១៦ឆ្នាំចុងក្រោយ កម្ពុជារកឃើញសត្វក្ដាន់ជិតផុតពូជលើពិភពលោក៨៤ក្បាល

ដោយ៖ ឈុំ ចន្ថា
ក្រចេះ៖ សត្វក្ដាន់ ដែលត្រូវបានអ្នកវិទ្យាសាស្រ្ត ប៉ាន់ស្មានថាផុតពូជពីប្រទេសកម្ពុជាក្នុងអំឡុងឆ្នាំ១៩៩៦ បានបង្ហាញវត្តមានឡើងវិញនៅតំបន់ព្រៃលិចទឹកទន្លេមេគង្គ។ ចាប់ពីឆ្នាំ២០០៦មក ក្រុមអ្នកស្រាវជ្រាវរបស់អង្គការ WWF បានកំណត់សម្គាល់សត្វក្ដាន់ចំនួន៨៤ក្បាល ដែលកំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ ខេត្តក្រចេះ។

បច្ចុប្បន្ន សត្វក្ដាន់វ័យជំទង់ជាច្រើន បានបង្ហាញសញ្ញាណវិជ្ជមានពីការបន្តពូជ ដែលជាក្ដីសង្ឃឹមនៃការរស់រាន់ឡើងវិញនៃប្រភេទសត្វក្ដាន់កម្រជិតផុតពូជក្នុងបញ្ជីក្រហមរបស់ IUCN។
នៅក្នុងពិធីប្រកាសឱ្យប្រើប្រាស់របាយការណ៍ស្រាវជ្រាវឆ្នាំ២០២២ ស្តីពីស្ថានភាព និងរបាយសត្វក្តាន់ ក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វនៃតំបន់ទេសភាពព្រៃលិចទឹកមេគង្គក្នុងខេត្តក្រចេះ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា នៅឆ្នាំ២០០៦ សត្វក្ដាន់ ត្រូវបានប្រទះឃើញលើកដំបូងចំនួន៥០ក្បាល តាមរយៈការដាក់ម៉ាស៊ីថតស្វ័យប្រវត្តិនៅតំបន់ការពារធម្មជាតិព្រែកប្រសព្វ។
បន្ទាប់មក នៅឆ្នាំ២០១៨ ព្រែកប្រសព្វ ត្រូវបានចាត់ទុកជាទីតាំងអភិរក្សសត្វព្រៃដ៏មានសក្ដានុពលមួយរបស់កម្ពុជា ដែលធ្វើឱ្យចំនួនសត្វក្ដាន់កើនឡើងដល់៨៤ក្បាល ក្នុងរង្វង់ផ្ទៃដី ២គីឡូម៉ែត្រការ៉េ នៃតំបន់ការពារសរុប១២៧៧០ហិកតា។
ព្រែកប្រសព្វ នៅសល់ផ្ទៃដីជាច្រើនហិកតាទៀតដែលក្រុមអ្នកជំនាញពុំទាន់ស្រាវជ្រាវ។ ដូច្នេះ លោក នេត្រ ភក្រ្តា សន្និដ្ឋានថា សត្វក្ដាន់ នឹងវត្តមានថែមទៀត នៅតាមតំបន់ព្រែកប្រសព្វ និងតំបន់ជុំវិញ។ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បញ្ជាក់ដូច្នេះថា៖«ក្រោយរៀបចំឱ្យមានការអភិរក្ស ដែលមានមន្រ្តីឧទ្យានុរក្ស និងប្រជាសហគមន៍ បានចូលរួមការពារ ក្រោមការគាំទ្របច្ចេកទេស និងថវិកាដោយអង្គការ WWF គឺយើងឃើញថា ចំនួនសត្វក្ដាន់ ដែលធ្វើការសិក្សាក្នុងតំបន់ព្រែកប្រសព្វនេះ ត្រឹមតែ២គីឡូម៉ែត្រការ៉េតែប៉ុណ្ណោះ យើងរកឃើញសត្វក្ដាន់រហូត៨៤ក្បាល។ អ៊ីចឹង យើងជឿជាក់ថា វត្តមានសត្វក្ដាន់អាចមានរាយប៉ាយនៅតំបន់ផ្សេងៗទៀតក្នុងផ្ទៃ១២៧៧០ហិកតានេះ»។
ទោះជាយ៉ាងណា សត្វក្ដាន់ នៅតែប្រឈមនឹងកត្តាគំរាមកំហែងមួយចំនួនដូចជា ការដាក់អន្ទាក់ និងការបរបាញ់ពីមនុស្ស ខណៈក្រសួងបរិស្ថាន និងអង្គការដៃគូពង្រឹងវិធានការការពារ ពិសេសលុបបំបាត់ការដក់អន្ទាក់ និងជួញដូរសត្វព្រៃល្មើសច្បាប់។ លោក នេត្រ ភក្រ្តា បានអំពាវនាវឱ្យពលរដ្ឋ បញ្ឈប់ការដាក់អន្ទាក់សត្វ ការជួញដូរ ហូបសាច់សត្វព្រៃ និងបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទន្ទ្រានយកដីព្រៃ ដែលធ្វើឱ្យប៉ះពាល់ដល់ជម្រកសត្វក្ដាន់ និងសត្វព្រៃផ្សេងទៀត។
នាយកអង្គការ WWF លោក សេង ទៀក បានលើកឡើងដែរថា ក្ដាន់ជាប្រភេទសត្វកម្រ ហើយនៅតំបន់អាស៊ីអាគ្នេយ៍មានតែកម្ពុជា និងថៃប៉ុណ្ណោះ ដែលមានវត្តមានសត្វក្ដាន់ទាំងនេះរស់នៅ។ ស្របពេល ឡាវ វៀតណាម និងមីយ៉ានម៉ា បានផុតពូជអស់ហើយ។ នាយកអង្គការ WWF ពន្យល់ថា តំបន់ព្រែកប្រសព្វមានលក្ខណៈពិសេសជាងគេ ដែលអាចឱ្យសត្វក្ដាន់រស់រាន់ឡើងវិញ។ នៅទីនោះ ជាតំបន់ព្រៃលិចទឹក ដែលមានប្រភេទដីសើម ស្មៅក្រាសខ្ពស់ៗ និងព្រៃរបោះ។ ថ្វីបើ សត្វក្ដាន់ចូលចិត្តរស់នៅតំបន់នេះ ប៉ុន្តែ ក៏ប្រឈមនឹងកត្តាគំរាមកំហែងមួយចំនួនដូចជា ការដាក់អន្ទាក់ ការទន្ទ្រានយកដីធ្វើកសិកម្ម និងការកាប់បំផ្លាញព្រៃឈើជាដើម។
លោក អៀម សំអ៊ន់ ប្រធានផ្នែកស្រាវជ្រាវ និងតាមដានជីវៈចម្រុះនៃតំបន់ទេសភាពមេគង្គនៃអង្គការ WWF បានឱ្យដឹងថា ការសិក្សាស្រាវជ្រាវរកវត្តមានសត្វក្ដាន់នេះ ត្រូវបានធ្វើឡើងដោយភាពម៉ត់ចត់ តាមរយៈការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិជាប់ដើមឈើ និងការបង្ហោះដ្រូន(Drone) ចាប់រូបភាព និងរាប់ចំនួនសត្វពីលើអាកាស។ ការសិក្សារយៈពេល២ឆ្នាំ គឺចាប់ពី២០១៨ ដល់២០២០ រកឃើញថា ក្នុងរយៈចម្ងាយ១គីឡូម៉ែត្រការ៉េមានសត្វក្ដាន់រស់នៅចំនួន៤២ក្បាល។
សូមបញ្ជាក់ថា ខេត្តក្រចេះ មានដែនជម្រកចំនួន៥ ដែលមានផ្ទៃដីសរុប៤៤០០០ហិកតា។ ក្នុងនោះ ដែនជម្រកសត្វព្រៃព្រែកប្រសព្វ មានផ្ទៃដី ១២៧៧០ហិកតា ដែលមានសត្វព្រៃ និងជីវៈចម្រុះរស់នៅជាច្រើន។ ដែនជម្រកនេះ មានមន្រ្តីឧទ្យានុរក្ស ៣នាក់ មន្រ្តីជំនាញនៃអង្គការ WWF ចំនួន២នាក់ និងសត្តរក្ស សហគមន៍ជាច្រើននាក់ទៀត។
យោងតាមមន្ទីរបរិស្ថានខេត្តក្រចេះ រយៈពេល ៦ខែចុងក្រោយនេះ អាជ្ញាធរ និងអង្គការ WWF ឃាត់ខ្លួនជនល្មើសម្នាក់ បង្រ្កាបបានរណាយន្ត ១០គ្រឿង អន្ទាក់បានជាង១ពាន់ម៉ែត្រ និងបទល្មើសកាប់ទន្ទ្រានដីព្រៃបានចំនួន១១ករណី៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

