ភ្លៀងច្រើន ធ្វើឱ្យប៉ះពាល់ដល់ការផលិតស្ករត្នោតកំពង់ស្ពឺ ខណៈទីផ្សារកើនឡើង

07/06/2022 11:00 am កំពង់ស្ពឺ

ដោយ៖ ឈុំ ចន្ថា 

ភ្នំពេញ៖ ការប្រែប្រួលអាកាសធាតុរយៈពេល ៣ខែចុងក្រោយនេះ បានធ្វើឱ្យប៉ះពាល់ដល់ដំណើរការផលិតស្ករត្នោតកំពង់ស្ពឺ ស្របពេលតម្រូវការទីផ្សារនាំចេញទៅក្រៅប្រទេសកើនឡើង។

 

សមាគមស្ករត្នោតកំពង់ស្ពឺ ដាក់គោលដៅផលិតស្ករត្នោតឱ្យបានយ៉ាងហោច ២០០តោននៅឆ្នាំ២០២២។ ប៉ុន្តែ ការផលិតស្ករត្នោតឆ្នាំនេះ មិនទទួលបានលទ្ធផលល្អដូចការរំពឹងទុកឡើយ ដោយសារភ្លៀងធ្លាក់ច្រើនបង្កការរាំងស្ទះដល់ការងារឡើងត្នោតរបស់កសិករ។ សមាគមនេះ សន្និដ្ឋានថា ការផលិតស្ករឆ្នាំនេះ មានចំនួនប្រហាក់ប្រហែលឆ្នាំមុនដែរ គឺចន្លោះពី ១៥០ទៅ១៧០តោន។ 

លោក វី វាសនា ជំនួយការសមាគមស្ករត្នោតកំពង់ស្ពឺ បានលើកឡើងថា ពីមួយឆ្នាំទៅមួយឆ្នាំ តម្រូវការស្ករត្នោតកំពង់ស្ពឺ បានកើនឡើងខ្ពស់។ ជាក់ស្ដែង រយៈពេល ៥ខែឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញស្ករត្នោតចំនួន ៥៧តោនទៅកាន់ប្រទេសចំនួន១៥ នៅលើពិភពលោក។ 

ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ សមាគមស្ករត្នោតកំពង់ស្ពឺ ចង់បង្កើនការផលិតឱ្យបាន ២០០តោននៅឆ្នាំ២០២២។ ប៉ុន្តែ ផែនការនេះ មិនទទួលបានជោគជ័យនោះឡើយ ដោយសារភ្លៀងធ្លាក់ច្រើន ធ្វើឱ្យប៉ះពាល់ដល់ការងារឡើងត្នោតរបស់កសិករ។  

លោក វី វាសនា អះអាងដូច្នេះ៖«បញ្ហាប្រឈមរបស់ពួកយើងឆ្នាំនេះ គឺអាកាសធាតុ។ ឆ្នាំនេះ យើងរំពឹងផលិត បានច្រើនជាងឆ្នាំមុន ប៉ុន្តែភ្លៀងធ្លាក់ច្រើន ចំពេលទឹកត្នោតមានច្រើន។ កាលណាភ្លៀងច្រើន ធ្វើឱ្យកសិករពិបាកឡើងត្នោតណាស់។ អ៊ីចឹង ពួកគាត់ត្រូវចោលការងារហ្នឹង»។ 

បើតាមស្ថានភាពអាកាសធាតុនៅពេលនេះ លោក វី វាស្នា សន្និដ្ឋានថា ឆ្នាំនេះសមាគមអាចផលិតស្ករត្នោតបានយ៉ាងច្រើន ១៧០តោន ដោយថយចុះ ២៥ភាគរយ នៃផែនការឆ្នាំ២០២២។ 

អ្នកស្រី កូ គឿន ផលិតស្ករត្នោតម្នាក់ នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ភ្លៀងធ្លាក់បន្តបន្ទាប់ បានធ្វើឱ្យប៉ះពាល់ដំណើរការផលិតស្ករត្នោត ព្រោះភ្លៀងធ្វើឱ្យរអិល ពិបាកឡើងត្នោត និងខ្វះថ្ងៃហាលស្ករឱ្យស្ងួត។ ទាំងនេះជាមូលហេតុធ្វើឱ្យគ្រួសារអ្នកស្រី និងកសិករផ្សេងទៀត ឡើងត្នោតមិនទៀងទាត់ដូចពីមុនដោយសារខ្លាចមានគ្រោះថ្នាក់។  

ក្នុងមួយឆ្នាំ អ្នកស្រី កូ គឿន អាចផលិតស្ករត្នោតបានប្រមាណ ២តោន ដែលទទួលបានចំណូល ១៤លានរៀល។ ឆ្នាំនេះ អ្នកស្រី មិនរំពឹងទទួលបានទិន្នផលស្ករច្រើនដូចឆ្នាំមុននោះទេ ប្រសិនបើ ភ្លៀងបន្តធ្លាក់ច្រើនថែមទៀត។ 

លោក ស្រី ប្រាប់ដូច្នេះថា៖«ពិបាកតាំងពីហាល ពិបាកតាំងពីឡើងត្នោត ព្រោះភ្លៀងរអិល យើងពិបាកឡើងណាស់។ ឥឡូវ អត់សូវបានឡើងទេ ៣ ទៅ៤ខែនេះឡើងត្នោតមិនទាន់បានស្ករមួយតោនផង អ៊ីចឹង ឆ្នាំនេះថយចុះជាងឆ្នាំមុនដោយសារភ្លៀងពេក»។

ស្ករត្នោតកំពង់ស្ពឺត្រូវ បានរដ្ឋាភិបាលដាក់ជាផលិតសម្គាល់ភូមិសាស្ត្រ (GI) កាលពីឆ្នាំ២០១០ និងនៅឆ្នាំ២០១៩ សហភាពអឺរ៉ុបដាក់ជាទំនិញសម្គាល់ភូមិសាស្ត្រ។ 

សមាគមស្ករត្នោតកំពង់ស្ពឺ មានសមាជិកអចិន្ត្រៃយ៍ ១៥៥គ្រួសារ ដែលអាចផលិតស្ករបានប្រមាណ១៥០ ទៅ១៧០តោនក្នុងមួយឆ្នាំ។ រយៈពេល ៥ខែឆ្នាំ២០២២នេះ កម្ពុជា បាននាំចេញស្ករត្នោត ប្រហែល ៥៧តោន ទៅកាន់១៥ប្រទេស ក្នុងនោះរួមមាន បណ្ដាប្រទេសអាស៊ាន ជប៉ុន ចិន កាណាដា និងមួយផ្នែកធំនាំចេញទៅសហគមអឺរ៉ុប៕ 

 

ព័ត៌មានទាក់ទង