អ្នកជំនាញក្រាលផ្ទាំងកៅស៊ូពេលជញ្ជូនស៊ីម៉ងត៍ឆ្លងកាត់ស្ពានហាលមុខអង្គរ ដើម្បីការពារថ្មបុរាណ 

27/06/2022 3:30 pm សៀមរាប

ដោយ៖ ហុង ស្រីណា 

សៀមរាប៖ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត បានបិទទាំងស្រុងនៅឆ្នាំ២០១៦ ដើម្បីជួសជុល។ បច្ចុប្បន្ន ក្រុមអ្នកជំនាញ កំពុងរួសរាន់បង្ហើយការជួសជុលកំពង់ទឹក ផ្នែកខាងជើងនៃស្ពានហាល ។ អំឡុងពេលជញ្ជូនស៊ីម៉ង់ត៍ឆ្លង់កាត់ស្ពានបុរាណយកទៅជួសជុលកំពង់ទឹក ក្រុមអ្នកជំនាញ បានក្រាលផ្ទាំងកៅស៊ូលើស្ពានជាមុនសិន ទើបនាំគ្នាជញ្ជូនស៊ីម៉ង់ត៍ ដើម្បីកុំឱ្យប៉ះពាល់ថ្មបុរាណដ៏មានតម្លៃ។



នៅម៉ោង៩ព្រឹក ក្រុមការងារជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្ត កំពុងមមាញឹកបំពេញការងារតាមតួនាទីរៀងៗខ្លួន។ ក្រុមការងារខ្លះ កាវស៊ីម៉ង់ត៍ពីឡានក្រឡុកស៊ីម៉ង់ចូលរទេះ។ ក្រុមការងារវ័យចំណាស់ រុញរទេះស៊ីម៉ង់ទៅកន្លែងកំពុងជួសជុល។ ក្រឡេកទៅស្ត្រីម្នាក់វ័យប្រហែល៤០ឆ្នាំ កំពុងបោសសម្អាតស៊ីម៉ង់ត៍ ដែលធ្លាក់ក្រៅផ្ទាំងកៅស៊ូ។ 

ក្រុមការងារជួសជុលស្ពានហាលនេះ ដឹកនាំដោយ លោក អន សុភាព។  អ្នកគ្រប់គ្រងការដ្ឋានជួសជុលស្ពានហាលខាងលិចរូបនេះ ក៏រវល់មិនចាញ់អ្នកឯទៀតដែរ នៅទីតាំងជួសជុលកំពង់ទឹក។ លោកហាក់មមាញឹកជាងរាល់ដង ព្រោះត្រូវមើលការជួសជុលផង និងមើលការងារជញ្ជូនស៊ីម៉ង់ត៍ផង។ 

នៅលើស្ពានហាលនេះ មានកម្រាលផ្ទាំងកៅស៊ូបន្តគ្នាច្រើន ដោយលាតសន្ធឹងពីចម្លាក់តោក្បាលស្ពាន រហូតដល់ពាក់កណ្តាលស្ពាន ត្រង់ទីតាំងជួសជុលកំពង់ទឹក។ លោក អន សុភាព បានឆ្លៀតប្រាប់សារព័ត៌មានថ្មីៗ២៥ ថា ការក្រាលផ្ទាំងកៅស៊ូនេះ គឺដើម្បីការពារថ្មបុរាណ។

ថ្មបុរាណ ពិតជាមានសារៈសំខាន់ណាស់ ដោយក្រុមអ្នកជំនាញត្រូវការថែរក្សា និងការពារ។ ថ្មមួយដុំៗ សុទ្ធតែមានតម្លៃជាបេតិកភណ្ឌជាតិ។ លោក អន សុភាព ប្រាប់អ្នកសារព័ត៌មាននៅក្បែរនោះដូច្នេះ៖« យើងក្រាលកម្រាលនេះ មានសារៈសំខាន់ម្យ៉ាង គឺថាកុំឱ្យស៊ីម៉ង់ត៍ វាប្រឡាក់ទៅលើកម្រាលថ្មបុរាណ។ យើងជៀសវាងទី១ វាអាក្រក់មើល ទី២ កុំឱ្យប្រឡាក់ទៅ វាមានផលប៉ះពាល់ខ្លះទៅដល់វត្ថុបុរាណយើង ម្យ៉ាងយើងខាតពេលសម្អាតក្រោយទៀត»។ 

អ្នកជំនាញយកចិត្តទុកដាក់គ្រប់ជំហាន ក្នុងការជួសជុលស្ពានហាលខាងលិច ដែលជិតរួចរាល់នេះ  ជាពិសេសអភិរក្សថ្មបុរាណឱ្យស្អាតល្អ និងមិនបាត់បង់។ ហេតុនេះទើបអ្នកជំនាញត្រូវក្រាលផ្ទាំងកៅស៊ូ ពេលរុញរទេះដាក់ស៊ីម៉ង់ត៍កាត់ស្ពាន ដោយសារស៊ីម៉ង់ត៍មានជាតិអំបិល និងជាតិផ្សេងទៀត ដែលអាចបង្កផលប៉ះពាល់ដល់ថ្មបុរាណ។ 

ក្រៅពីក្រាលផ្ទាំងកៅស៊ូ ជាទ្រនាប់ការពារ អ្នកជំនាញក៏ត្រៀមកម្លាំងបោសសម្អាត នៅពេលមានស៊ីម៉ង់ត៍ធ្លាក់ក្រៅផ្ទាំងកៅស៊ូផងដែរ។ បើមើលទៅក្រោយខ្នងលោក អន សុភាព នោះនឹងឃើញស្រ្តីវ័យប្រហែល ៤០ឆ្នាំម្នាក់ ពាក់អាវខៀវដៃវែង មានស្លាកអាជ្ញាធរជាតិអប្សរានៅស្មាឆ្វេង រងចាំបោសស៊ីម៉ង់ត៍ធ្លាក់ក្រៅផ្ទាំងកៅស៊ូ។ ស្រ្តីរូបនេះ ដើរមើលគ្រប់ចន្លោះ ដោយធ្វើយ៉ាងណាមិនឱ្យស៊ីម៉ង់ត៍ ធ្លាក់មកបំផ្លាញគុណភាពថ្មបុរាណ។

ការប្រុងប្រយ័ត្ននេះ ដើម្បីជៀសវាងខ្ចាយស៊ីម៉ង់ត៍ប្រឡាក់ថ្មបុរាណ ដែលនាំឱ្យធាតុទាំងពីរស្អិតជាប់គ្នា ពិបាកសម្អាត។ «ធម្មតា វាតែងតែមានការខ្ទាត់ប្រឡាក់ខ្លះៗ។ អ៊ីចឹងខ្ញុំបានចាត់ចែងកម្លាំង ១នាក់ ២នាក់ ឱ្យតែឃើញស៊ីម៉ង់ត៍ជ្រុះលើកម្រាលថ្មភក់ គាត់ចាប់ផ្តើមបោសសម្អាតភ្លាមៗតែម្តង អត់ឱ្យកកទាន់ទេ»។ នេះជាការលើកឡើងរបស់លោក អន សុភាព ដោយបន្ថែមថា បើតាមការស្រាវជ្រាវរបស់អ្នកជំនាញវិទ្យាសាស្រ្ត ដែលធ្លាប់ជជែកគ្នាក្នុងកិច្ចប្រជុំ ICC Angkor ស៊ីម៉ង់ត៍ មានផលប៉ះពាល់ដល់ថ្មបុរាណ។ 

គ្រប់ការដ្ឋានទាំងអស់នៅក្នុងតំបន់អង្គរ ដែលជួសជុលសម្បត្តិបេតិកភណ្ឌជាតិ តែងតែយកចិត្តទៅលើស្ថានភាពដើមរបស់បុរាណវត្ថុ។ អ្នកគ្រប់គ្រងការដ្ឋានជួសជុលស្ពានហាលខាងលិចរូបនេះបានថ្លែងថា៖«កាលណាយើងជួសជុល យើងត្រូវតែរក្សា ឬប្រឹងប្រែងប្រើប្រាស់ថ្មនោះឡើងវិញឱ្យអស់លទ្ធភាព។ បើយើងចេះតែដូរថ្មចាស់ជំនួសថ្មថ្មី យូរៗទៅ ស្ថានភាពដើម វាកាន់តែបាត់ទៅៗ។ អ៊ីចឹងគ្រប់ការដ្ឋានទាំងអស់ ហើយគ្រប់យោបល់ពីថ្នាក់ជាតិយើង ឬអន្តរជាតិ គេតែងតែយកចិត្តទុកដាក់ចំណុចនេះ»។ 

ជាការពិតណាស់ ស្ថានភាពដើមនៃវត្ថុបុរាណ ពិតជាសំខាន់ក្នុងការឆ្លុះបញ្ចាំងអំពីអាយុកាលដ៏យូរអង្វែង។ អ្នកជំនាញតែងព្យាយាមពង្រឹងយកវត្ថុដើមមកប្រើប្រាស់ឡើងវិញ ដើម្បីថែរក្សាតទៅមុខ សម្រាប់កូនចៅជំនាន់ក្រោយ។ 
«ភាពសំខាន់របស់បេតិកភណ្ឌ គឺវាទាក់ទងនឹងពេលវេលា អាយុកាលនៃវត្ថុបុរាណ ព្រោះយើងអត់អាចទិញពេលវេលាបានទេ យើងអត់អាចទិញថ្ងៃម្សិលមិញមកធ្វើថ្ងៃនេះបានទេ។ អ៊ីចឹង វាមានតម្លៃត្រង់ ពេល។ ថ្ម វាកើត ឬដូនតាយើងយកមកធ្វើតាំងពីសតវត្សរ៍ទី១២។ អ៊ីចឹងវាមានរយៈពេលជិត១ពាន់ឆ្នាំ គឺតម្លៃកន្លែងនេះ»។ នេះជាការលើកឡើងរបស់លោក អន សុភាព អ្នកគ្រប់គ្រងការដ្ឋានជួសជុលស្ពានហាលខាងលិច៕

 

ព័ត៌មានទាក់ទង