អ្នកស្រី សៀវ ឡុងនី បញ្ចូលសំឡេងដូចក្នុងរឿង ដើម្បីទាក់ទាញអតិថិជនទិញការ៉េម

26/06/2022 9:00 am សៀមរាប

ដោយ៖ ផាត ដាណេ

សៀមរាប៖ អ្នកប្រើប្រាស់បណ្ដេញសង្គមហ្វេសប៊ុក និងTikTok ភាគច្រើនប្រាកដជាស្គាល់
អ្នកលក់ការ៉េម សំឡេងពិរោះ ប៉ិនប្រសប់ខាងវោហារកំប្លែង មានរហស្សនាមថា សៀវឡុងនី ដែលមានឈ្មោះពិតគឺ គីត សាន់ណា។ វោហារកោសល្យ របស់អ្នកស្រី សាន់ណា បានទាក់ទាញអតិថិជនឱ្យមកជួយទិញការ៉េម ហើយអ្នកខ្លះមកដើម្បីជួបអ្នកស្រី ដោយផ្ទាល់តែម្ដង។



សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូសម្ភាសខាងក្រោមដូចតទៅ៖



អ្នកស្រី គីត សាន់ណា ហៅ សៀវឡុងនី ជាអ្នកខេត្តតាកែវ តែប្ដូរមករស់នៅសៀមរាបដោយសារជីវភាព។ ៧ឆ្នាំនៅសៀមរាប អ្នកស្រី សាន់ណា ប្រកបរបរលក់ការ៉េមចល័តជុំវិញបរិវេណសួនច្បារមុខព្រះអង្គចេកព្រះអង្គចមក្នុងក្រុងសៀមរាប។ របរលក់ការ៉េមរបស់អ្នកស្រី សាន់ណា កាក់កបជារឿយៗ ដោយក្នុងមួយថ្ងៃអ្នកស្រី អាចលក់ការ៉េមអស់ប្រមាណ៣-៤គីឡូក្រាម ចំណែកឯចុងសប្ដាហ៍ និងថ្ងៃសីល ប្រមាណ៦គីឡូក្រាមក្នុងមួយថ្ងៃ។ ការ៉េមរបស់អ្នកស្រី សាន់ណា មានច្រើនរសជាតិ។  

ពេលនោះ អ្នកសារព័ត៌មានថ្មីៗ២៥ បានភ្លក្សការ៉េមនោះដែរ គឺមានរសជាតិឆ្ងាញ់។ ការ៉េមឆ្ងាញ់ តែសំឡេងអ្នកលក់ឆ្ងាញ់ជាង ។ វោហារកំប្លែងរបស់ អ្នកលក់រូបនេះ បានទាក់ទាញអតិថិជនបានច្រើនជាងរសជាតិការ៉េម។ អ្នកស្រី សាន់ណា មានទេពកោសល្យខាងបញ្ចូលសំឡេង និងពូកែនិយាយកំប្លុកកំប្លែង
ហើយមនុស្សភាគច្រើនមកដើម្បីជួបអ្នកលក់ជាជាងទិញការ៉េម។ អ្នកស្រី សាន់ណា សប្បាយចិត្ត និងរំភើប ដ្បិតដឹងថាខ្លួនល្បីតាមបណ្ដាញសង្គម និងមានមនុស្សស្គាល់ច្រើន។

 «បងមានអារម្មណ៍ថារំភើប រំភើបខ្លាំងណាស់ ផ្លាស់ប្តូរពីយើងមិនដែលគេស្គាល់រហូតដល់គេស្គាល់ច្រើន គឺមានមោទកភាពខ្លួនឯងមែនទែន ដែលគេស្រឡាញ់ចូលចិត្តច្រើន។ បងនិយាយអ្វីដែលជាការពិត»។ នេះជាការលើកឡើងរបស់អ្នកស្រី សាន់ណា។

ទោះបីមានសំឡេងពិរោះ និងអាចបញ្ចេញសំឡេងបានច្រើនសំឡេង តែអ្នកស្រី សាន់ណា មិនអាចធ្វើការងារជាអ្នកបញ្ចូលសំឡេងឡើយ ព្រោះអ្នកស្រីមិនចេះអក្សរ។ អ្នកស្រី ស្រឡាញ់ការងារបច្ចុប្បន្ន ហើយមិនគិតចង់ផ្លាស់ប្តូរឡើយ ព្រោះវាផ្គត់ផ្គង់ជីវភាពគ្រួសារ និងកូនរៀនបាន។ អ្នកស្រីថា នឹងពង្រីកមុខរបរបើសិនជាមានអតិថិជនកើនឡើងនោះ។

ងាកមក លោក ហំ សុភា ធ្វើដំណើរពីខេត្តកំពត មកសៀមរាបដើម្បីជួ និងថតវីដេអូអ្នកស្រី សាន់ណា។ លោក សប្បាយចិត្តនៅពេលបានជួបអ្នកស្រី សាន់ណា ដ្បិតកន្លងធ្លាប់តែឃើញតាមហ្វេសប៊ុក។ លោក ប្រាប់សារព័ត៌មានថ្មីៗ២៥ថា៖«មកនេះមិនទាន់បានរកកន្លែងគេងទេ មកនេះមុន។ មកជួបគាត់តែម្ដងគោលដៅ មកជួបគាត់ធ្វើវីដេអូជាមួយគាត់ ថតឱ្យអ្នកស្រុកខ្ញុំមើល»៕
 

 

ព័ត៌មានទាក់ទង