ខេត្តព្រះសីហនុ កំពុងដំឡើងរូបសំណាកព្រះស្កន្ទធ្វើពីស្ពាន់កម្ពស់ ៦ម៉ែត្រ ដែលនឹងរួចរាល់២សប្ដាហ៍ទៀត 

24/06/2022 5:00 pm ព្រះសីហនុ


ដោយ៖ ជឿន ស្រីណយ
ក្រុមអ្នកជំនាញកំពុងដំឡើងរូបសំណាកព្រះស្កន្ទ នៅក្នុងខេត្តព្រះសីហនុ។ រូបសំណាកព្រះស្កន្ទ ដែលមានកម្ពស់ជាង ៦ម៉ែត្រនេះត្រូវបានធ្វើឡើងទាំងស្រុងក្នុងប្រទេសកម្ពុជា ទាំងការគូររូប និងចាក់ស្ពាន់ជាដើម។  ការដំឡើងរូបសំណាកធ្វើពីស្ពាន់ទី៤នេះ នឹងរួចរាល់ក្នុងរយៈពេល២សប្តាហ៍ទៀត។



រូបសំណាកធ្វើពីស្ពាន់ធំៗ ត្រូវបានលេចរូបរាងឡើងជាបន្តបន្ទាប់នៅក្នុងខេត្តព្រះសីហនុ ដែលជាទីក្រុងបែបទំនើប។ បន្ទាប់ពីរូបសំណាកធំៗចំនួន៣ ដែលមានដូចជា រូបបដិមាព្រះឧមា-មហេសូរ កម្ពស់៩ម៉ែត្រ, រូបសំណាកសីហរាជមុខ៣ កម្ពស់៩ម៉ែត្រ និងរូបព្រះថោង នាងនាគ កម្ពស់២១ម៉ែត្រ ពេលនេះក្រុមអ្នកជំនាញកំពុងដំឡើងរូបសំណាកថ្មីមួយទៀត គឺរូបព្រះស្កន្ទ ដែលមានកម្ពស់ប្រមាណ ៦ម៉ែត្រ។


រូបភាព៖ លោក លី រស្មី រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។ 

លោក លី រស្មី រដ្ឋលេខាធិការក្រសួងដែនដី នគ​រូបនីយកម្ម និងសំណង់ ប្រាប់សារព័ត៌មានThmeyThmey25ថា រូបសំណាកព្រះស្កន្ទដែលធ្វើឡើងពីស្ពាន់នេះ ត្រូវបានចំណាយពេលគូរ និងចាក់ស្ពាន់ក្នុងប្រទេសកម្ពុជាប្រមាណ ៧ខែ។ រូបសំណាកព្រះស្កន្ទអាចធ្វើនៅកម្ពុជាបាន ព្រោះមិនមានទំហំធំដូចរូបព្រះថោងនាងនាគ ជាហេតុធ្វើឱ្យរោងចក្រស្ពាន់នៅកម្ពុជា អាចមានសមត្ថភាពចាក់ស្ពាន់រូបសំណាកនេះបាន។ 

បើតាមលោក លី រស្មី ការដំឡើងរូបសំណាកព្រះស្កន្ទគង់លើក្ងោកនេះ គឺដើម្បីបង្ហាញពីវប្បធម៌ និងសុខសន្តិភាព។ លោកបញ្ជាក់ដូច្នេះ៖«ដោយសារ​អាមេ៉រិកគ្រោងបញ្ជូនរូបព្រះស្កន្ទមកខ្មែរយើង ហើយយើងឃើញរូបព្រះស្កន្ទល្អដែលបង្ហាញពីការចងសម្ព័ន្ធគ្នាទៅលើផ្នែកវប្បធម៌។ រូបព្រះស្កន្ទក៏បង្ហាញពីសុខសន្តិភាពដែរ ​ដោយសាររូបដែលយើងដាក់នេះ ជាឥរិយាបថដែលព្រះអង្គយាងពីធ្វើសង្រ្គាម បន្ទាប់ពីឈ្នះសង្គ្រាមព្រះអង្គគង់លើសត្វក្ងោក ហើយឈប់ចតនៅទីតាំងហ្នឹង»។


លោក លី រស្មី រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម_ និងសំណង់ 

បច្ចុប្បន្នរូបសំណាកនេះត្រូវបានដឹកមកទៅដល់ចំណុចប្រសព្វវិថីតេជោ និងវិវិថី២ធ្នូ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងត្រូវចំណាយពេល២សប្តាហ៍ទៀតសម្រាប់ការដំឡើង។ ការធ្វើរូបសំណាកព្រះស្កន្ទ និងរៀបចំសួននៅវិថីតេជោនេះ ចំណាយថវិកាអស់ប្រមាណ ៥០ម៉ឺនដុល្លារ។

សូមជម្រាបដែរថា បន្ទាប់ពីរូបសំណាកធំៗទាំង៤នេះ​ ក្រសួងដែនដី នគរូបនីយកម្ម​ និងសំណង់ គ្រោងនឹងធ្វើរូបសំណាកពីស្ពាន់ធំៗបន្តទៀតក្នុងខេត្តកែប។ ប៉ុន្តែលោក លី រស្មី មិនទាន់អាចបញ្ជាក់ថាក្រសួង និងរដ្ឋបាលខេត្តនឹងជ្រើសរើសរូបអ្វីឡើយ៕

 

ព័ត៌មានទាក់ទង