ភ្លៀង នឹង​បន្ត​ធ្លាក់​លាយឡំ​ខ្យល់​កន្ត្រាក់ មួយ​សប្ដាហ៍​ទៀត​

28/06/2022 10:00 am ភ្នំពេញ

ដោយ​៖ ស៊ុ​ល រ៉​វី 

​ភ្នំពេញ​៖ ភ្លៀង​នឹង​បន្ត​ធ្លាក់​ចាប់ពី​ថ្ងៃទី​២៩ ខែមិថុនា ដល់​ថ្ងៃទី​០៥ ខែកក្កដា លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​។ ការណ៍​នេះ​បណ្ដាលមកពី ជ្រលង​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​អូសបន្លាយ​លើ​ភាគ​ខាងជើង ប្រទេស​ថៃ ឡាវ និង​វៀតណាម ដោយ​ភ្ជាប់​ទៅនឹង​សម្ពាធ​ទាប​មួយ​ទៅ​សមុទ្រ​ចិន​ខាងត្បូង​។

 

​យោងតាម​ការជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុ​និ​យ​នៅ​ព្រឹក​ថ្ងៃទី​២៨ មិថុនា​នេះ ជ្រលង​ប្រព័ន្ធ​សម្ពាធ​ទាប នឹង​វិ​វត្ត​ខ្លួន​ជា​បន្តបន្ទាប់​ទៅជា​ព្យុះ​ទី​៣ ដោយមាន​ដំណើរ​ឆ្ពោះទៅកាន់​កោះ​ហៃណាន ប្រទេស​ចិន​។ ស្ថានភាព​ខាងលើនេះ ធ្វើឱ្យ​តំបន់​ទំនាប​កណ្ដាល ប្រទេស​កម្ពុជា​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ហើយក៏​អាចមាន​ភ្លៀង​ធ្លា​ក់ដោយ​អន្លើ​លាយឡំ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅ​វាលទំនាប​កណ្ដាល និង​ភាគ​ពាយ័ព្យ​។
 
​ដោយឡែក តំបន់​ខ្ពង់រាប​វិញ អាច​នឹងមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ ចំណែក​តំបន់​សមុទ្រ​វិញ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន លាយឡំ​ទៅដោយ​ខ្យល់​កន្ត្រាក់​។ ឯលើ​ផ្ទៃសមុទ្រ នឹង​អាចមាន​ខ្យល់​បក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់​។ 
​ក្រសួង​ធនធានទឹក អំពាវនាវ​ដល់​ពលរ​ដ្ឋ​ទាំងអស់​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បញ្ហា​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាចមាន​ជាយថាហេតុ​នេះ​។ នាពេល​ថ្មីៗ​នេះ គ្រោះ​ខ្យល់​កន្ត្រាក់​នេះ បានធ្វើឱ្យ​ផ្ទះ​ពលរដ្ឋ​៦២​ខ្នង នៅក្នុង​ក្រុង​សិរី​សោ​ភ​ណ័ ខេត្តបន្ទាយមានជ័យ រង​ការខូចខាត​ផងដែរ​៕

ព័ត៌មានទាក់ទង