អ្នកនេសាទតាមដងទន្លេមេគង្គលើ៖ ផលនេសាទ កាន់តែថយចុះពីមួយឆ្នាំទៅមួយឆ្នាំ

29/10/2022 11:00 am ស្ទឹងត្រែង

ដោយ៖ ស៊ុល រ៉វី 

ស្ទឹងត្រែង៖ អ្នកនេសាទមួយចំនួន រស់នៅតាមដងទន្លេមេគង្គលើ ខេត្តស្ទឹងត្រែង ព្រួយបារម្ភពីការថយចុះផលនេសាទពីមួយឆ្នាំទៅមួយឆ្នាំ។ ពួកគេយល់ឃើញថា ការថយចុះត្រីនេះ បណ្ដាលមកពីការនេសាទខុសច្បាប់ និងបម្រែបម្រួលអាកាសធាតុ និងការសាងសង់ទំនប់វារីអគ្គិសនី។


 
ដងទន្លេមេគង្គលើ ភូមិសាស្រ្តខេត្តស្ទឹងត្រែង ត្រូវបានគេចាត់ទុកជា ជាជម្រកនៃមច្ឆជាតិដ៏មានសក្ដានុពលខ្លាំង និងជាទីតាំងដ៏សំខាន់ សម្រាប់ការបន្តពូជរបស់ត្រីកម្រជាច្រើនប្រភេទ ។ ប៉ុន្តែបម្រែបម្រួលអាកាសធាតុ ការនេសាទខុសច្បាប់ ការកាប់បំផ្លាញព្រៃលិចទឹក លំហូរទឹកទន្លេទាប ការស្ថាបនាទំនប់វារីអគ្គិសនី ការបំពុលទឹក និងកត្តារួមផ្សំផ្សេងទៀត កំពុងគំរាមកំហែង ដល់ពពួកត្រី ក្នុងទន្លេមេគង្គនេះ។ 

បញ្ហានានាដែលកំពុងជះឥទ្ធិពល ទៅលើជលផលទឹកសាបទន្លេមេគង្គទាំងនោះ បានធ្វើឱ្យប៉ះពាល់ដល់ការនេសាទ របស់ពលរដ្ឋ ដែលកំពុងអាស្រ័យផល។ អ្នកនេសាទភាគច្រើន ត្អូញត្អែរថា ត្រីនៅក្នុងទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង ធ្លាក់ចុះខ្លាំង ក្នុងរយៈពេលចុងក្រោយនេះ ដែលប៉ះពាល់ដល់ការរស់នៅរបស់ពួកគេ។ 

លោក សាន ម៉ៅ​ ជាពលរដ្ឋរស់នៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងមានរបរជានេសាទត្រី ធ្វើស្រែចម្ការ និងដឹកភ្ញៀវទេសចរ ក្នុងសហគមន៍អេកូទេសចរណ៍បូរីអូរស្វាយ។ ដូចអ្នកស្រុកទន្លេឯទៀតដែរ លោកបានចាប់ផ្ដើមការនេសាទត្រី ជាលក្ខណៈគ្រួសារនេះ តាំងពីក្មេងៗមកម្ល៉េះ។ បុរសសម្បុរស្រអែមរូបនេះ ប្រាប់សារព័ត៌មានថ្មីៗ២៥ថា បច្ចុប្បន្នការនេសាទត្រី រកមិនសូវបានទេ ខណៈថ្ងៃខ្លះរកមិនបានសោះក៏មាន។ 


លោក សៅ ម៉ៅ អ្នកនេសាទត្រី ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ស្ថិតនៅលើកោះទន្សាយ នៃសហគមន៍អេកូទេសចរណ៍បូរីអូរស្វាយ ប្រជានេសាទរូបនេះ ប្រៀបធៀបទិន្នផលនេសាទ ពីមុននិងបច្ចុប្បន្នដូច្នេះ ៖ «១០ ឬ២០ឆ្នាំមុន ត្រីសម្បូរ និងរកហូបប្រចាំថ្ងៃមិនខ្វះ និងបានដោះស្រាយជីវភាពគ្រួសារ បន្ទាប់បន្សំ។ ប៉ុន្តែ១០ឆ្នាំមកមុខនេះពិបាក»។
 
លោកបន្ថែមថា​ កាលពីប្រមាណ១០​ឬ២០ឆ្នាំមុន មួយថ្ងៃអាចរកត្រីបាន១០គីឡូក្រាម ទៅ ២០គីឡូក្រាម ក្នុងរដូវត្រីឡើង ខណៈបច្ចុប្បន្នរដូវត្រីឡើង រកមិនបាន៣គីឡូក្រាមនោះឡើយ​។ 
ស្ថានភាពទឹកទន្លេឡើងចុះមិនប្រក្រតី ជាមូលហេតុដែលកំពុងគំរាមកំហែងដល់ផលនេ​   សាទ​។ នេះជាការលើកឡើង របស់ លោក សាន ម៉ៅ ដោយបន្ថែមថា៖ «១០ឆ្នាំចុងក្រោយនេះពិបាក ដោយសារទឹកវាមិននឹងនរ បម្រែបម្រួលទឹក បម្រែបម្រួលអាកាសធាតុ ស្រកចុះឡើងដោយអត់មានរដូវ។ ដូច្នេះការនេសាទត្រីគឺមិនបានដូចកាលពី១០ឆ្នាំមុនទេ»។ 

ក្រៅពីបញ្ហាបម្រែបម្រួលទឹកមិនទៀងទាត់ ដែលប៉ះពាល់ដល់ជម្រកត្រី និងការពងកូន លោក សៅ ម៉ៅ យល់ឃើញថា ការនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងការនេសាទនៅរដូវហាមឃាត់ ក៏ជាកម្លាំងចលករមួយទៀត ដែលធ្វើឱ្យត្រីហិនហោចផងដែរ។ អ្នកនេសាទរូបនេះ ក៏បង្ហាញពីក្ដីកង្វល់របស់ខ្លួនផងដែរ​ ជុំវិញស្ថានភាពត្រីនៅទន្លេមេគង្គនៅពេលបច្ចុប្បន្ននេះ។
 
មិនខុសពីការលើកឡើងរបស់ លោក សៅ ម៉ៅ ឡើយ អ្នកនេសាទមួយរូបទៀត លោក វ៉ាត សំណាង ក៏ត្អូញត្អែរពីការនេសាទធ្លាក់ចុះ បណ្ដាលមកពីបម្រែបម្រួលទឹកទន្លេមិនទៀតទាត់នេះដែរ។ 

លោក វ៉ាត សំណាង​​ ជាអ្នកនេសាទមួយរូប រស់នៅឃុំកោះស្នែង និងជាអ្នកដឹកភ្ញៀវទេសចរ ក្នុងសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន។ ​អ្នកស្រុកទន្លេ​ដែលចេះនេសាទតាំងពីអាយុជាង១០ឆ្នាំ លោក សំណាង ថាបច្ចុប្បន្នខ្សត់ត្រីណាស់ ហើយជួនកាលគ្មានរកត្រីបានសោះក៏មាន។ 

បុរសវ័យ៤២ឆ្នាំរូបនេះ លើកឡើងដូច្នេះ៖ «ការរកត្រីឥឡូវ និងពីមុនខុសគ្នាឆ្ងាយណាស់។ ដាក់មងមួយក្បាល ពីរក្បាលអីទៅ មិនបាន១គីឡូ ២គីឡូផងហ្នឹង។ វាខ្សត់មែនទែន! ជួនកាលមិនរួចថ្លៃប្រេងផងហ្នឹង ហើយជួនកាលអត់ក៏មានដែរ»។ អ្នកភូមិកោះស្នែងរូបនេះ ក៏មិនដឹងពីមូលហេតុដែលធ្វើឱ្យត្រីខ្សត់ដូចបច្ចុប្បន្ននោះដែរ។ 

សម្រាប់លោក សំណាង ដែលជាអ្នកស្រុកទន្លេ រស់នៅអាស្រ័យត្រីពីទន្លេរូបនេះ មានការព្រួយបារម្ភជុំវិញបញ្ហាខ្សត់ត្រីនេះជាខ្លាំង។ តែលោកក៏គ្មានដំណោះស្រាយអ្វីឡើយ បានត្រឹមតែនេសាទតាមតែទម្លាប់ តែប៉ុណ្ណោះ។ 


លោក វ៉ាត សំណាង អ្នកនេសាទ ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ការកសាងទំនប់វារីអគ្គិសនី ក៏ជាកត្តាមួយដែលធ្វើឱ្យទិន្នផលត្រីធ្លាក់ចុះដែរ ខណៈការនេសាទខុសច្បាប់ មិនមែនជាបញ្ហាចោទធំដុំឡើយ ព្រោះការបង្កើតសហគមន៍ទេសចរនៅក្នុងតំបន់នេះ។ នេះជាការយល់ឃើញរបស់ អ្នកស្រី ប៊ុន សំផាន ប្រធានសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន​។ សម្រាប់ស្ត្រីវ័យ៥២ឆ្នាំរូបនេះ ស្ថានភាពទឹកឡើងចុះមិនទៀតទាត់នេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ផលនេសាទនោះទេ តែការដាំដំណាំរបស់ពលរដ្ឋក្នុងសហគមន៍ក៏បានរងគ្រោះដែរ។

«ការកសាងទំនប់វារី​អគ្គិសនីធ្វើឱ្យខ្សត់ត្រី។ មីងគិតថាអ៊ីចឹង ព្រោះពីមុនមកមិនដែលអត់ត្រី ដោយសារតែទឹកឡើងស្រក់ៗអត់ទៀង។ ការបង្កើតទំនប់វារីអគ្គីសនី ក៏ជាផ្នែកមួយ ដែលធ្វើឱ្យដើមឈើតាមទន្លេដួលងាប់ជាបណ្ដើរៗ ដោយសារទឹកឡើងចុះនេះ ដែលប៉ះពាល់ដល់ទីជម្រក និងពងកូន របស់ហ្វូងត្រីទាំងនោះ»។ ​
 
មិនខុសពីការលើកឡើងរបស់ អ្នកស្រី សំផាន ឡើយ លោក ហេង គង់ ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផល នៃរដ្ឋបាលជលផល ក៏មើលឃើញពីបញ្ហាទិន្នផលនេសាទទឹកសាបនេះ​ធ្លាក់ចុះដែរ។ លោកអះអាងដូច្នេះ៖«ខ្ញុំបានធ្វើបច្ចុប្បន្នភាពរួចហើយ នៃការរៀបចំផែនការតំបន់រ៉ាមសារ (Ramsar Sites) យើងសម្ភាសជាមួយប្រជានេសាទ ក្នុងតំបន់ Ramsar Sites ៧ ឬ៨សហគមន៍នោះមក មតិជាទូទៅពលរដ្ឋ គិតថាត្រីធ្លាក់ចុះហើយ។ ពួកគាត់គិតថា វាដូររបបទឹក ដោយសារទំនប់វារីអគ្គិសនី និងធ្វើ ឱ្យក្បាលកោះមួយចំនួនបាក់»។ 


អ្នកស្រី ប៊ុន សំផាន ប្រធានសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន។

បញ្ហានេសាទខុសច្បាប់នៅតែមាន បណ្ដាលមកពីកត្តាភូមិសាស្ត្រក្នុងតំបន់នេះ មានភាពស្មុគស្មាញ ខណៈកម្លាំងមន្ត្រីខណ្ឌជល់ផលមានតិច។ លោក ហេង គង់ លើកឡើងទៀតថា បញ្ហាទាំងអស់នេះ គឺត្រូវការកិច្ចសហប្រតិបត្តិការពីអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីដោះស្រាយបញ្ហានេះ។ 
ជាមួយគ្នានេះ ការកសាងទំនប់វារីអគ្គិសនី ក៏ជាបញ្ហាចម្បងមួយទៀតផងដែរ ដែលកំពុងគំរាមកំហែង ដល់ជីវៈចម្រុះ នៅទន្លេមេគង្គ។ ជុំវិញបញ្ហានេះ លោក ហេង គង់ ពន្យល់បន្ថែមដូច្នេះ៖ «បញ្ហាចម្បងមួយទៀតនៅខាងស្ទឹងត្រែង គឺទំនប់វារីអគ្គិសនីតែម្ដង។ ចាប់ពី(ទំនប់វាររីអគ្គិសនី)ដនសាហុង (Don Sahong) គាត់ operationមក គឺធ្វើឱ្យមានការប្រែប្រួលរបបទឹក​ នៅតំបន់រ៉ាមសារ ប្រទេសកម្ពុជា »។ 

នៅតំបន់រ៉ាមសារ ប្រទេសកម្ពុជា ជាតំបន់អន្លង់ជ្រៅៗ សម្រាប់មេពូជត្រីពងកូន នៅរដូវពងកូន។ ប៉ុន្តែទំនប់វារីអគ្គិសនី បានធ្វើឱ្យអន្លង់ជ្រៅៗ ក្លាយជារាក់ តាមរយៈការ​ហូរចាក់ បាននាំយកនូវខ្សាច់មកក្នុងអន្លង់នោះ ដែលធ្វើឱ្យប៉ះពាល់ នៅរដូវពងកូនត្រីទាំងនោះ។ នេះជាការអះអាងរបស់ លោក ហេង គង់។

យោងតាមទិន្នន័យរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជលផលនេសាទទឹកសាបឆ្នាំ២០២១ មានជាង៣៨ម៉ឺនតោន ធ្លាក់ចុះជាង៣០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលទិន្នផលជលផលមានជាង ៤១ម៉ឺនតោន។ ចំពោះប្រតិបត្តិការបង្ក្រាបបទល្មើសទឹកសាបក្នុងឆ្នាំ២០២១វិញ មានចំនួន២ ៩៥១ករណី ​កើនឡើង២៨ករណី ​​ធៀបករណីបង្ក្រាបនៅឆ្នាំ២០២០ ដែល​មានចំនួន២ ៩២៣ករណី៕








 

ព័ត៌មានទាក់ទង