក្រៅតំបន់សេដ្ឋកិច្ចទាំងនេះ អា​ចបង្កើតការងារដល់ពលរដ្ឋបានប្រមាណ ៣៧ ០០០នាក់។ CDC បានបន្ថែមដូច្នេះ៕

ព័ត៌មានទាក់ទង