កាំពី ជាអន្លង់ផ្សោតល្បីល្បាញនៅទន្លេមេគង្គ ខេត្តក្រចេះ

17/07/2022 11:00 am ក្រចេះ

ដោយ៖ ស៊ុល រ៉វី 

ក្រចេះ៖ «អន្លង់ផ្សោតកាំពី» ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ នៅទន្លេមេគង្គលើ ខេត្តក្រចេះ។ ទេសចរ អាចជិះទូកទស្សនាសត្វផ្សោតអណ្ដែតខ្លួនទាំងគូៗ ហាក់ដូចម្ដាយ និងកូន, បង និងប្អូន កំពុងប្រឡែងគ្នាលើផ្ទៃទឹក។


 


 
ដើម្បីទៅកាន់ទីតាំងមួយនេះ អ្នកទេសចរត្រូវធ្វើដំណើរចេញពីក្រុងក្រចេះ ឆ្ពោះទៅកាន់ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី តាមផ្លូវខេត្តលេខ៣៧៧ ចម្ងាយប្រមាណ១៥គីឡូម៉ែត្រ។ ទេសចរ នឹងឃើញខ្លោងទ្វារធំមួយភ្ជាប់នឹងអក្សរមួយឃ្លាថា «រមណីយដ្ឋានអន្លង់ផ្សោត»។ មុនចូលទៅកាន់កន្លែងទិញសំបុត្រ គេនឹងឃើញមានអាជីវករលក់ភេសជ្ជៈ និងគ្រឿងអនុស្សាវរីយ៍ពីឈើ នៅក្នុងបរិវេណទីតាំងនេះ។ 
 
ដើម្បីទៅទស្សនាសត្វផ្សោតបាន អ្នកទេសចរត្រូវធ្វើដំណើរតាមទូក។ ជិះទូកចេញពីកំពង់បានប្រមាណតែ១០នាទី ទេសចរ នឹងឃើញវត្តមានសត្វផ្សោត ងើបចេញពីផ្ទៃទឹក ដើម្បីដកដង្ហើម។ ការងើបមកដកដង្ហើមរបស់សត្វផ្សោតនេះ មិនមានរយៈពេលយូរឡើយ គឺចន្លោះពី២វិនាទី ទៅ៣វិនាទីតែប៉ុណ្ណោះ។ ម្ដងម្កាល វាក៏លោតផុតចេញពីផ្ទៃទឹក សឹងឃើញរូបរាងទាំងស្រុងរបស់វាទៅហើយ តែករណីនេះកម្របានឃើញណាស់។ 

មិនថារដូវប្រាំង ឬវស្សាឡើយ អ្នកទេសចរនៅតែអាចទៅទស្សនាសត្វផ្សោតនេះបានដដែល។ លោក ម៉ាន ឈុន អ្នកដឹកភ្ញៀវទេសចរណ៍សត្វផ្សោត រៀបរាប់ការរស់នៅសត្វផ្សោតដូច្នេះ៖ «ខែប្រាំងទឹករាក់ វានៅផ្ដុំគ្នា ឯខែវស្សាវាខ្ចាត់ខ្ចាយ វាចែកគ្នាដើររកស៊ី។ (ម្យ៉ាង)ស្រួលថតដែរ ទៅដល់ជួបជាហ្វូងវាប្រលែងគ្នាទៅ ចំបណ្ដោយ ស្រណុកថតបណ្ដោយ»។ 
 
ទិដ្ឋភាពផ្សោតនៅអង្លង់កាំពីនេះ ពិតជាធ្វើឱ្យទេសចរជាតិ និងអន្តរជាតិ រំភើបរីករាយ។ កញ្ញា ម៉ូណា ជាជនបរទេសមួយរូបមកពីប្រទេស ហូឡង់ ដែលបានមកទស្សនាសត្វផ្សោតជាលើកដំបូង។ កញ្ញាមានអារម្មណ៍រំភើបជាខ្លាំង ដែលមកទស្សនាសត្វផ្សោតទន្លេមេគង្គដែលជាប្រភេទសត្វកម្រនេះ។ 

កញ្ញានិយាយដូច្នេះ៖ «ខ្ញុំគិតថានៅទីនេះ ជាកន្លែងល្បីឈ្មោះបំផុតមួយ ដើម្បីទស្សនាសត្វផ្សោត។ ពីព្រោះនៅឯប្រទេសខ្ញុំមិនមានវត្តមានវានោះទេ។ ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះខ្ញុំបានលឺសំឡេងពួកវា ប៉ុន្តែខ្ញុំមិនដឹងថាពួកវានៅកន្លែងណា រហូតទាល់តែម្ចាស់ទូកប្រាប់ថា អូហមើលវានៅទីនោះ ហើយពួកវាពិតជាខុសគ្នាពីលើកញ្ចក់ទូរទស្សន៍ណាស់។ នេះគឺជាបទពិសោធន៍ដ៏សប្បាយមួយ»។
 
កញ្ញា ម៉ូណា បន្ថែមទៀតថា៖ «វាពិតជាមានសារៈសំខាន់ណាស់សម្រាប់សាធារណជនទាំងអស់
អ្នកទេសចរ ក៏ដូចជាពលរដ្ឋរស់នៅទីនេះ គឺត្រូវគិតគូរអំពីការបំពុល ដូចជាកុំបោះចោលសំរាមទៅក្នុងទន្លេ កុំនេសាទហួសហេតុ ដើម្បីប្រាកដថាពួកគេមានជីវិតរស់នៅសុខសាន្តមួយ
នៅក្នុងទន្លេ និង បន្តជីវិតរស់នៅយូរអង្វែងទៀត»។ 
 
សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ ជិតផុតពូជបំផុត។ លទ្ធផលនៃជំរឿនសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំ២០២០ ដោយរដ្ឋបាលជលផល និងអង្គការ WWF បានបង្ហាញថា មានសត្វផ្សោតចំនួនត្រឹមតែ៨៩ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុង ទន្លេមេគង្គកម្ពុជា។

 
គួរជម្រាបផងដែរថា ចំពោះតម្លៃទូកវិញបែងចែកជា២ប្រភេទ គឺសម្រាប់ភ្ញៀវជាតិម្នាក់ ទៅ៦នាក់ តម្លៃ ៥ម៉ឺនរៀល ។ ឯតម្លៃទូកភ្ញៀវអន្តរជាតិវិញ គឺ១០ដុល្លារ សម្រាប់ភ្ញៀវពេញវ័យ ចាប់ពី១ ទៅ២នាក់ និងតម្លៃ៨ដុល្លារសម្រាប់ភ្ញៀវពេញវ័យចាប់ពី៣នាក់ឡើងទៅ។ ចំណែកភ្ញៀវអន្តរជាតិអាយុក្រោម១២ឆ្នាំ គឺមានតម្លៃ៥ដុល្លារ ក្នុងមនុស្សម្នាក់។ ដោយឡែករយៈពេលនៃការទស្សនាវិញ គឺមានរយៈពេល៦០នាទី សម្រាប់ខែវិច្ឆិកា ដល់ខែឧសភា និងមានរយៈពេល៩០នាទី នៅខែមិថុនា ដល់ខែតុលា៕
 

 

ព័ត៌មានទាក់ទង