Thmey Thmey 25
ក្រុមហ៊ុន Walmart របស់អាមេរិក គ្រោងពង្រីកការបញ្ជាទិញផលិតផលពីកម្ពុជា
23/06/2022 12:00 pm ភ្នំពេញ

ដោយ៖ ឈុំ ចន្ថា 

ភ្នំពេញ៖ ក្រុមហ៊ុន Walmart របស់អាមេរិក គ្រោងពង្រីកការបញ្ជាទិញផលិតផលពីកម្ពុជា ដើម្បីរួមចំណែកផ្ដល់ការងារ និងប្រាក់ចំណូលដល់ពលរដ្ឋថែមទៀត។ Walmart ជាក្រុមហ៊ុនលក់រាយធំជាងគេលើពិភពលោក និងជាក្រុមហ៊ុននាំចេញសម្ភារស្បែកជើង និងសម្លៀកបំពាក់ធំមួយពីកម្ពុជា។

នាពេលថ្មីៗនេះ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយ លោកស្រី អានប៊ីញ ផាន នាយកផ្នែកកិច្ចការរដ្ឋាភិបាលជាសកលនៃក្រុមហ៊ុន Walmart តាមប្រព័ន្ធអនទ្បាញ ដែលលើកឡើងពីគម្រោងពង្រីកការបញ្ជាទិញផលិតផលពីកម្ពុជា។ កន្លងទៅក្រុមហ៊ុន Walmart គឺជាដៃគូនាំចេញសម្ភារស្បែកជើងធំជាងគេពីកម្ពុជា និងជាអ្នកនាំចេញផលិតផលសម្លៀកបំពាក់ធំទីពីរពីកម្ពុជាដែរ រួមទាំងផលិតផលធ្វើដំណើរដូចជា កាបូប និងវ៉ាលីផងដែរ។ 
 
នៅក្នុងជំនួបនេះ លោក អ៊ិត សំហេង បានលើកឡើងពី បរិយាកាសធុរកិច្ច និងស្តង់ដារនៃលក្ខខណ្ឌការងារមួយចំនួន ដោយអះអាងថា កម្ពុជាបានយកចិត្តទុកដាក់លើលក្ខខណ្ឌការងារ សុខភាព និងសុវត្ថិភាពការងារ។ លើសពីនេះ ការពារសិទ្ធសេរីភាពអង្គការវិជ្ជាជីវៈ ថែរក្សានូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ផ្តល់កិច្ចគាំពារសង្គមដល់កម្មករនិយោជិត និងការពារពលករទេសន្តរប្រវេសន៍ខ្មែរនៅបរទេស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ និងបទប្បញ្ញត្តិជាតិជាធរមាន និងអនុសញ្ញាអន្តរជាតិខាងការងារដែលកម្ពុជាបានផ្តល់សច្ចាប័ន។ 
  
ពាក់ព័ន្ធនឹងការគ្រប់គ្រងជំងឺកូវីដ-១៩វិញ កម្ពុជា បានជំរុញឱ្យកម្មករនិយោជិតតាមរោងចក្រ សហគ្រាសឱ្យទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងវិធានាការចំបាច់មួយចំនួនទៀត ដើម្បីគ្រប់គ្រងការរីករាលដាល់ជំងឺកូវីដ-១៩។

លោកស្រី អានប៊ីញ ផាន បានកោតសរសើចំពោះការយកចិត្តទុកដាក់ លើលក្ខខណ្ឌការងារបានប្រសើរ ជាពិសេសគ្រប់គ្រង និងទប់ស្កាត់បានយ៉ាងល្អចំពោះការឆ្លងរាលដាលនៃកូវីដ-១៩ ដើម្បីធានាបាននូវនិរន្តរភាពចង្វាក់ផលិតកម្ម និងការនាំចេញផលិតផលកម្ពុជាទៅក្រៅប្រទេស។

សូមបញ្ជាក់ថា Walmart ជាក្រុមហ៊ុនលក់រាយធំជាងគេបំផុតលើពិភពលោក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦២។ មានទីស្នាក់ការកណ្តាលនៅរដ្ឋអាកានសាស់ សហរដ្ឋអាមេរិក មានបុគ្គិល ២.៣លាននាក់ និងកំពុងធ្វើប្រតិបត្តិការនៅក្នុង ២៤ប្រទេស។ Walmart គឺជាក្រុមហ៊ុនឈានមុខគេក្នុងការនាំចេញសម្លៀកបំពាក់ ស្បែកជើង សម្ភារធ្វើដំណើរ និងផលិតផលកម្សាន្តតាមរដូវកាល។ នាពេលអនាគត Walmart គ្រោងនាំចេញពីប្រទេសកម្ពុជានូវ ផ្លែឈើ ផលិតផលចំណីអាហារ គ្រឿងអេឡិចត្រូនិច និងសង្ហារឹម គឺពេលដែលផលិតផលទាំងនេះត្រូវតាមស្តង់ដារអន្តរជាតិ៕

 

ដោយ៖ ឈុំ ចន្ថា © រក្សាសិទ្ធិដោយ thmeythmey25.com