ក្រុមហ៊ុន៤ បោះទុនសរុបជិត ២៤លានដុល្លារ បង្កើតរោងចក្រនៅកម្ពុជា 

15/06/2022 9:00 am កំពង់ស្ពឺ

ដោយ ៖ ធន់ សេងហុង 

ក្រុមហ៊ុនចំនួន៤ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ផ្តល់វិញ្ញាបនបត្រក្នុងការបង្កើតរោងចក្រកាត់ដេរ និងផលិតសម្ភារនានានៅកម្ពុជា។ ក្រុមហ៊ុនទាំងនោះ មានទុនវិនិយោគសរុបជិត២៤លានដុល្លារ និងអាចបង្កើតការងារជាង២ ៣០០កន្លែង។ នេះបើតាមការចុះផ្សាយរបស់ CDC ថ្ងៃទី១៤ ខែមិថុនានេះ។

  

បើតាម CDC ក្រុមហ៊ុន GOLDEN SUN FASHION APPAREL CO., LTD គ្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាមួយនឹងនឹងទុនវិនិយោគប្រមាណ៥លានដុល្លារ។ រោងចក្រនេះ អាចបង្កើតការងារដល់ពលរដ្ឋបានចំនួន ៩២៦កន្លែង។

CDC ក៏បានអនុម័តឱ្យក្រុមហ៊ុន AMTO CHEMICAL TECHNOLOGY CO., LTD ដែលមានទុនវិនិយោគចំនួន ១,៧លានដុល្លារ បង្កើតរោងចក្រផលិតកាវ ថ្នាំលាប ទឹកថ្នាំ នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុដែរ។ ក្រុមហ៊ុននេះ អាចបង្កើតការងារដល់ពលរដ្ឋ បានប្រមាណ ១៥០នាក់។ 

ក្រុមហ៊ុន Kai Feng Wood Products (Cambodia) Co., Ltd ក៏ត្រូវបាន CDC យល់ព្រមឱ្យបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តាបន្ទះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុដែរ ជាមួយនឹងទុនវិនិយោគចំនួន ៦,៦លានដុល្លារ។ ក្រុមហ៊ុននេះ នឹងបង្កើតការងារដល់ពលរដ្ឋបានចំនួនប្រមាណ ៣០០នាក់។

ក្រុមហ៊ុនមួយទៀតឈ្មោះ MEI AN LEATHERWARE (CAMBODIA) COMPANY LIMITED ក៏អាចបង្កើតរោងចក្រផលិតកាបូប នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានដែរ ក្រោយការអនុម័តពី CDC។ ក្រុមហ៊ុននេះ មានទុនវិនិយោគចំនួន ១០,៥លានដុល្លារ និងអាចផ្តល់ការងារដល់ពលរដ្ឋ ប្រមាណ ១ ០០០ នាក់៕

 

ព័ត៌មានទាក់ទង