ព្រះវិហារវត្តសំរោងក្នុងអាយុរាប់រយឆ្នាំ ត្រូវបានជួសជុសក្រោយទ្រុឌទ្រោមខ្លាំង

27/06/2022 4:30 pm បាត់ដំបង


ដោយ៖ ញ៉ែម ចាន់ 

បាត់ដំបង៖ ព្រះវិហារវត្តសំរោងក្នុង មានអាយុរាប់រយឆ្នាំ ដែលជាតំបន់ទេសចរណ៍ បែបវប្បធម៌ និងប្រវត្តិសាស្រ្ត នៅបាត់ដំបង ត្រូវបានជួសជុល បន្ទាប់ពីសំណង់វិហារ ទ្រុឌទ្រោម ខ្លាំង ផ្នែកដំបូល ។ ការជួសជុលនេះ  មន្រ្តីជំនាញរក្សាទម្រង់ដើម  ដោយប្រើរយៈពេល ៦ ខែ និងចំណាយ ថវិកា ប្រមាណជាង ១២ ម៉ឺនដុល្លារ ។


 


លោក លន់ សៅសុវណ្ណ មន្រ្តីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តបាត់ដំបង បានឱ្យដឹងថា ព្រះវិហារវត្តសំរោងក្នុង ត្រូវបានជួសជុល ទៅលើគ្រឿងបង្គំដំបូល ដោយត្រូវប្តូរឈើដែលខូច ដោយសារកណ្តៀរ។ ចំណែកឯ ក្បឿងដោះមកលាងទឹក ហើយក្បឿងណាបែកបាក់ប្តូរចេញ  រីឯជញ្ជាំង ឥដ្ឋវិហារ ដែលទ្រុឌទ្រោម ត្រូវកែលម្អ  លាបថ្នាំឱ្យដូចទម្រង់ដើម ។

លោកបន្ថែមថា ក្បាច់ចម្លាក់ ផ្សេងៗ  ពិសេសនៅលើហោជាង ដោយគ្រាន់តែ សម្អាត រៀបចំដាក់ទម្រង់ដូចដើមវិញ ។  បើតាមមន្រ្តីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តបាត់ដំបង អ្វីដែលជាឧបសគ្គក្នុងការជួសជុល គឺដោយសារភ្លៀង  ព្រោះក្រុមជាង  មិនអាចធ្វើការបាន នាំឱ្យអាចយឺតពេល តែយ៉ាងណាលោករំពឹងថា អាចនឹងរួចរាល់ មុនការកំណត់ ព្រោះពេលនេះ ជួសជុលបានប្រហែល៣០ ភាគរយហើយ។
 

ព្រះវិហារ និង ប្រាសាទ ក្នុងវត្តសំរោងក្នុង ត្រូវបានរងការខូចខាតយ៉ាងដំណំ ដោយសារសង្គ្រាម ពិសេសក្នុងសម័យខ្មែរក្រហម ។ ក្នុងសម័យខ្មែរក្រហម វត្តសំរោងក្នុង ត្រូវបានប្រែក្លាយពីបូជនីយដ្ឋានដែលស្ងប់ស្ងាត់ និងទីសម្រាប់រៀនសូត្រព្រះធម៌ មកជាគុកដាក់អ្នកទោស និងជាកន្លែងស្នាក់នៅរបស់ខ្មែរក្រហមទាំងស្រុង។ ក្រោយពេលរបបខ្មែរក្រហមដួលរលំ សព្វថ្ងៃមានរណ្តៅសាកសពសរុបចំនួន ១០០រណ្តៅ នៅជុំវិញបរិវេណវត្តសំរោង៕



 

ព័ត៌មានទាក់ទង