កោះស្ដេច ជាកោះពេញនិយមសម្រាប់ជិះទូកស្ទូចត្រី និងមើលផ្កាថ្ម

06/08/2022 10:00 am កោះកុង

ដោយ៖ ជឿន ស្រីណយ

កោះកុង៖  បើនិយាយពីកោះស្ដេចទេសចរមួយចំនួនពិតជាធ្លាប់បានឮ ឬធ្លាប់បានទៅកម្សាន្តនៅទីប្រជុំកោះមួយនេះ។ សម្រាប់ភ្ញៀវទេសចរមិនធ្លាប់បានទៅកម្សាន្តគួរសាកល្បង ចំណាយពេល ២យប់៣ថ្ងៃដើម្បីដកស្រង់បទពិសោធថ្មីនៅទីនោះ។ កោះស្ដេចជាទីប្រជុំកោះ ដែលមានកោះតូចៗដូចជាកោះរីករាយ កោះស្មាច់ និងកោះខ្មោច។ ទេសចរអាចមុជទឹកមើលផ្កាថ្ម ស្ទូចត្រី មើលសកម្មភាពការនេសាទរបស់ប្រជាជននៅទីនោះ។



ទេសចរ គួរចំណាយពេលយ៉ាងហោចណាស់ ២យប់ ៣ថ្ងៃដើម្បីទៅកម្សាន្តនៅកោះស្ដេច។ ថ្ងៃដំបូងលោក-អ្នកគួរធ្វើដំណើរពីភ្នំពេញនៅម៉ោងប្រមាណ ៨ព្រឹក ព្រោះលោកអ្នកត្រូវចំណាយពេលធ្វើដំណើរប្រហែល ៤ទៅ៥ ម៉ោងនៅតាមបណ្ដោយផ្លូវជាតិលេខ៤។ ទេសចរដែលកក់សំបុត្រឡាន គួរជ្រើសរើសសំបុត្រឡានពីភ្នំពេញ ទៅដល់កោះស្ដេច។ បើសិន លោក-អ្នក ទិញសំបុត្រឡានពីភ្នំពេញ ទៅកោះកុង នោះលោក-អ្នកនឹងត្រូវឈប់នៅរង្វង់មូល សាយ ពូថង រួចត្រូវរកឡានបន្តដំណើរ ទៅកោះស្ដេច ប្រមាណ ៣០គីឡូម៉ែត្រទៀត។ 

ពេលទៅដល់កំពង់ផែកោះស្ដេច អ្នកទេសចរត្រូវជិះទូកប្រមាណ ១៥នាទី ទើបទៅដល់ភូមិកោះស្ដេច។ ពេលទៅដល់ទីនោះ ទេសចរ នឹងបានឃើញភូមិនេសាទមួយ ដែលមានទូកធំៗសម្រាប់នេសាទជាច្រើននៅតាមសមុទ្រ ក្បែរនឹងផ្ទះលើទឹករបស់ប្រជាជនទីនោះ។ ពីមុនប្រជាជននៅទីនោះមិនបានទទួលទេសចរនោះទេ ដោយភាគច្រើនពួកគេប្រកបរបរនេសាទ ក្នុងសមុទ្រដើម្បីយកទិន្នផលទាំងនោះសម្រាប់លក់ទៅរាជធានីភ្នំពេញ បណ្ដាខេត្តផ្សេងៗ ព្រមទាំងប្រទេសថៃ។ 

នាល្ងាចម៉ោងប្រមាណ ៥ លោកអ្នកនឹងឃើញប្រជាជននៅក្នុងភូមិកំពុងដោះសំរាម ចេញពីមងរបស់គេ សម្រាប់យកទៅនេសាទនៅពេលយប់ ឬថ្ងៃស្អែកបន្តទៀត។ ទេសចរក៏អាចទិញគ្រឿងសមុទ្រស្រស់ៗពីប្រជាជនដែលទើបមកពីនេសាទថ្មីៗ សម្រាប់អាំងបរិភោគនៅពេលល្ងាច ជាមួយគ្រួសារឬមិត្តភ័ក្ត្រផងដែរ។

ថ្ងៃបន្ទាប់ទេសចរគួរជួលទូកសម្រាប់ដើរកម្សាន្តនៅតាមកោះតូចៗក្បែរនោះ។ អ្នកបើកទូក នឹងនាំលោកអ្នកនៅស្ទូចត្រី នៅកន្លែងសម្បូរត្រីសមុទ្រជាច្រើនប្រភេទ។ សម្រាប់អ្នកមិនធ្លាប់ស្ទូចត្រីពីមុន មិនបាច់បារម្ភនោះទេ ព្រោះអ្នកបើកទូកនឹងបង្រៀនលោក-អ្នកពីវិធីខ្លះនៃការស្ទូចត្រី។ លោកអ្នកចំណាយពេលប្រហែល ២ម៉ោង សម្រាប់កម្សាន្តដោយការស្ទូចត្រី រួចអាំងត្រីទាំងនោះបរិភោគជាអាហារថ្ងៃត្រង់នៅលើទូកតែម្ដង។

បន្ទាប់មកអ្នកបើកទូក នឹងនាំលោកអ្នកទៅងូតទឹកសមុទ្រដែលថ្លា មើលឃើញបាតខ្សាច់ សមុទ្រ។ លោក អ្នក ក៏អាចប្រាប់អ្នកបើកទូកបាន បើសិនជាចង់ទៅងូតទឹកសមុទ្រនៅឆ្នេរខ្សាច់ ឬនៅកន្លែងដែលមានភាពស្ងប់ស្ងាត់ជាលក្ខណៈឯកជនភាព។ 

បន្ទាប់ពីលេងទឹកសមុទ្ររួច ទេសចរនឹងទទួលបានបទពិសោធថ្មីមួយទៀតគឺមុជទឹកមើលផ្កាថ្ម។  នៅបាតសមុទ្រដែលមានផ្កាថ្មជាច្រើន មានរូបរាងប្លែកៗទៅតាមប្រភេទរបស់វា។ លើសពីនេះលោក អ្នកនឹងបានឃើញ ត្រីតូចៗជាច្រើនកំពុងហែលប្រលែងលេងជាមួយផ្កាថ្មទាំងនោះ ប្រៀបដូចមេអំបៅ កំពុងហើរលែងជាមួយផ្កានៅលើដីគោកដូច្នេះដែរ។ ការមុជទឹកមើលផ្កាថ្ម ជាសកម្មភាពមួយដែលលោក អ្នកមិនគួររំលងនោះទេ។ ថ្ងៃទី២បានបញ្ចប់ នាព្រឹកថ្ងៃទី៣ អ្នកទេសចរអាចដើរកម្សាន្ត និងថតរូប នៅតាមរីសតថ្មីៗ នៅក្នុងភូមិកោះស្ដេច។ លោក អ្នក អាចចេញដំណើរ ទៅភ្នំពេញវិញនៅម៉ោងប្រហែល ២ឬ៣រសៀល។

សូមជម្រាបថា កោះស្ដេច ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។ ទេសចរមានបំណងទៅកម្សាន្តនៅកោះស្ដេច គួរកក់កន្លែងស្នាក់នៅយ៉ាងហោចណាស់ ១សប្តាហ៍មុនទៅកម្សាន្ត។ សម្រាប់កន្លែងស្នាក់នៅអាចមានតម្លៃចាប់ពី ១០ម៉ឺនរៀលឡើងទៅ។ ចំណែកតម្លៃទូកសម្រាប់ដើរកម្សាន្តតាមកោះ មានតម្លៃជាង ៤០ម៉ឺនរៀលក្នុងមួយថ្ងៃ៕










 

ព័ត៌មានទាក់ទង