រយៈពេល៤ខែ អ្នកនេសាទរកឃើញត្រីបបែកយក្សទឹកសាបចំនួន៤ក្បាល នៅខេត្តស្ទឹងត្រែង

22/06/2022 9:00 am ស្ទឹងត្រែង

ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ ត្រីបបែលទឹកសាបចំនួនបួនក្បាលត្រូវបានអ្នកនេសាទប្រទះឃើញ នៅឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ត្រឹមរយៈពេលជាងបួនខែប៉ុណ្ណោះ។ ត្រីបបែលនេះ មានទំហំខុសៗគ្នា និងមានទម្ងន់កាន់តែធ្ងន់ បើធៀបនឹងការប្រទះឃើញលើកទីមួយ។

គម្រោងអច្ឆរិយភាពទន្លេមេគង្គ បានបង្ហាញពីសកម្មភាពលែងត្រីបបែលទឹកសាបដែលមានទំហំ២៩៣គីឡូក្រាមចូលទឹកទន្លេនៅក្នុងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។ នេះជាលើកទី៤ ហើយដែលគម្រោងខាងលើបានបង្ហាញពីភាពភ្ញាក់ផ្អើលសម្រាប់វត្តមានត្រីយក្ស ប្រភេទនេះ។ ត្រីបបែលយក្សនេះ ក៏ដូចជាបបែលបីផ្សេងទៀត ត្រូវបានប្រទះនៅក្នុងទឹកទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង របស់កម្ពុជា។


ត្រីបបែលទី១ ត្រូវបានរកឃើញនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។ រូបភាព៖ លោក ឈុត ឈាណា

ត្រីបបែលទឹកសាបធំៗដែលត្រូវបានកត់សម្គាល់ថា ជាប្រភេទត្រីកម្រ។ ពលរដ្ឋខ្លះមិនជឿថា ត្រីបបែលយក្សមាននៅក្នុងទឹកសាប នៃប្រទេសកម្ពុជា។ បច្ចុប្បន្នពលរដ្ឋនៅក្នុងប្រទេសកម្ពុជា និងពិភពលោកបានទទួលស្គាល់ថា នៅក្នុងទន្លេមេគង្គខេត្តស្ទឹងត្រែង ជាកន្លែងជម្រកសម្រាប់ត្រីបបែលទឹកសាប។

បើតាមគម្រោងអច្ឆរិយភាពទន្លេមេគង្គ ត្រីបបែលទាំងបួនក្បាលនេះ មានភេទញីទាំងអស់។ ចំពោះត្រីបបែលដែលរកឃើញលើកទី១ បានប្រទះនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ មានទម្ងន់១៨០ គីឡូក្រាម ។ ត្រីបបែលលើកទីពីរ ឃើញនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ មានទម្ងន់១៣៩គីឡូក្រាម ។ ត្រីបបែលទី៣  បានរកឃើញនៅថ្ងៃទៅ២២ ខែមិថុនា ឆ្នាំ២០២២ មានទម្ងន់១៤៣ គីឡូក្រាម និងលើកទី៤ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ មានទម្ងន់ ២៩៣គីឡូក្រាម។


ត្រីបបែលលើកទីពីរ ឃើញនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។ រូបភាព៖ លោក ឈុត ឈាណា

ត្រីបបែលទាំងបួនក្បាលខាងលើនេះ មានចំនួនបីក្បាលត្រូវបានលែងចូលទៅក្នុងទន្លេ ឱ្យវិលរកជម្រកសុវត្ថិភាព។ ចំណែកឯ ១ក្បាលទៀត ដែលឃើញលើកទី១ ត្រូវបានងាប់ និងត្រូវបានយកទៅធ្វើសំណាក ដើម្បីតាំងបង្ហាញឱ្យសិស្សានុសិស្ស និងសាធារណជនស្វែងយល់បន្ថែម នៅក្នុងមន្ទីរពិសោធនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប។ 

អ្នកស្រី ជា សីលា ជាអ្នកគ្រប់គ្រង និងសម្របសម្រួលគម្រោងអច្ឆរិយភាពទន្លេមេគង្គប្រាប់សារព័ត៌មានថ្មីៗ២៥ថា ត្រីបបែលទាំងបួនក្បាលដែលត្រូវអ្នកនេសាទប្រទះឃើញ មានទំហំ និងប្រវែងដងខ្លួនខុសគ្នាទាំងអស់ ហើយត្រីឃើញលើកទី៤នេះមានទំហំធំជាង ត្រីបីពីមុន។ អ្នកស្រីបានបញ្ជាក់ដូច្នេះ៖ «ត្រីលើកទីមួយបានងាប់។ ត្រីទីពីរ ដោយសារបន្ទាន់ពេលនៅពេលលែងទៅវិញ យើងមិនបានដាក់កំណត់ចំណាំអ្វីទេ។ ចំណែកឯត្រីទី៣ យើងបានដាក់ស្លាក ដើម្បីចំណាំ។ រីឯត្រីទី៤វិញ ក្រុមការងារបានដាក់បន្ទះ «ឈីប» ដើម្បីតាមដានការចរាចរណ៍របស់វា»។

ត្រីបបែលទី៣  បានរកឃើញនៅថ្ងៃទៅ២២ ខែមិថុនា ឆ្នាំ២០២២។ រូបភាព៖ លោក ឈុត ឈាណា

សូមបញ្ជាក់ថា ត្រីបបែលធំប្រភេទ នេះអាចនឹងត្រូវបានប្រទះឃើញយូរមកហើយ ប៉ុន្ដែមិនទាន់មានការផ្សាយឱ្យទំលំទូលាយ។ មួយវិញទៀត អាចដោយសារពីមុនប្រជាពលរដ្ឋនៅក្នុងតំបន់នោះមិនទាន់បានស្វែងយល់ពីតម្លៃរបស់វានៅក្នុងធម្មជាតិទើបមិនទាន់បានការពារ និងអភិរក្សដូចពេលបច្ចុប្បន្ន។ សកម្មភាពរកឃើញ នឹងត្រូវបានដោះលែងទៅទីសុវត្ថិភាពនេះ មានការចូលរួមយ៉ាងសកម្មពីគម្រោងរបស់អច្ឆរិយភាពទន្លេមេគង្គដែលមានជំនួយពីសហរដ្ឋអាម៉េរិក។

ត្រីរាជ ត្រីគល់រាំង និងត្រីបបែលយក្ស ត្រូវបានគេចាតទុកជា ប្រភេទត្រីទឹកសាបមានទំហំធំជាងគេបំផុតនៅកម្ពុជា។ ត្រីបបែលយក្ស មានឈ្មោះវិទ្យាសាស្រ្ត (Urogymnus polylepis) និងឈ្មោះជាភាសាអង់គ្លេស Giant freshwater whipray។ វាអាចធំលូតលាស់ដល់ប្រវែងទទឹងដងខ្លួន ២៤០សង់ទីម៉ែត្រ និងទម្ងន់រហូតដល់ ៦០០គីឡូក្រាម។ ត្រីបបែលយក្សនេះ អាចមានប្រវែងរហូតដល់ជាង៥ម៉ែត្រ បើគិតរួមទាំងកន្ទុយវា។ ត្រីបបែល ក៏ជាត្រីមួយនៅក្នុងចំណោមត្រីមានទំហំធំបំផុតនៅលើផែនដីផងដែរ។

បច្ចុប្បន្នត្រីបបែលយក្សប្រភេទនេះ ស្ថិតនៅក្នុងចំណាត់ថ្នាក់ជាប្រភេទត្រីបបែល «កំពុងរងគ្រោះថ្នាក់ជិតផុតពូជ Endangered (EN)» ក្នុងបញ្ជីក្រហម របស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ IUCN Red List៕
 
 

ព័ត៌មានទាក់ទង