ទោះរកចំណូលបានតិច អ្នកស្រី លី ថារ៉ាត់ នៅតែរីករាយនឹងរបរបើកទូកទេសចរណ៍នៅកំពង់ភ្លុក

25/06/2022 3:00 pm សៀមរាប

ដោយ៖ ជឿន ស្រីណយ

សៀមរាប៖ អ្នកស្រី លី​ ថារ៉ាត់ ជាសមាជិកក្នុងសហគមន៍អេកូទេសចរណ៍កំពង់ភ្លុក​ បានប្រកបរបរជាអ្នកបើកទូកទេសចរណ៍ក្នុងឆ្នាំ២០១៧។ របរ​បើកទូកតម្រូវឱ្យស្រ្តីរូបនេះ ប្រើកម្លាំងបញ្ជាក្បាលទូក និងត្រូវមានស្មារតីនឹងន ដែលមិនមែនជាភាពងាយស្រួលនោះទេ។ យ៉ាងណាមិញអ្នកស្រី ថារ៉ាត់ រីករាយនឹងប្រកបរបរនេះព្រោះអាចរកចំណូលមួយផ្នែកសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងការសិក្សារបស់កូនពីរនាក់។


មានស្រុកកំណើត ក្នុងតំបន់ទេសចរណ៍នាភូមិកំពង់ភ្លុក អ្នកស្រី លី ថារ៉ាត់ បានប្រកបការងារក្នុងវិស័យទេសចរណ៍ដូចប្រជាជនភាគច្រើននៅទីនោះដែរ។ ទោះខ្លួនជាស្ត្រី តែអ្នកស្រី លី ថារ៉ាត់ បានធ្វើការជាអ្នកបើកទូក សម្រាប់ភ្ញៀវទេសចរ ដែលត្រូវប្រើកម្លាំងច្រើន។ របរនេះមិនមានភាពងាយស្រួលឡើយ សម្រាប់ស្ត្រីរូបនេះ។ នារដូវវស្សាទឹកហូរខ្លាំងអ្នកស្រី ថារ៉ាត់ ត្រូវប្រើកម្លាំងបញ្ជាក្បាលទូកឱ្យត្រូវ។ ចំណែករដូវប្រាំង ជាវេលាដែលទឹកស្រកមានហានិភ័យដោយអ្នកស្រី ត្រូវប្រយ័ត្នចំពោះឫសឈើ និងមងនេសាទរបស់អ្នកនេសាទ។

«ខែវស្សាក៏មិនសូវពិបាកដែរ ក្នុងខែសីហា ដល់ខែវិច្ឆិកា ទឹកច្រើនបើកទូកស្រួលទេ។ ទូកទៅតាមទឹកតែម្ដង វាមិនសូវហត់។​ តែអ្វីដែលលំបាកនោះគឺពេលទឹកហូរ ពេលទឹកជន់យូរៗម្ដង។ បើទឹកតិច វាលំបាកដោយសារយើងត្រូវដោះស្លាប ព្រោះមងជាប់ស្លាបចាក់របស់ទូក វាហត់។ ម្យ៉ាងទៀតភ្ញៀវបង្ខំយើងឱ្យលឿន តែយើងលឿនអត់កើត។ ជួនកាលជាប់មង ជាប់ការ៉ុងអីយើងដោះយូរ ភ្ញៀវមានខឹងដែរ»។ នេះការរៀបរាប់របស់អ្នកស្រី លី​ ថារ៉ាត់។

អង្គុយនៅក្បាលទូក ពាក់អាវពណ៌លឿង អ្នកស្រី ថារ៉ាត់ បានបន្តប្រាប់សារព័ត៌មានThmeyThmey25 ដូច្នេះ៖ « ពេលមុនចេញមក(ចេញទូកពីកំពង់)យើងត្រូវតាំងស្មារតី ហើយប្រាប់ខ្លួនឯងថាស៊ូៗ ។ បើសិនពេលចេញមកយើងភ័យនោះនឹងបុកគេហើយ»។ ស្រ្តីមានកូនប្រុសស្រី២នាក់រូបនេះ បានរស់នៅជាមួយរបរជាអ្នកបើកទូកអស់រយៈពេល ៥ឆ្នាំមកហើយ ដែលមានបទពិសោធច្រើនក្នុងរបរនេះ។

ថ្វីបើជួបផលលំបាកច្រើន តែអ្នកស្រី ថារ៉ាត់ រីករាយនឹងរបរបើកទូកទេសចរណ៍នេះ ព្រោះបានរួមចំណែកផ្គត់ផ្គង់ជីវភាពគ្រួសារអ្នកស្រីបានមួយផ្នែកផងដែរ។ អ្នកស្រីមានកូន២នាក់ក្នុងបន្ទុក ដោយកូនទីមួយរៀនថ្នាក់ទី១០ និងកូនទីពីររៀនថ្នាក់ទី៥ ខណៈស្វាមីជាអ្នករត់កង់បីដឹកភ្ញៀវក្នុងភូមិ។​ នៅពេលមានទេសចរមកកម្សាន្តនៅ​តំបន់កំពង់ភ្លុកច្រើន អ្នកស្រី​អាចរកចំណូលបាន២០ម៉ឺនរៀលក្នុង​មួយខែ។

សូមជម្រាបថា កំពង់ភ្លុក គឺជាភូមិឋានបែបធម្មជាតិមួយកន្លែង អណ្ដែតខ្លួនលើផ្ទៃទឹកនៃបឹងទន្លេសាប ដែលមានផ្ទះរបស់ប្រជានេសាទសាងសង់លើផ្ទៃបឹងជាច្រើន។ ភូមិធម្មជាតិនេះ ស្ថិតនៅក្នុងភូមិកំពង់ភ្លុក ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង មានចម្ងាយប្រមាណ ១៩គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប៕
 


 

ព័ត៌មានទាក់ទង