លោក នេត្រ ភក្រ្តា៖ តម្រូវការឈើ នៅកម្ពុជាមានជាង២លានម៉ែត្រគូបក្នុងមួយឆ្នាំៗ

27/06/2022 11:00 am ភ្នំពេញ


ដោយ៖ ហេង ស្រីលីន

ភ្នំពេញ៖ ឈើជាង២លានម៉ែត្រគូប ត្រូ​វបានយកមកផ្គត់ផ្គង់ក្នុងវិស័យសំណង់ និងការប្រើប្រាស់របស់ប្រជាពលរដ្ឋ ក្នុងមួយឆ្នាំៗ។ ឈើទាំងនោះរូមមាន ឈើធម្មជាតិ និងប្រភេទឈើកែច្នៃដែលនាំចូលពីក្រៅប្រទេស។ នេះបើតាម លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន។


ក្រសួងបរិស្ថាន និងទីភ្នាក់ងារជំនួយអាម៉េរិក USAID​ រួមទាំងដៃគូសហការសំខាន់ជាច្រើនទៀត បានបើកយុទ្ធនាការផ្លាស់ប្តូរឥរិយាបថសង្គម ស្តីពីការការពារសត្វព្រៃ។ យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងផ្សារភ្ជាប់មនុស្ស និងធម្មជាតិ តាមរយៈការកាត់បន្ថយការទិញ និងប្រើប្រាស់គ្រឿងសង្ហារិមធ្វើពីឈើ និងឈប់បរិភោគសាច់សត្វព្រៃ។ 
 
ស្ថិតក្នុងការបើកយុទ្ធនាការនេះ លោក នេត្រ ភត្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា បច្ចុប្បន្នឈើមានតម្រូវជាច្រើន ទាំងក្នុងវិស័យសំណង់ និងការប្រើប្រាស់ទូទៅរបស់ពលរដ្ឋ ដូចជាការធ្វើគ្រឿងសង្ហារិម និងកែច្នៃទៅតាមប្រភេទផ្សេងៗគ្នា។ ឈើធម្មជាតិមួយចំនួនគឺបានពីក្នុងព្រៃ ចំណែកមួយផ្នែកទៀតគឺនាំចូលពីក្រៅប្រទេស។
 
អ្នកនាំពាក្យរូបនេះ បញ្ជាក់ទៀតថា៖ «តម្រូវការឈើនៅកម្ពុជាមានជាង២លានម៉ែត្រគូបក្នុងមួយឆ្នាំៗ។ ការប្រើប្រាស់ឈើធម្មជាតិទាំងនេះ គឺអាចប៉ះពាល់ដល់ធនធានធម្មជាតិ និងជម្រកសត្វព្រៃជាច្រើន។ ដូច្នេះយើងកំពុងជំរុញទៅលើប្រភេទចម្ការឈើដាំ ដែលមាននៅក្នុងខេត្តក្រចេះ ខេត្តកំពង់ស្ពឺជាដើម ដោយមានផ្ទៃដីដាំជាង១០០ហិកតា សម្រាប់ជំនួសឱ្យឈើធម្មជាតិ។»
 
ឈើដែលយកមកប្រើប្រាស់នោះ មានដូចជា ក្តារបន្ទះ(កុងផ្លាកេ) ឈើធ្នង់ គ្រញូង នាងនួន ឈើកកោះ និងឈើប្រណីត រួមទាំងប្រភេទឈើផ្សេងៗទៀត។ 
 
លោក នេត្រ ភត្រា្ត អំពាវនាវឱ្យប្រជាជន ចូលរួមរក្សាព្រៃឱ្យនៅគង់វង្ស ដើម្បីរក្សាជម្រកសត្វ និងធនធានធម្មជាតិ ក៏ដូចជាចូលរួមកាត់បន្ថយ ការប្រើប្រាស់អុស និងធ្យូងជាដើម។ ពីព្រោះព្រៃឈើ ជាតំបន់អេកូទេសចរណ៍យ៉ាងសំខាន់ ដែលអាចឱ្យប្រជាពលរដ្ឋក្នុងសហគមន៍ រកចំណូលបានពីទេសចរ តាមរយៈការដើរព្រៃ និងជៀសពីការបរបាញ់ ការដាក់អន្ទាក់សត្វព្រៃជាដើម។ អ្នកនាំពាក្យរូបនេះសង្កត់ធ្ងន់ថា៖  «ធម្មជាតិអាចរស់បានដោយគ្មានយើង ប៉ុន្តែយើងគ្រប់គ្នាមិនអាចរស់បានដោយគ្មានធម្មជាតិទេ»។ 
 
គួរបញ្ជាក់ផងដែរថា​ កម្ពុជាមានផ្ទៃដី ដែលស្ថិតក្រោមការអភិរក្សរបស់ក្រសួងបរិស្ថាន ប្រមាណ៧លាន៣សែនហិកតា​ ស្មើនឹង៤១ភាគរយ នៃផ្ទៃដីសរុបរបស់កម្ពុជា។ សូមបញ្ជាក់ទៀតថា យុទ្ធនាការផ្លាស់ប្តូរឥរិយាបថសង្គមនេះ គឺជាយុទ្ធនាការបន្ទាប់ ពីយុទ្ធនាការ​ «អន្ទាក់សូន្យ» ដែលធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ការចូលរួមរបស់យុវជន ក្នុងការយល់ដឹងពីបរិស្ថាន និងចូលរួមអភិរក្សធនធានធម្មជាតិ៕

ព័ត៌មានទាក់ទង