ទឹកស្ទឹងសៀមរាប ហ៊ុមព័ទ្ធដោយស្លែ 

28/06/2022 1:00 pm សៀមរាប

ដោយ៖ អ៊ីសា រ៉ហានី

សៀមរាប៖ នៅចំកណ្ដាលបេះដូងនៃក្រុងវប្បធម៌ ស្ទឹងសៀមរាប បានក្លាយជាទីចាប់អារម្មណ៍ខ្លាំងពីអ្នកដំណើរ និងភ្ញៀវទេសចរជិតឆ្ងាយ។ មាត់ស្ទឹងនេះ កាន់តែទាក់ទាញបន្ថែមទៀត ក្រោយការស្ថាបនាផ្លូវថ្មើរជើងជុំវិញធំទូលាយជាងពេលមុន ដែលសម្បូរអ្នកដើរហាត់កីឡាទាំងព្រឹកល្ងាច។ យ៉ាងណា សម្រស់ស្ទឹងសៀមរាបត្រូវបានទាញទម្លាក់ដោយពពួកស្លែតូចធំ ដែលសឹងតែមិនអាចមើលឃើញទឹកទៅហើយ។ ស្ទឹងទាំងមូល ប្រែជាពណ៌ស្លែអាប់។


 
មាត់ស្ទឹងសៀមរាប ពិសេសនៅតាមសួនដែលជាប់ស្ទឹងនេះ សម្បូរអ្នកដំណើរទៅអង្គុយលេង ដើរហាត់កីឡា ស្រូបយកខ្យល់អាកាស បន្ធូរអារម្មណ៍តានតឹង ក្រោយសម្រាកពីការងារ និងការសិក្សា។ ក៏មានដែរ ប្រជាជនមួយចំនួន ទោះមានលំនៅឋានក្បែរនោះ ក៏ពិតមែន តែមិននិយមដើរ ឬអង្គុយលេងតាមសួនមាត់ស្ទឹងទេ។ ពួកគេថា បរិយាកាសមិនល្អ និងទឹកមានក្លិនស្អុយ។ 
 
ពលរដ្ឋមួយរូប គឺលោក ស៊ីថា  ដែលមានផ្ទះនៅជិតស្ទឹងសៀមរាប ថាលោកមិនសប្បាយចិត្តប៉ុន្មានឡើយ នៅពេលឃើញទឹកស្ទឹងនេះ ពោរពេញដោយស្លែ និងកាកសំណល់ប្លាស្ទិកមួយចំនួន បង្កឱ្យទឹកល្អក់ និងមានក្លិនស្អុយ។  ពលរដ្ឋរូបនេះរៀបរាប់ថា៖« [ស្ទឹងសៀមរាប] អត់មានអីប្លែកទេ នៅដដែល! មានសភាពស្អុយ សំរាម ឃើញប្រជាជនបោះសំរាមចូល។ ការបង្ហូរទឹកស្អុយស្ទឹងនៅតែមាន។ ដើរកាត់កន្លែងលូ ស្អុយ ពេលអង្គុយលេង ក៏ជះក្លិនដែរ ព្រោះទឹកស្អុយស្រាប់។ អ៊ីចឹងមិនសូវបានដើរ ឬអង្គុយលេងទេ»។
 
ក្រៅពីការត្អួញត្អែរនេះ ពលរដ្ឋរស់នៅសង្កាត់ស្លក្រាមរូបនេះ ក៏សំណូមពរឱ្យអាជ្ញាធរមានវិធានការស្ដារ ឬបារស្លែចេញពីស្ទឹង ដើម្បីលើកតម្លៃស្ទឹងប្រវត្តិសាស្រ្ដនេះឡើងវិញ។ លោក សុថា បន្ថែមថា៖« គួរមានវិធានាការស្ដារ បារយកកាកសំណល់ចេញពីស្ទឹងហ្នឹង ព្រោះស្ទឹងនៅកណ្ដាលក្រុង ភ្ញៀវណាក៏មកមើលឃើញ កាត់រហូត ជាស្ទឹងប្រវត្តិសាស្រ្ត ត្រូវលើកតម្លៃឱ្យសមនឹងតម្លៃរបស់វា ជាស្ទឹងដែលមានទំនាក់ទំនងនឹងអង្គរ ដែលបុព្វបុរសបានកសាងមក»។ 
 
ពលរដ្ឋមួយរូបទៀត គឺលោក សាវ៉ាន់ ក៏សង្កេតឃើញថា តាមដងស្ទឹងសៀមរាបមានការប្រែប្រួល និងមិនសូវស្រស់ស្អាតដែរ ក្រោយពីចូលឆ្នាំរួច។ លោករៀបរាប់ថា៖« ក្រោយចូលឆ្នាំ ស្មៅមិនមានអ្នកថែ ទឹកពីស្ពាននាគមក ចាប់ផ្តើមមានស្លែ ហើយស្មៅតាមមាត់ស្ទឹងត្រូវពលរដ្ឋខ្លះអង្គុយ ខ្លះលេងកីឡា ងាប់ គួបផ្សំគ្មានអ្នកស្រោចទឹកផង»។
 
ជុំវិញស្ទឹងសៀមរាបហ៊ុមព័ន្ធដោយស្លែនេះ លោក ហាយ យ៉ុង ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន និងអនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ នៃរដ្ឋបាលក្រុងសៀមរាប ពន្យល់ថា ការស្ដារស្លែអំឡុងពេលនេះ នឹងធ្វើឱ្យទឹកស្ទឹងល្អក់ និងស្អុយកាន់តែខ្លាំង ដោយសារទឹករាក់ គ្មានទឹកបញ្ចូលបន្ថែម ព្រោះទឹកនៅផ្នែកខាងលើត្រូវបានបិទបណ្ដោះអាសន្ន ដើម្បីស្ដារស្ទឹងសៀមរាប ក្នុងដំណាក់កាលទី២។ លោក ហាយ យ៉ុង៖« ការស្ដារមិនទាន់អាចធ្វើបានទេ ដោយសារផ្នែកខាងក្រោម គេកំពុងស្ដារស្ទឹងជំហានទី២ ត្រូវបិទទឹកនៅផ្នែកខាងលើ ហើយប្រសិនបើយើងសម្អាត ទឹកអត់មានចូល វាអាចនឹងអាក្រក់ជាងស្លែរទៀត ពេលទឹកកករ»។ គម្រោងស្ដារស្ទឹងសៀមរាប ជំហានទី២ មានប្រវែងប្រមាណ៥គីឡូម៉ែត្រ ចាប់ពីស្ពានក្រវ៉ាត់ក្រុង រហូតដល់ភូមិអារញ្ញ សង្កាត់សៀមរាប។
 
មន្រ្តីរដ្ឋបាលក្រុងសៀមរាប ពន្យល់ទៀតថា ការសម្អាតស្ទឹងអាចធ្វើឡើងវិញ នៅអំឡុងខែតុលា គឺនៅពេលមានភ្លៀងធ្លាក់ច្រើន ពិសេសគឺមុនពិធីបុណ្យអុំទូកនាពេលខាងមុខ ដែលនៅពេលនោះ ទឹកស្ទឹងចាប់ផ្តើមមានច្រើនឡើងវិញ ជួយឱ្យទឹកស្ទឹងថ្លាដូចធម្មតា។ 
 
ការបាត់សោភ័ណភាពស្ទឹងសៀមរាបនេះ មិនមែនទើបតែកើតឡើងទេ។ គេតែងឃើញជារឿយៗ គឺមុនមានគម្រោងស្ដារស្ទឹងសៀមរាបជំហានទី២មកម្ល៉េះ។ ដោយសារជាស្ទឹងសិប្បនិមិត្ត ស្ទឹងនេះ ត្រូវរង់ចាំប្រភពទឹកពីផ្នែកខាងលើ ដែលហូរពីភ្នំគូលែន ដែលនឹងហូរចុះមកច្រើននារដូវមានភ្លៀង។ អាជ្ញាធរប្រើប្រាស់ទ្វារទឹកទំនប់បារាំង ដែលស្ថិតនៅខាងលិចឆៀងខាងជើងប្រាសាទតានៃ សម្រាប់បង្ហូរចូលស្ទឹងសៀមរាបនេះ៕

 

ព័ត៌មានទាក់ទង