យុទ្ធនាការ «តាមដងទន្លេមេគង្គជាមួយសាយ» បង្ហាញពីសម្រស់និងសារៈសំខាន់របស់ទន្លេមេគង្គ

រូបភាពពី​ហ្វេសប៊ុក​អុកស្វាម

28/06/2022 9:00 am ភ្នំពេញ

ដោយ​ ៖ ធន់ សេងហុង 
 
យុទ្ធនាការ«តាមដងទន្លេមេគង្គជាមួយសាយ» បានចូលរួមលើកកម្ពស់តំបន់អេកូទេសចរណ៍ធម្មជាតិ ជីវភាពរស់នៅរបស់សហគមន៍ដែលងាយរងគ្រោះពីផលប៉ះពាល់ដោយការផ្លាស់ប្តូរលំហូរទឹក និងការគំរាមកំហែងកើនឡើងដល់សន្តិសុខស្បៀង នៅតាមដងទន្លេមេគង្គ។ ក្នុងយុទ្ធនាការរយៈពេល៤ខែមកនេះ លោក អ៊ួន បឋម ហៅសាយ បានធ្វើដំណើរតាមដងទន្លេមេគង្គ ដោយឆ្លងកាត់តាមខេត្តរតនគិរី ស្ទឹងត្រែង និងក្រចេះ។



អង្គការអុកស្វាម(Oxfam) ធ្វើ​យុទ្ធនាការ​«​តាម​ដង​ទន្លេមេគង្គ​ជាមួយ​សាយ​» ​ដើម្បី​ផ្សព្វផ្សាយ​ពី​សារៈសំខាន់​នៃ​ទន្លេ ដែលលោកសាយ ធ្វើជា​ទូត​សុ​ឆន្ទៈ​​​ដឹកនាំការធ្វើ​យុទ្ធនាការ​មួយនេះ ចាប់តាំងពីថ្ងៃទី១០មីនា ឆ្នាំ២០២២មក។​ បើតាមលោកស្រី កែវ កណិកា ជាប្រធានគម្រោងបរិយាប័ន្ននៃអង្គការអុកស្វាម ការសម្រេចធ្វើយុទ្ធនាការនេះ គឺដើម្បីលើកពីសម្រស់និងសារៈសំខាន់របស់ទន្លេមេគង្គ ក៏ដូចជាលើកកម្ពស់តំបន់អេកូទេសចរណ៍ធម្មជាតិ ជីវភាពរស់នៅរបស់សហគមន៍ដែលងាយរងគ្រោះ ពីផលប៉ះពាល់ដោយការផ្លាស់ប្តូរលំហូរទឹក និងការគំរាមកំហែងកើនឡើងដល់សន្តិសុខស្បៀង នៅតាមដងទន្លេមេគង្គ។
 
លោកស្រី កែវ កណិកា បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៣ មិថុនា ថា យុទ្ធនាការ«តាមដងទន្លេមេគង្គជាមួយសាយ» គឺផ្សារភ្ជាប់ភ្ញៀវទេសចរ ជាពិសេសផ្សារភ្ជាប់យុវជន ជាមួយជនជាតិដើមភាគតិច​ ស្ត្រី និងជនងាយរងគ្រោះ ឱ្យបានយល់ដឹងអំពីប្រពៃណី ទំនៀមទម្លាប់ តំបន់ទេសចរណ៍ និងសក្តានុពលមួយចំនួនទៀត ដែលនៅតាមបណ្តាសហគមន៍ជាប់ទន្លេមេគង្គ តាមរយៈការទៅលេងកម្សាន្តនៅសហគមន៍ទាំងនោះ ។ 
 
ការនេសាទ និងដាំដំណាំ ជារបរដ៏សំខាន់ក្នុងការចិញ្ចឹមជីវិតរបស់ពលរដ្ឋនៅក្នុងសហគមន៍នៅតាមដងទន្លមេគង្គ។ ប៉ុន្តែប៉ុន្មានចុងឆ្នាំនេះ ផលនេសាទ​ និងផលដំណាំត្រូវបានធ្លាក់ចុះ ដោយសារការបាក់ប្រាំងទន្លេ ដំណើរទឹកមិនទៀងទាត់ ជាមួយនឹងការធ្វើទំនប់វារីអគ្គិសនីនៅជាដើមនោះ បានធ្វើឱ្យពលរដ្ឋសម្រេច បង្កើតសហគមន៍អេកូទេសចរណ៍នានា ដើម្បីការរកចំណូលបន្ថែម។ 
 
អ្នកស្រី ប៊ុន សំផាន ប្រធានសហគមន៍សម្រស់កោះហាន បានបញ្ជាក់ថា៖ «បើទោះបីជាមានសហគមន៍ ប៉ុន្តែការរកចំណូលពីតំបន់អេកូទេសចរណ៍នេះ គឺមិនគ្រប់គ្រាន់សម្រាប់ដោះស្រាយជីវភាពរបស់ពលរដ្ឋនៅទីនោះឡើយ ព្រោះបទល្មើសនេសាទមួយចំនួននៅតែបន្តកើតមាន, ដើមឈើធំៗត្រូវរលំបាក់, បក្សាបក្សីទាំងហ្វូង ដែលធ្លាប់តែហើរមកទំជ្រកប្រែជាស្ងៀមស្ងាត់។ ទាំងអស់នេះ ជាកត្តាដែលធ្វើឱ្យបាត់បង់ភ្ញៀវទេសចរ មកកម្សាន្តនៅតាមសហគមន៍នានា នៃតំបន់ទន្លេមេគង្គ»។
 
ជាមួយគ្នានេះ​ អ្នកស្រី សួត ណាង មកពីសហគមន៍ពីភូមិហ្វាំង ឃុំពុង ស្រុកវើនសៃ ខេត្តរតនគិរី បានបង្ហាញពីផលលំបាកដែលបណ្តាលមកពីការប្រែប្រួលទឹកទន្លេមេគង្គ ដែលធ្វើឱ្យបាក់ច្រាំងទន្លេ។ ការ បាក់ច្រាំងទន្លេ គឺជាហេតុធ្វើឱ្យតំបន់ដែលអ្នកស្រី និងប្រជាពលរដ្ឋដទៃទៀត​ ពិបាកក្នុងការដាំដំណាំ រួមទាំងធ្វើឱ្យប្រភពទឹកកង្វក់ បង្កទៅជាជំងឺផ្សេងៗចំពោះអ្នកប្រើប្រាស់។​
 
អ្នកស្រី ណាង បាននិយាយដូច្នេះ៖«ទឹកទន្លេគឺជាអាយុជីវិត! បើទឹកមានការប្រែប្រួលឡើងចុះ ​និងកង្វក់ នោះ​នឹងធ្វើឱ្យពលរដ្ឋជួបការលំបាក។ ការរស់នៅរបស់ពលរដ្ឋ គឺអាស្រ័យនឹងទឹក ព្រោះនៅទីនោះ គឺមិនមានតំបន់ទេសចរណ៍»។  អ្នកស្រីបានបញ្ជាក់ថា៖« ពលរដ្ឋនៅទីនោះ គឺមិនអាចរកចំណូលអ្វីបាន ក្រៅការនេសាទ និងដាំដំណាំតាមច្រាំងទន្លេមេគង្គឡើយ»។
 
ក្នុងដំណើរនៃយុទ្ធនាការ «តាមដងទន្លេមេគង្គជាមួយសាយ» នារយៈពេល៤ខែមកនេះ លោក សាយ ក៏បានសង្កេតឃើញពីការប្រែប្រួលទឹកទន្លេមេគង្គ ព្រមទាំងបានឮការរអ៊ូរទាំរបស់ពលរដ្ឋនៅក្នុងការសហគមន៍ពីការធ្លាក់ចុះនូវចំណូលពីតំបន់អេកូសហគមន៍របស់ពួកគេ ដែលបណ្តាលមកពីវិបត្តិជំងឺកូវីដ-១៩ ទិន្នផលដែលទទួលបានពីការនេសាទត្រីមានការធ្លាក់ចុះ និងការដាំដំណាំមិនបានផលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផងដែរ។ 
 
លោក សាយ សង្ឃឹមថា សម្រស់ និងជីវចម្រុះធម្មជាតិដែលនៅសេសសល់នៅតាមដងទន្លេមេគង្គនាពេលបច្ចុប្បន្ន នឹងត្រូវបានរក្សាឱ្យបានគង់វង្ស សម្រាប់បម្រើជាប្រយោជន៍ដល់ប្រជាសហគមន៍ប្រកបដោយ និរន្តរភាព។​ ដើម្បីបង្កើនការចូលរួមអភិរក្ស និងការពារធនធានធម្មជាតិ លោក សាយ គ្រោងបង្កើតយុទ្ធនាការ​លែងត្រីចូលក្នុងទន្លេមេគង្គ, បង្រៀននិងបណ្តុះបណ្តាលពលរដ្ឋនៅតាមដងទន្លេ ដែលជាផ្នែកមួយក្នុងការផ្តល់ព័ត៌មាន និងចំណេះដឹងទៅពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ។
 
លើសពីនេះ លោក សាយ ក៏បានអំពាវនាវដល់អ្នកដែលមានឥទ្ធិពលនៅក្នុងបណ្តាញសង្គម យុវជន​ ក៏ដូចជាពលរដ្ឋទាំងអស់ឱ្យជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលនៅតាមដងទន្លេ ដើម្បីជួយទាក់ទាញទេសចរ។  ជាពិសេសគឺភ្ញៀវទេសចរក្នុងស្រុកឱ្យបានមកទស្សនា តាមតំបន់អេកូទេសចរណ៍នានា ដើម្បីជួយដល់ជីវភាពរស់នៅរបស់ប្រជាសហគមន៍។ 
 
សូមរម្លឹកថា យុទ្ធនាការតាមដងទន្លេមេគង្គជាមួយសាយ ដែលរៀបចំដោយ អង្គការអុកស្វាមនេះ គឺដើម្បីលើកកម្ពស់ពីការយល់ដឹងពីសារៈសំខាន់ នៃទន្លេមេគង្គ។ អង្គការអុកស្វាមបានលើកឡើងថា ទន្លេមេគង្គ គឺជាបេះដូងរបស់ទ្វីបអាស៊ីអាគ្នេយ៍ ជាទន្លេដែលមានប្រវែងជាង ៤ ០០០ គីឡូម៉ែត្រ ដោយហូរកាត់ ប្រទេសចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម។ ទន្លេនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់សេដ្ឋកិច្ច ផ្តល់ឱកាសឱ្យមានទេសចរណ៍តាមបែបធម្មជាតិ និងផ្តល់តម្រូវការថាមពលនៅក្នុងតំបន់។ ទោះយ៉ាងណា ទន្លេនេះ បាន និងកំពុងតែទទួលរងនូវការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ហើយនៅតែបន្តបង្កគ្រោះថ្នាក់ និងហានិភ័យដល់សហគមន៍ ដែលមានប្រជាជនយ៉ាងហោចណាស់ ៧០ លាននាក់ កំពុងអាស្រ័យផលលើទឹកទន្លេដ៏មានសក្តានុពលនេះ៕

ព័ត៌មានទាក់ទង